ភ្នំពេញៈ ប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង២ម៉ឺននាក់បានចុះឈ្មោះចូលជាសមាជិកប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន១២ ៨៤៣នាក់ ដែលរួមមានស្រីចំនួន៧ ០៣៧នាក់ផងដែរ។
លោកហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរបស់ ប.ស.ស. បានឱ្យដឹងថា គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងខាងលើ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍សរុបប្រមាណជា២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)ហើយ បានទៅស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត។ ក្នុងនោះគ្រាន់តែនៅរាជធានីភ្នំពេញមានចំនួន ១២ ៨៤៣នាក់ (ស្រីចំនួន ៧ ០៣៧នាក់)។ នេះបើយោងតាមបេឡាជាតិសន្តិសុខសង្គម។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត ពេលដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិកប.ស.ស. និងទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចទៅនឹងបងប្អូនមន្ត្រីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។
លោកស្រីជា សោភីន ប្រកបរបរជាជាងកាត់ដេរម្នាក់ ក៏ដូចជាបងប្អូនអាជីវករជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋធម្មតាមានមុខរបរតិចតួចនៅផ្ទះសោះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.បានដែរ។ គាត់បានលើកឡើងថាប័ណ្ណប.ស.ស.នេះពិតជាសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាលហើយ ថែមទាំងបានប្រាក់ឧបត្ថម្ភពីប.ស.ស.ទៀត។
បេឡាជាតិសន្តិសុខសង្គមបានរំឭកថា សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស.ត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន៖ (១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល (២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក (៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និងទី(៤) សាមីខ្លួនត្រូវទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។
គិតរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបចំនួន១ ៩៤៥ ៧៩៥នាក់ (ស្រីចំនួន ១ ០៧៦ ៣៩៦នាក់)។ ក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន១ ៤៩១ ៦១៣នាក់ (ស្រីចំនួន ៩២៤ ៥៧១នាក់), សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រីចំនួន ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)។ នេះបើយោងតាមប្រភពដែលនេះ៕