ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ការពារទេសភាពចំនួន ៤ គឺតំបន់ការពារទេសភាពប្រាសាទបាកាន នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាព បឹងលំកុតនៅស្រុកលំផាត់ ខេត្តរតនគិរី តំបន់ការពារទេសភាព រនាមដូនសំនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងតំបន់ការពារទេសភាព សំបូរព្រៃគុក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៣ ខែសីហានេះ បានបង្ហាញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតតំបន់ការពារទេសភាពចំនួន ៤ រួមមាន តំបន់ការពារទេសភាព ប្រាសាទបាកាន មានផ្ទៃដីសរុប ២ ១២៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាពបឹងលំកុដ មានផ្ទៃដីជាង ១១០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ រីឯតំបន់ការពារទេសភាពរនាមដូនសំ មានផ្ទៃដីសរុប ១ ៤២៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែក តំបន់ការពារទេសភាព សំបូរព្រៃគុក មានផ្ទៃដី ៤៣៨ ហិកតា ក្នុងស្រុកសំបូរ ខេត្តកំពង់ធំ។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា៖«ការបង្កើតតំបន់ការពារទេសភាពនេះ មានបំណងដើម្បីធានាការថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព»។
ជាមួយគ្នានោះរាជរដ្ឋាភិបាលក៏មានបំណង ថែរក្សាការពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ប្រាសាទ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ផងដែរ។
ក្រៅពីការបង្កើតតំបន់ការពារទេសភាពនេះ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការកែប្រែតំបន់ការពារទេសភាពមួយចំនួនដូចជា កែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម ពីផ្ទៃដីទំហំ ១២ ៦៥០ ហិកតា មកផ្ទៃដី ទំហំ២៤ ២១២ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។
ផ្ទៃដីតំបន់ការពារទេសភាពអាងត្រពាំងថ្ម បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១២ ៦៥០ ក្នុងអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារ ទេសភាពអាងត្រពាំងថ្ម និងផ្នែកខ្លះនៃរបៀងអភិរក្សជីវចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ ១១ ៥៦២ នៃអនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
លោក ស៊ុន ពៅ បណ្តាញសហគមន៍ព្រៃព្រះរកាក្នុងខេត្តព្រះវិហារ បានថ្លែងនៅថ្ងៃទី១៣ ខែសីហាថា លោកគាំទ្រចំពោះការបង្កើតតំបន់ការពារទេសភាព ក៏ដូចជាការកែប្រែតំបន់ការពារទេសភាពផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ព្រោះនេះជាការចូលរួមថែរក្សា ការពារព្រៃឈើ ជីវចម្រុះក្នុងព្រៃឱ្យនៅគង់វង្សយូរអង្វែង។ ប៉ុន្តែលោកថា ដើម្បីការពារថែរក្សាធនធានធម្មជាតិឱ្យនៅគង់វង្ស ក្រៅពីការបង្កើតំបន់ទេសភាព និងតំបន់ការពារផ្សេងៗ ហើយគួរតែមានការបើកសេរីភាពទូលំទូលាយ ដល់សាធារណជន ជាពិសេសសម្រាប់អ្នកស្រឡាញ់ធនធានធម្មជាតិ បានចូលរួមគ្រប់សកម្មភាពថែរក្សាការពារព្រៃឈើ និងសត្វព្រៃ ផង។
លោកថ្លែងថា៖«សម្រាប់ខ្ញុំជាអ្នកស្រឡាញ់ការពារធនធានធម្មជាតិ ខ្ញុំចង់ឱ្យមានការបើកទូលាយទូទៅដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ធ្វើយ៉ាងណាបើកទូលាយដល់សហគមន៍មូលដ្ឋាន សាធារណជនក្នុងមូលដ្ឋានបានជួយការពារ ធនធានធម្មជាតិ»។
លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ធ្លាប់បញ្ជាក់ថា មន្ទីរបើកទូលាយឱ្យមានការចូលរួមពីសហគមន៍ និងអង្គការសង្គមស៊ីវិលនានា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ មានប្រសិទ្ធភាព និងត្រឹមត្រូវស្រមតាមនីតិវិធីច្បាប់ ជាធរមាន។ លោកក៏បាន ណែនាំ និងស្នើសុំឱ្យ បណ្តាញសហគមន៍ ដែលពុំទាន់មានការទទួលស្គាល់ដោយច្បាប់ ត្រូវរៀបចំបំពេញនីតិវិធី បង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីឱ្យមានការទទួលស្គាល់ជាផ្លូវការពីក្រសួងបរិស្ថាន ផងដែរ៕