ភ្នំពេញៈការ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ​ជា​លើក​ដំបូង ​ដើម្បី​ប្រកួត​សង​សឹក​ជា​មួយ​ជើង​ខ្លាំង ព្រំ ​សំណាង របស់​អ្នក​ប្រដាល់​រុស្ស៊ី ​Firdauszhon Nayimov មិន​ទទួល​បាន​លទ្ធ​ផល​ដូច​ការរំពឹ​ងទុក​ទេ ព្រោះ​រូប​គេ​នៅ​តែ​គេច​មិន​ផុត​ពី​ការ​សន្លប់​ ក្រោម​ជង្គង់​របស់ ​ព្រំ សំណាង ដដែល ​ចំណែក​កីឡាករ​អ៊ីរ៉ង់ និង​ថៃ​ ចំនួន​៣​នាក់​ទៀត ​ព្រម​ទាំង​កីឡា​ករ ​ចក់ សា​វិ​ន ក៏បាន​ចាញ់​ដោយ​សន្លប់​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត ​Kun Khmer Grand Champion នៅ​លើ​សង្វៀន​ថោ​ន កាល​ពី​ថ្ងៃទី​១៣ ​ខែ​សីហា​ ផង​ដែរ​។

​​គេ​នៅ​ចាំ​បាន​ថា Firdau​szhon Nayimov ធ្លាប់​បាន​ជួប ព្រំ សំណាង នៅT​hai Fight កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ ម្តង​ហើយ ​ដោយ​កាល​នោះ ​ព្រំ សំណាង បាន​ផ្តួល​កីឡាក​រ​រុស្ស៊ី​ម្នាក់​នេះឱ្យ​សន្លប់​នៅត្រឹម​ទី​១ ដើម្បី​ក្លាយ​ជា​កីឡា​ករ​កម្ពុជា​ដំបូង​គេ​ ដែល​បាន​ឈ្នះ​ការ​ប្រកួត​ នៅ ​Thai Fight ចំនួន​២​លើក​ជាប់ៗ​គ្នា ​ព្រោះ​កាល​ពី​ថ្ងៃទី​៥ ​ខែកុម្ភៈ ​ព្រំ សំណាង ​ក៏​បាន​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់​៣​ស្ថា​ប័ន​របស់​អង់​គ្លេស T​homas Carpenter ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់ នៅ ​Tha​i Fight ផង​ដែរ​។​

​​យ៉ាង​ណា​មិញ សម្រាប់​ការ​ធ្វើដំ​ណើរ​មក​ប្រកួត​សង​សឹក​ ព្រំ​ សំណាង នៅ​លើ​សង្វៀន​ថោ​ន​កាលពី​​ថ្ងៃទី​១៣ ខែ​សីហា​ Fird​aus​zhon Nayimov បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​វាយ​សង​ទៅ​លើ ព្រំ សំណាង ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ទឹក​ទី​១ បាន​បញ្ចប់​ ដោយ​គ្មាន​ហេតុ​ការណ៍​អា​ក្រក់​ណា​មួយ​កើត​មាន​ឡើង ​ដូច​ពេល​អ្នក​ទាំង​២ ជួប​គ្នា​កាល​ពី​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ នោះ​ទេ​។​

​​ទោះ​បី​ជា​យ៉ាង​ណា ​ឈាន​ចូល​ទឹក​ទី​២ ព្រំ សំណាង ​បាន​ព្យា​យាម​ទាត់​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ Fird​aus​zhon Nayimov​។ ថ្វីបើ​កីឡា​ករ​រុស្ស៊ី​ម្នាក់​នេះ ​មាន​ជំនាញ​ក្នុងការ​ចាប់​ជើង​ ព្រំ​ សំណាង ដែល​បាន​ទាត់​ទៅ​លើ​រូប​គេ​ក្ដី ប៉ុន្តែ​ទម្ងន់​ជើង​ទាត់​ចូល​ធ្ងន់ៗ​របស់​ សំណាង​ នេះ ​បាន​ធ្វើ​ឱ្យ Firdauszhon មានការ​ធ្លាក់​កម្លាំង ​ហើយ​ឃើញ​ស្ថាន​ភាព​បែប​នេះ ​ព្រំ សំណាង បាន​ចូល​ចាប់​បុក​ជង្គង់​ផ្ទួនៗ​ចំនួន​១០​ជង្គង់ ​ធ្វើ​ឱ្យ​កីឡា​ករ​រុស្ស៊ី​ម្នាក់​នេះ កាន់​តែ​ធ្លាក់​កម្លាំង​។​

​​ជា​មួយ​គ្នា​នោះ ព្រំ​ សំណាង បាន​ម៉ាត់​បន្ថែម​ រួច​បាន​ចូល​ចាប់​បុក​ជង្គង់​ជាថ្មី​ចំនួន​១១​ជង្គង់​ទៀត​ ព្រម​ទាំង​ម៉ាត់​ថែម​៣​ដៃ និង​ស្ទុះ​ចូល​បុក​ជង្គង់​ឆ្វេង​ចូល​ពោះ​ពេញ​បណ្តាល​ឱ្យ​កីឡា​ករ​ Firdauszhon អស់ខ្យល់​តែ​ម្តង​។ ពេល​នោះលោ​ក​អាជ្ញា​កណ្តាល​បាន​រាប់​ទៅលើ Firdauszhon ភ្លាមៗ ប៉ុន្តែ​កីឡាករ​វ័យ​២១​ឆ្នាំ​របស់​រុស្ស៊ី​រូប​នេះ មិន​បាន​ងក់​ក្បាល​យល់​ព្រម​ប្រកួត​បន្ត​ទៀត​ទេ គឺ​មាន​ន័យ​ថា រូបគេ​បាន​បន្ត​ចាញ់ ​ព្រំ សំណាង ដោយ​សន្លប់​ជាថ្មី​ម្តង​ទៀត​។​

​សម្រាប់​ការ​ប្រកួត​លើក​នេះ​ផង​ដែ​រ កីឡា​ករ​ Firdauszhon មិន​បាន​បន្សល់​របួស​ស្នាម​ណា​មួយ​ទុក​ឱ្យ ព្រំ សំណាង​ ដូច​ការ​ប្រកួតនៅ​ប្រទេស​ថៃ​ទេ ​ដែល ​ព្រំ សំណាង ​បាន​សា​រភាព​មុន​ការ​ប្រកួត​លើក​នេះ​ថា ​ការ​ទាត់​១​ជើង​ចំ​ផ្ទៃ​មុខ​របស់ Firdauszhon បាន​ធ្វើ​ឱ្យ​រូប​គេ​ចត់​បាយ​ជិត​១​សប្តាហ៍​។​

​ដោយ​ឡែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ ឈឿង​ ល្វៃ ដែល​បាន​បាត់​មុខ​ពីស​ង្វៀន​អស់​ពេល​ជាង​១​ខែ បន្ទាប់​ពី​រូបគេ​បា​ន​ចាញ់​កីឡា​ករ​ថៃ សាមី បេន​ឆា​មេក ​ក្នុង​ទឹក​ទី​១ នៅ​លើ​សង្វៀន​ទ​ទក ​កាល​ពី​ថ្ងៃទី​២៦ ខែ​មិថុនា​នោះ​ គឺ​បាន​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជាថ្មី​ ដោយ​រូបគេ​បាន​ប្រើ​ពេល​ត្រឹម​១​ទឹក ​ក្នុង​ការ​ផ្តួល​កីឡា​ករ​ថៃ ​Soth​anfa ​ឱ្យ​សន្លប់​ធំ តាម​រយៈ​ការ​វាយ​កែង​ស្តាំ​។​

​ជា​មួយ​គ្នានេះ​​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ផ្នែក​កីឡា​វ៉ូ​វី​ណា​ម ម៉ឺន មេ​ឃា ​ក៏បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ​ផងដែ​រ ដោយ​រូបគេ​បាន​ទាត់​កីឡា​ករ​អ៊ី​រ៉ុង Yousefi ឱ្យមាន​របួស​ជើង​ក្រោម​នៅ​ចុង​ទឹក​ទី​២ ហើយ​នៅ​ទឹក​ទី​៣ ​ដៃគូ​ម្នាក់​នេះ ​បាន​សុំ​ចាញ់ ​ដោយ​មិន​បាន​ឡើង​ប្រកួត​ទៀត​ទេ​។ ចំណែក ​មឿ​ន សុខ​ហ៊ុ​ច បាន​វាយ​កែង​ស្តាំ បណ្តាល​ឱ្យ​កីឡា​ករ​ថៃ Wansonkran បែក​លើ​ថ្ងាស​យ៉ាង​ធំនៅ​ទឹក​ទី​២ ហើយ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន បាន​សម្រេច​បញ្ឈប់​កា​រប្រកួត​របស់​កីឡា​ករ​ថៃ​នេះ​តែ​ម្តង ដោយ​សារ​មុខ​របួស​នេះ ​មាន​ឈាម​ហូរ​ច្រើន​ពេក​។

​ផ្ទុយ​ពីនេះ ​កីឡា​ករ ​ចក់ សា​វិ​ន បាន​ក្លាយជា​​បេក្ខ​ភាព​តំណាង​ឱ្យ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​សន្លប់​នៅក្នុ​ង​ការ​ប្រកួ​ត Kun Khmer Grand Champion នេះ ដោយ​រូបគេ​ត្រូវ​បាន​កីឡា​ករ​ប្រេ​ស៊ី​ល Alexsa​ndro ដែល​កំពុង​ហ្វឹក​ហាត់​ប្រដាល់​នៅ​កម្ពុជាបុក​កែង​ឆ្វេង ប​ណ្តាល​ឱ្យ​បែក​បបូរ​មាត់​ខាង​ស្តាំ​យ៉ាង​ធំ ប៉ុន្តែ​នៅមុន​ជួប​ហេតុ​ការណ៍ដ៏​អាក្រក់​នេះ សា​​វិ​ន ក៏បាន​វាយ​កែង​បណ្តាលឱ្យ​ Alexsandro ពក​នៅលើ​ក្បាល​ចំហៀង​ខាង​ឆ្វេង​១​កន្លែង​ផង​ដែរ​ ខណៈ​ការ​ប្រកួត​របស់​អ្នក​ទាំង​២​មានកា​រ​វាយ​ប្តូរ​គ្នា​ខ្លាំង​និង​ទទួល​បាន​ការចាប់អា​រម្មណ៍​ច្រើន​ពី​អ្នក​ទស្សនា​ផ្ទាល់​៕