ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឱ្យពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងឥណ្ឌូនេស៊ីថែមទៀត ដោយលោកចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព។
លោកលើកឡើងដូច្នេះក្នុងជំនួបរវាងលោក និងលោកDudung Abdurachman មេបញ្ជាការកងទ័ពជើងគោកជាតិនៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១១ ខែសីហា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
បណ្តាញសង្គមតេឡេក្រាម (Telegram) លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោក Abdurachman បានប្រាប់លោក ហ៊ុន សែន អំពីលទ្ធផលនៃជំនួបរវាងលោកផ្ទាល់ ជាមួយ លោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកស្ដីទី ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំង២ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់កងទ័ព។
Telegram ដដែលបញ្ជាក់ថា៖ «ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ ហើយបានលើកទឹកចិត្តឱ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព"៕