ពោធិ៍សាត់ៈ ក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែសីហា បានបង្ហាញវត្តមាន សត្វតុកកែហោះ ដែលមានឈ្មោះបច្ចេកទេស Ptychozoon tokehos (Parachute Gecko) ដែលជាប្រភេទសត្វកម្រ ហើយត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ នៃ ឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុង ស្ថិតក្នុងភូមិ ពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
កាលពីខែមេសា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានបង្ហាញវត្តមានសត្វតុកកែហោះ ដែលមានឈ្មោះច្ចេកទេសថា «Ptychozoon trinotaterra» ជាសត្វកម្រមួយប្រភេទរបស់ប្រទេសកម្ពុជា។ សត្វ តុកកែហោះ នេះកំពុងមានវត្តមានស្ថិតនៅជើង ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានរកឃើញដោយលោក ភិរុណ ជាប្រជាពលរដ្ឋ។
មន្ទីរបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សា និង អភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្តរ៍។
កាលពីខែមករា ឆ្នាំ ២០១៨ ក្រសួងបរិស្ថាន ក៏បានបង្ហាញវត្តមានសត្វតុកកែហោះ ដែលមានឈ្មោះបច្ចេកទេសថា «Ptychozoon trinotaterra» ដែលត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និង ខេត្តស្ទឹងត្រែង។
ក្រសួងបញ្ជាក់ថា៖ «ក្រុមឧទ្យានុរក្សដែលការពារតំបន់ឧទ្យានជាតិវីរ:ជ័យ នៃក្រសួងបរិស្ថាន បានរកឃើញ តុកកែម្យ៉ាងដែលពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវមួយចំនួនឱ្យឈ្មោះថា «តុកកែហោះ» ឬ ឈ្មោះបច្ចេកទេស «Ptychozoon trinotaterra» នៅក្នុងឧទ្យានជាតិវីរៈជ័យ កាលពីពេលថ្មីៗនេះ។
ក្រសួងបញ្ជាក់ថា វាគឺជាប្រភេទសត្វកម្រមួយដែលត្រូវបានរកឃើញ។ តុកកែហោះនេះ មានទំហំប្រមាណ ៣០ សង់ទីម៉ែត្រ និង មានរូបរាងក្រឡេក្រឡា។ កម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្តរ៍៕