ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានជំរុញឱ្យវិនិយោគិនក្នុងស្រុក ងាកមកវិនិយោគ វិស័យកសិ-ឧស្សាហកម្ម និងកសិកម្ម ដែលជាវិស័យមានសក្តានុពលខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយវិនិយោគិនក្នុងស្រុក គួរងាកមកវិនិយោគលើវិស័យនេះឱ្យបានច្រើន។
នៅក្នុងវេទិកាពិភាក្សាស្ដីអំពីធុរកិច្ចឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា នៅក្នុងបញ្ហាប្រឈម តែមានកាលានុវត្តភាព ហើយកាលានុវត្តភាពដែលសំខាន់នោះ គឺវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយវិស័យទាំង២នេះ មានសក្តានុពលខ្លាំងណាស់ ខណៈដែលកម្ពុជា នៅមានផ្ទៃដីធំទូលាយ គឺត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីធានាលើការផលិតផ្គត់ផ្គង់ស្បៀងសម្រាប់តម្រូវការក្នុងស្រុកផង និងសម្រាប់នាំចេញផង។
លោកបានលើកឡើងថា កំណើននៃប្រជាជននៅលើពិភពលោក មានការកើនឡើង ខណៈដែលឥណ្ឌាបច្ចុប្បន្ន មានកំណើនប្រជាជនលើសចិន រហូតបានធ្វើឱ្យមានការផ្អាកការនាំចេញអង្ករ ដែលនេះជាកាលានុវត្តសម្រាប់កម្ពុជា ក្នុងការនាំចេញទៅអាមេរិក និងប្រទេសផ្សេងទៀត ដោយវិស័យឯកជនត្រូវពង្រឹងលើការកែច្នៃក្នុងស្រុក។
លោក ជា វុទ្ធី បញ្ជាក់ថា៖ «ខ្ញុំមានជំនឿជឿជាក់ថា នៅក្នុងវិស័យកសិកម្មនេះ គឺជាវិស័យមួយដែលមានសក្តានុពលណាស់សម្រាប់កម្ពុជាយើង ហើយអ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណាបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល»។
លោកបានបញ្ជាក់ទៀតថា៖ «ជាការពិតណាស់ច្បាប់វិនិយោគថ្មី ដែលត្រូវបានប្រកាសឱ្យប្រើកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តច្បាប់វិនិយោគ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រៀបបីដូចជាកង់មុខ២ និងកង់ក្រោយ ២ ដើម្បីធ្វើឱ្យឡានដំណើរការទៅមុខ»។
លោកបន្តថា វិបត្តិនៅតែមាន តែគួរប្រើវិបត្តិឱ្យទៅជាកាលានុវត្តភាព និងដំណោះស្រាយ ដោយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នា ជាមួយវិស័យឯកជន ដោយវិស័យឯកជន ត្រូវហ៊ានលើកឡើងពីបញ្ហា ដែលខ្លួនបានជួបប្រទះ ដើម្បីលើកទៅរដ្ឋាភិបាល ដោយមានការសម្របសម្រួលពី CDC ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ដោយធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគទាំងនោះ កាន់តែមានភាពអំណោយផល។
ច្បាប់វិនិយោគថ្មី បានផ្តល់ការលើកទឹកចិត្ត ប្រសើរជាងច្បាប់វិនិយោគចាស់ច្រើនណាស់ ជាពិសេសពាក់ព័ន្ធនឹងការទិញចូលធាតុចូលផលិតកម្មដើម្បីយកទៅផលិត។
ចំណែក លោក ហ៊ុន ឡាក់ អគ្គលេខាធិការ សមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិន ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា បានលើកឡើងថា អ្នកវិនិយោគក្នុងស្រុក គួរតែគិតគូរទៅលើអ្វី ដែលជាតម្រូវការទីផ្សារ ជាពិសេសផលិតកម្មកែច្នៃ និងការប្រមូលទិញ។
លោក ហ៊ុន ឡាក់ បានបន្ថែមថា វិស័យឯកជន គួរតែមានការពិភាក្សាគ្នា ហើយលើកជាសំណើតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬក្រសួងពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ផ្តល់ការគាំទ្រដល់វិស័យឯកជន ដែលមានបំណងចង់វិនិយោគលើការប្រមូលទិញស្តុកទុក សម្រាប់ផលិត និងកែច្នៃជាបន្តបន្ទាប់ ក្រោយពេលរដូវប្រមូលផល។
លោកបានលើកឡើងបែបនេះថា៖ «កម្ពុជាយើងនាំចេញតែផលិតផលវត្ថុធាតុដើម ដោយបានធ្វើឱ្យយើងបាត់ផលចំណេញជាច្រើន ក្នុងពេលប្រទេសជិតខាងគាត់ស្រូបយកផលិតផលទាំងនេះទៅកែច្នៃ ហើយដាក់ស្លាកថា ជាផលិតផលរបស់គេ។ ដូច្នេះការវិនិយោគលើការកែច្នៃ និងប្រមូលទិញមានសារៈសំខាន់ណាស់»។
ទោះជាបែបនេះក្តី លោក ហ៊ុន ឡាក់ បានបង្ហាញពីជំនឿថា នាពេលខាងមុខនេះ នៅតែមានសញ្ញាជាវិជ្ជមានចំពោះការនាំចេញក្នុងវិស័យកសិកម្ម ប៉ុន្តែត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ជាពិសេសការនាំចេញទៅចិន ដោយប្រទេសនេះកំពុងមានបញ្ហាទំនិញចុះថោក លើប្រភេទគ្រឿងឧបភោគបរិភោគ ដោយសារការកាត់បន្ថយចំណាយរបស់ប្រជាជនចិន៕