កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ខណៈសមភាគីនឹងបន្តសកម្មភាពហ្វឹកហ្វឺនរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក ម៉ៅ សុផាន់ មេបញ្ញាការស្ដីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹងលោក ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបនោះ បានឱ្យដឹងថា សមភាគីទាំងពីរបានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួបរវាងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និង អតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសីទចលនាអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ទីក្រុងបានឌុង ដែលមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនង កម្ពុជា-ឥណ្ឌូនេស៊ី ត្រូវបានពង្រឹង និងពង្រីកឥតឈបឈរលើគ្រប់វិស័យ។
សេចក្តីប្រកាសបញ្ជាក់ថា៖«ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម»។
ភាគីទាំងពីរ ក៏បានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នា បន្តអនុវត្តផែនការស្របតាមស្មារតី MOU និងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំ Amy to Amy Taks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
ក្នុងន័យនេះ ភាគីទាំងពីរបានផ្ដោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួនរួមមាន ការហ្វឹកហ្វឺន, លំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្ដូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។
ក្នុងឱកាសនោះផងដែរ លោក ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិក្នុងការ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗ។ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកល ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ខណៈលោក ឌូឌុង បានចូលរួមអបអរសាទរជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក ឌូឌុង អាប់ឌូរ៉ាច់មាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤ របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី នៅប្រទេសកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕