
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបថត៖ កុក គី / AKP
ភ្នំពេញៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី១៣ ខែសីហានេះ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
នៅក្នុងជំនួបនោះ លោក វ៉ាង យី បានគោរពពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីចិន លោកស៊ី ជិនពីង លោក នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀតដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
លោក វ៉ាង យី បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោកមកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់ពេលដែល មកដល់កម្ពុជា លោកបានសង្កេតឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាពបញ្ជាក់ថាទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។
លោក វ៉ាង យី ក៏បានបង្ហាញនូវការអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រក្នុងពេលបោះឆ្នោតកន្លងទៅពីប្រជាជនលើសពី៨០%។
លោក វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដែលប្រជាជនជាង ៨០% បានទៅបោះឆ្នោត។ នេះសបញ្ជាក់ឱ្យឃើញថាប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញទៅបោះឆ្នោត ដែលមានចំនួនជាង៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសបន្តទៀត។ការទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជនគឺជាកត្តាដ៏សំខាន់បំផុត។
ជាមួយគ្នានេះដែរ លោក វ៉ាង យី បានបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបថត៖ កុក គី / AKP
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកវ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន លោក លី ជាំង និងថ្នាក់ដឹកនាំចិនជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក វ៉ាង យី ផងដែរចំពោះពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន។
លោក ហ៊ុន សែនក៏បានមានប្រសាសន៍ផងដែរថា ប្រជាជនកម្ពុជា បានដឹងជាមុនហើយថានឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោតដែលចំនួនគាំទ្រមានរហូតដល់ទៅ ៨៤% គឺជាការអបអរសាទរដ៏ច្រើនបំផុតពីប្រជាពលរដ្ឋខ្មែរចំពោះសម្តេចផ្ទាល់ និងចំពោះគណបក្សប្រជាជនកម្ពុជា៕

