ក្រចេះ​​រយៈ​ពេល ២ ​ថ្ងៃ ក្រុម​កម្លាំង​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ១​ ០០០ ​គ្រាប់​ នៅ​វិទ្យា​ល័យ​ព្រះមហា​ក្សត្រី​កុសុមៈ ​ក្នុង​ខេត្ត​ក្រចេះ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញា​ធរ​មីន ​នៅតែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​តំបន់​ដែល​រាវ​រក​ឃើញ​នេះ​។​

​យោង​តាម​មន្ទីរ​ព័ត៌មា​ន​ខេត្ត​ក្រចេះ​ បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១២ ​ខែសីហា​ថា ​ក្រុម​កម្លាំង​ស៊ីម៉ាក់ ​បាន​រាវរក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​វិ​ទ្យាល័យ​ព្រះមហា​ក្សត្រី​កុសុមៈ ​ក្នុង​រយៈ​ពេល ២​ ថ្ងៃ​ ចាប់ពី​ថ្ងៃទី​១១ ​រហូ​តដល់​ថ្ងៃទី​១២ ខែ​សីហា ​ដោយ​បាន​រក​ឃើញ​គ្រាប់​ ៤​ ប្រភេទ គឺ​ប្រភេទ​M៧៩ ​ប្រភេទ ​DK ៧៥ ​ប្រភេទ​ M ៤៨ និង​ប្រភេទ​ B ៤០​ ដែល​សរុប​មាន​ចំនួន ​១ ​០៧៨ ​គ្រាប់​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀ​តថា បន្ទាប់ពី​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើ​ន​គ្រាប់​ទាំង​នេះហើ​យ ​សិស្សានុ​សិស្ស​នៅ​ក្នុង​វិទ្យា​ល័យ​ព្រះមហា​ក្សត្រី​កុសុមៈ ​ត្រូវ​បាន​មន្ទីរ​អប់រំ​ ខេត្ត​អនុញ្ញាត​ឱ្យ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះ​អាសន្ន​មួយ​រយៈ​។​

​មន្ទីរ​ព័ត៌​មាន​ខេត្តក្រ​ចេះ ​បន្ថែម​ថា ក្រុម​កម្លាំង​ស៊ី​ម៉ាក់ ​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ត្រូវមាន​កា​រប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ​ជា​ពិសេស​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​មូល​ដ្ឋាន ​ដែល​រាវ​រក​ឃើញ​គ្រាប់​ទាំង​នោះ​។​

​ដោយ​ឡែក​ លោក ​លី ធុជ អនុ​ប្រធាន​ទី​១ អាជ្ញាធរ​មីន​ បាន​ថ្លែង​នៅ​ថ្ងៃទី​១៣ ​ខែសីហា​ថា ការរកឃើ​ញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ទឹកដី​របស់​កម្ពុជា បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ពិតជា​បាន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ ព្រោះ​បាន​បន្សល់​ទុក​គ្រាប់​រំសេវ​ជា​ច្រើន​នៅ​លើ​​ទឹកដី​របស់​ខ្លួន​។

​លោក​បាន​បន្ត​ថា ការរ​ក​ឃើញ​នេះ វា​ក៏​បង្ហាញ​ផង​ដែរ​ថា កង​កម្លាំង​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ គឺមាន​ភាព​ចាំ​បាច់ និង​មាន​សារៈ​សំខាន់​ក្នុង​ការ​បន្ត​បោសស​ម្អាត​គ្រាប់​ទាំង​ឡាយ​នេះ​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​ ស្រប​តាម​គោល​ដៅ​របស់​រាជ​រដ្ឋាភិ​បាល​។​

​ក្នុង​នាម​ជា​អាជ្ញា​ធរ​មីន និង​ជា​កង​កម្លាំង​ប្រតិ​បត្តិ​ករ​ជាតិ ​និង​អន្ត​រជាតិ​ទាំង​អស់ ​នឹង​បន្ត​អនុវត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជា​បន្ត​បន្ទាប់​ទៀត​សម្រាប់​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​។​

​លោក ​លី ធុជ​ បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​គ្រាប់​ទាំង​នោះ​មិន​ទាន់​រកឃើញ​ទេ​នោះ​ វា​បង្ក​គ្រោះ​ថ្នាក់​ដល់​សិស្សានុ​សិស្ស ប្រ​ជាព​លរដ្ឋ​យើង ​ទោះបី​ជា​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះ​ពី​សង្គ្រាម​ហ្នឹងជា​គ្រាប់​ថ្មី​ឬក៏​ចាស់​ក៏​ដោយ ​ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​ស្លាប់ ​ឬក៏​ពិការ​ភាព​ផងដែ​រ​»​។​

​លោក​បន្ត​ថា​ ដូច្នេះហើ​យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ អាច​ចាត់​ទុក​ថា​វា​ជា​ឃាត​ករ​លាក់​មុខ​ ដែល​តម្រូវឱ្យ​​ប្រជា​ពល​រដ្ឋនៅក្នុ​ង​មូលដ្ឋា​ន​ទាំង​នោះ​ត្រូវ​មាន​ការប្រុ​ងប្រយ័​ត្ន​ជា​បន្តទៅ​ទៀតដើ​ម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ស្រប​ពេល​ដែល​អាជ្ញា​ធរ​កំពុង​បោសស​ម្អាត​គ្រាប់​ទាំង​នោះ​។

​លោ​ក លី ធុ​ជ បាន​បញ្ជាក់​ថា​៖ «​អ៊ីចឹង​ហើយ​នៅ​ពេល​ដែល​យើង​រក​ឃើញ ​ហើយ​ធ្វើការ​បោស​សម្អាត​គ្រាប់​ទាំង​នោះ គឺ​​បានន័​យថា ​មាន​ជីវិត​ប្រជា​ជន​ជា​ច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​ចាកផុត​ពី​គ្រោះ​ថ្នាក់​»៕