
ប្រភេទសត្វសត្វកំភេមខ្មោច។ រូបថត ហ្វេសប៊ុក
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ក្រើនរំឭកជាថ្មីដល់ប្រជាពលរដ្ឋ កុំបរិភោគសត្វល្អិត ឬរុក្ខជាតិ ដែលមិនស្គាល់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ខណៈពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៤ នាក់ បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នានេះ។
បន្ទាប់ពីមានពលរដ្ឋស្លាប់ជាបន្តបន្ទាប់ដោយសារបញ្ហាខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១១ ខែសីហា ដោយក្រើនរំឭកពលរដ្ឋកុំឱ្យបរិភោគសត្វ ឬរុក្ខជាតិដែលមិនស្គាល់ ឬមិនបានដឹង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា៖«ប្រជាពលរដ្ឋយើងបានស្លាប់ចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។ ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ ពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោមនិងបង្កឱ្យស្លាប់បាន»។
គួរជម្រាបថា នៅឯខេត្តព្រះវិហារវិញ ប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត បានទទួលមរណភាពនាពេលថ្មីៗនេះ បន្ទាប់ពីពួកគាត់បានបរិភោគសត្វកំភេមខ្មោចចន្លោះពី ៣ ទៅ៥ ក្បាល។
មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា៖«បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ»។
ក្នុងហេតុការណ៍នេះ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពី ថ្ងៃទី ៥ ខែ សីហា និងបុរសជាប្ដីបានស្លាប់នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។
ប្រជាពលរដ្ឋដែលមានបញ្ហា ឬទទួលបានដំណឹងខាងលើ សូមទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈ លេខ ១១៥៕