បាត់ដំបងៈ តំណាងសហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិតផ្នែកសេវាកម្សាន្ត នៅខេត្តបាត់ដំបង មកពី ៣០ ស្ថាប័ន បានចូលរួមសិក្ខាសាលាទទួលការពង្រឹងសុខុមាលភាព ក្នុងការឆ្លើយតបទៅលើការទប់ស្កាត់ការរាលដាលជំងឺអេដស៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វើការ។
បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ សិក្ខាសាលាកាលពីថ្ងៃទី ១០ ខែសីហា នោះត្រូវបានរៀបចំធ្វើឡើងដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការអន្តរជាតិខាងការងារ។
សិក្ខាសាលានេះ ផ្តោតទៅលើការអនុវត្តប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្តីណែនាំលេខ ០០៨ នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់ម្ចាស់គ្រឹះស្ថាន និងកម្មករនិយោជិតផ្នែកសេវាកម្សាន្ត នៅខេត្តបាត់ដំបង។
នៅក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន និងគ្រប់ផ្នែកពាក់ព័ន្ធដែលបានចូលរួមបង្ការទប់ស្កាត់បាន នូវការរីករាលដាលមេរោគអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ និងសូមបន្ត កិច្ចខិតខំប្រឹងប្រែងបន្តទៀត។
លោកបានឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៤ ៦៦១ នាក់ អ្នកដែលមានអាយុចន្លោះពី ១៨ ឆ្នាំ ទៅ ៤៥ ឆ្នាំ គឺជាក្រុមដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ។
ជាមួយគ្នានេះ លោក វេជ្ជ.ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារបានមានប្រសាសន៍ថា ការចូលរួមរក្សាបាននូវសុខុមាលភាពនៅកន្លែងធ្វើការ គឺពិតជាជោគជ័យធំណាស់ ព្រោះថា ការថែទាំបុគ្គលិក កម្មករ និយោជិតឱ្យមានសុខភាពល្អ គឺជាការថែទាំកម្លាំងពលកម្មរបស់ជាតិ ហើយផលិតភាពក៏កើនឡើង ហើយទាំងនិយោជក និងនិយោជិតរីកចម្រើនទៅមុខទាំងអស់គ្នា៕