ភ្នំពេញៈ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន បានមកដល់ប្រទេសកម្ពុជាហើយនៅរសៀលថ្ងៃទី១២ ខែសីហានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារហូតដល់ថ្ងៃទី ១៣ ខែសីហា។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា បញ្ជាក់ថា លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ព្រមទាំងជួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មី។ កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។
សេចក្តីប្រកាសព័ត៌មានបន្តថា លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង២។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន នេះប្រព្រឹត្តទៅស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនង ការទូត និង ឆ្នាំមិត្តភាពរវាង កម្ពុជា និង ចិន។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដាខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និង អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និង ប្រជាជនទាំង២»៕