ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ ដែលកិច្ចប្រជុំនោះពិនិត្យទៅលើការអនុវត្តកម្មវិធីសិក្សាកន្លងមក រួមមានម៉ោងសិក្សា កិច្ចការសាលាដែលដាក់ឱ្យសិស្សធ្វើនៅផ្ទះ និងការរៀបចំវិធីសាស្រ្តបង្រៀនជាដើម។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា និងមន្រ្តីមកពីអគ្គនាយកដ្ឋាន នាយកដ្ឋានដែលពាក់ព័ន្ធកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣។
ក្រសួងអប់រំ បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាទៅលើការអនុវត្តឱ្យបានម៉ឺងម៉ាត់ម៉ោងសិក្សា ៤ម៉ោង ក្នុង ១ថ្ងៃ, ការរៀបចំកម្មវិធីស្វ័យសិក្សា ២ម៉ោងបន្ថែមក្នុង ១ថ្ងៃ, វិធីសាស្រ្តបង្រៀន EGRA-EGMA, ការដាក់កិច្ចការឱ្យសិស្សធ្វើនៅផ្ទះ ឬ ក្លិបសិក្សា, ការរៀបចំវិធីសាស្រ្តបង្រៀន និង STEM សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរៀបចំ វិធីសាស្រ្តបង្រៀន។
នៅក្នុងកិច្ចពិភាក្សានោះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ដើម្បីពិនិត្យទៅលើការអនុវត្តកម្មវិធីសិក្សាកន្លងមក ដែលអនុវត្តបានប្រសើរ ប៉ុន្តែនៅមានកម្រិត។
ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍ដូចជា ត្រូវពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ កំណត់យុទ្ធសាស្រ្តដាច់ ដោយឡែក ពីគ្នារវាងបឋមសិក្សា និង មធ្យមសិក្សា ដើម្បីពង្រឹងគុណភាពអប់រំ និង កំណែទម្រង់សាលារៀន។
លោកបន្តថា៖ «នៅកម្រិតបឋមសិក្សា ត្រូវដឹងពីបញ្ហាប្រឈម ពិនិត្យមើល និង វាយតម្លៃពីវត្តមានគ្រូ វត្តមានសិស្ស និងពង្រឹងវិន័យ និងចុះពិនិត្យមើលជាប្រចាំ និងត្រូវដោះស្រាយជាបន្ទាន់»។
លោកបានបន្ថែមទៀតថា ចាំបាច់ណាស់ត្រូវមានបញ្ជីសាលារៀនល្អ នាយកល្អ និងគ្រូល្អ ដោយថ្នាក់ដឹកនាំនឹងចុះមើល ដើម្បីរៀនសូត្រផង លើកទឹកចិត្ត និង ជំរុញបន្ថែមទៀត ព្រមទាំងចងក្រងជាក្រុមមួយដើម្បីរៀនសូត្របទពិសោធន៍ ធ្វើយ៉ាងណាដើម្បីបង្កើនចំនួនសាលារៀនល្អ នាយកល្អ និងគ្រូល្អ៕