រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣ បានចេញអនុក្រឹត្យស្តីពី ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ដោយអនុក្រឹត្យ បានកំណត់បទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅកម្ពុជា តាមរយៈការអនុវត្តបទដ្ឋាន និង ការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពលស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។
អនុក្រឹត្យនេះមាន ១០ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពគ្របដណ្ដប់លើរាល់សកម្មភាពនៃការបញ្ញត្តិ ការគ្រប់គ្រង ការទទួលខុសត្រូវរបស់ស្ថាប័នរាជរដ្ឋាភិបាល និងការលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា គោលការណ៍នៃប្រសិទ្ធភាពថាមពល គឺជាក់លាក់ចំពោះ “បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា” នីមួយៗ ដូច្នេះ វិសាលភាពបទដ្ឋានគុណផលនិងសុវត្ថិភាព វិធីសាស្ត្រធ្វើតេស្ត បទដ្ឋានគុណផលប្រើប្រាស់ថាមពលអប្បបរមា កម្រិតប្រសិទ្ធភាពថាមពល ការរចនាស្លាកប្រសិទ្ធភាពថាមពល នីតិវិធីត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់ ត្រូវរៀបចំនិងដាក់ឱ្យអនុវត្តសម្រាប់បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញានីមួយៗ ហើយបំពេញបន្ថែមតាមតម្រូវការ ដោយមានការណែនាំលម្អិត និង នីតិវិធីប្រតិបត្តិការស្តង់ដាជាក់លាក់។
អនុក្រឹត្យនេះកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗគ្នា ក្នុងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។
អនុក្រឹត្យបានកំណត់ទៀតថា ក្រសួងស្ថាប័នសំខាន់ៗ ដែលទទួលខុសត្រូវក្នុងការអនុវត្តអនុក្រឹត្យនេះរួមមាន ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោល ដែលទទួលខុសត្រូវរួមលើការងារគ្រប់គ្រងនិងលើកកម្ពស់ប្រសិទ្ធភាព ថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។
ដោយឡែក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នដៃគូទទួលខុសត្រូវជួយដល់ក្រសួង រ៉ែ និង ថាមពល ក្នុងការកំណត់ស្តង់ដានៃការធ្វើតេស្តដែលត្រូវអនុវត្តចំពោះបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា និង លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត ព្រមទាំងក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងពង្រឹងការអនុវត្តវិធានការច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាថា ការផលិតបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញាក្នុងគោលបំណងធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមទៅតាមបទប្បញ្ញត្តិនៃបទដ្ឋាន និង ការបិទស្លាក សញ្ញាប្រសិទ្ធភាពថាមពល។
ចំណែកក្រសួងពាណិជ្ជកម្ម ជាស្ថាប័នដៃគូទទួលខុសត្រូវជួយដល់ក្រសួង រ៉ែ និង ថាមពល ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង ពង្រឹងការអនុវត្តវិធានការច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាថា ការដាក់លក់បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា អនុលោមទៅតាមបទប្បញ្ញត្តិនៃបទដ្ឋាននិងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។
ដោយឡែក អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាជាស្ថាប័នដៃគូទទួលខុសត្រូវជួយដល់ក្រសួង រ៉ែ និង ថាមពល ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងពង្រឹងការអនុវត្តវិធានការច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធដើម្បីធានាថា ការនាំចូលបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញាមកក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមទៅតាមបទប្បញ្ញត្តិនៃបទដ្ឋាននិងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល៕