ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ព្រោះគម្រោងដ៏មានសារៈសំខាន់នេះបម្រើឱ្យផលប្រយោជន៍ជាតិទាំងមូលមិនបម្រើឱ្យបុគ្គលនោះទេ។
នេះជាការលើកឡើងពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៨ ខែសីហា ក្នុងពេលលោក និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវវាងកំណាត់ផ្លូវជាតិលេខ ៧៦ (ស្នួលសែនមនោរម្យ) ដែលបានបាក់ស្រុតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកបានលើកឡើងថា៖ «គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងរបស់ជាតិ ហើយបើខ្ញុំមិននៅក៏គម្រោងជាតិដ៏មានសារៈសំខាន់នេះនៅតែបន្តធ្វើដដែល»។
លោក ស៊ុន ចាន់ថុល បានបន្តថា៖ «ការងារនេះមានដំណាក់កាលរបស់វា ទី១ យើងត្រូវតែផ្ញើសេចក្តីជូនដំណឹងទៅគណៈកម្មាធិការជាតិទនេ្លមេគង្គហើយ ដើម្បីគាត់បញ្ជូនឯកសារនេះបន្តទៅគណៈកម្មការទន្លេមេគង្គដើម្បីឱ្យគេដឹងថា កម្ពុជានឹងប្រើដៃទន្លេនេះក្នុងគម្រោងនេះ»។
រដ្ឋមន្ត្រីក្រសួងសាធារណការបានបញ្ជាក់ដែរថា គម្រោងទាំងនេះនៅតែដំណើរការទៅមុខដដែល ទោះបីជាមានការផ្លាស់ប្តូររាជរដ្ឋាភិបាលថ្មីក៏ដោយ ហើយគម្រោងនេះក៏បានអនុម័តរួចរាល់ផងដែរ ដោយរាជរដ្ឋាភិបាលអាណត្តិទី ៦ កាលពីឧសភា ឆ្នាំ ២០២៣ កន្លងមក។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «គម្រោងទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ មាតុភូមិរបស់យើង។ អ៊ីចឹង! ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជំរុញការងារនេះឱ្យបានទៅមុខទៀត ហើយខ្ញុំក៏ជឿជាក់ថា គម្រោងធំៗផ្សេងទៀតនឹងនៅតែដំណើរការទៅមុខ ដោយសារវាមិនមែនជាគម្រោងបុគ្គល តែជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដែលបានចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ដែលមានមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៧ រូប ដោយក្នុងនោះមានប្រធាន ១ រូប អនុប្រធាន ២ រូប សមាជិកអចិន្រៃ្ដយ៍ ១ រូប ហើយក្រៅពីនេះ គឺជាសមាជិកនៃគណៈកម្មការ។
ការបង្កើតគណៈកម្មការអន្តរក្រសួងនេះដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ក្នុងការពិនិត្យនិងផ្តល់យោបល់អំពីនីតិវិធីក្របខ័ណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ចំណែកទាក់ទងនឹងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែង ៤០០ គីឡូម៉ែត្រ បានឈានដល់ការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុនសាងសង់កាលពីខែមិថុនាកន្លងទៅ ដោយគ្រោងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារ៕