លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ បានចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការ អនុវត្តលើ "គម្រោងបោសសម្អាតមីនមនុស្សធម៌" នៅកម្ពុជាដោយមានហិរញ្ញប្បទានសរុបចំនួន ២ ១០០ ០០០ លានដុល្លារអាមេរិក។
ថ្លែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅក្រោយពិធីចុះហត្ថលេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ហេង រតនា បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីគាំទ្រអង្គការជំនួយរបស់ប្រជាជនន័រវេស (NPA) និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការ។
លោកបន្តថា ដោយអង្គភាពស៊ីម៉ាក់ជាអ្នកអនុវត្តការងារបោសសម្អាតមីន ហើយគម្រោងនេះមានរយៈពេល១៦ខែ ដែលត្រូវបោសសម្អាតបញ្ហាគ្រាប់មីន ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល “កម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។
បើតាមលោក ហេង រតនា គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនផងដែរ។
យោងសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងនេះសម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ អនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១៦០០ហិកតា និងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។ ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយព្យរួមមាន គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
តាមរយៈគម្រោងនេះ នឹងរួមចំណែកក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឱ្យខានតែបាន តាមគោលនយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមីនឆ្នាំ ២០២៥៕