ភ្នំពេញៈ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា ជាច្រើនរូប ហើយបានសន្យាបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងរង់ចាំបន្តជួយដល់រាជរដ្ឋាភិបាលអាណត្តិ ថ្មីឱ្យមានភាពរុងរឿង។
លោក វ៉ាង យី ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ផងដែរនោះ បានជួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅវិមានសន្តិភាពនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣។
ជំនួបនេះធ្វើឡើងនៅអំឡុងដំណើរទស្សនកិច្ចផ្លូវការថ្ងៃទី ២ របស់លោក វ៉ាង យី នៅកម្ពុជា ក្រោយមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា មួយចំនួនរួចមក។ នេះបើយោងតាមការឱ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោក ហ៊ុន សែន។
លោក អ៊ាង សុផល្លែត ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបនេះថា នៅក្នុងកិច្ចពិភាក្សា លោក វ៉ាង យី បានធ្វើការផ្តាំសួរសុខទុក្ខពីសំណាក់លោកស៊ី ជីនភីង ប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំចិនចំពោះ លោកហ៊ុន សែនផងដែរ។
លោកបានបន្តថា៖ «លោកក៏បានអបអរសាទរចំពោះលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កន្លងមកជាមួយសំឡេងគាំទ្រពីពលរដ្ឋលើស ៨០% ដែលមានវត្តមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិច្រើនបានវាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់»។
លោក អ៊ាង សុផល្លែត ថ្លែងថា៖ «លោក វ៉ាង យី បានថ្លែងនាឱកាសនោះថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ជាពិសេសកម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងផងដែរ»។
លោក អ៊ាង សុផល្លែត ថ្លែងថា លោក វ៉ាង យី បញ្ជាក់ថា លោកបានធ្វើដំណើរមកកម្ពុជាជាច្រើនលើកមកហើយ ហើយរៀងរាល់លើក លោកតែងកត់សម្គាល់ឃើញពីការរីកចម្រើន លូតលាស់យ៉ាងរស់រវើករបស់ប្រទេសនេះ ជាពិសេសទីក្រុងភ្នំពេញ ដែលជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។ ជាការឆ្លើយតប លោកហ៊ុន សែន ថ្លែងអំណរគុណដោយផ្តាំតាមលោក វ៉ាង យី វិញចំពោះការសួរសុខទុក្ខរបស់លោកស៊ី ជីនភីង និងថ្នាក់ដឹកនាំចិននានា។ លោកបានគូសបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាបានដឹងមុនរួចជាស្រេចថានឹងមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ តាំងតែពីមុនការបោះឆ្នោត ប៉ុន្តែប្រជាជននៅតែមានការគាំទ្រ។
ដំណើរទស្សនកិច្ចថ្ងៃទី ១ កាលពីរសៀលថ្ងៃទី ១២ ខែសីហា លោក វ៉ាង យី បានជួបពិភាក្សាជាមួយលោកសុខចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ទាប់មក លោក វ៉ាង យី ក៏បានជួបជាមួយនឹងលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយលោក វ៉ាង យី បានកោតសរសើរ ចំពោះការខិតខំរបស់លោក ហោ ណាំហុង ក្នុងការនាំយកការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ អស់រយៈជាច្រើនឆ្នាំ ឆ្លងកាត់សម័យកាលជាច្រើនរបស់កម្ពុជា ព្រមទាំងអាចនៅរក្សាទំនាក់ទំនងនេះដ៏ល្អ រហូតក្លាយជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១០។
នៅព្រឹកថ្ងៃទី ១៣ ខែសីហា លោក វ៉ាង យី បន្តជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ឥរិយាបថការទូតរបស់ចិនស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជា ដោយបានជួបថ្នាក់ដឹកនាំកំពូលៗ កម្ពុជា នេះ ជាការទូតតំណភ្ជាប់ និងសាងអនាគតរួមគ្នា។
លោកបន្តថា ក្នុងនោះមានជំនួបជាមួយលោក ហោ ណាំហុង លោក ប្រាក់ សុខុន លោកសុខ ចិន្តាសោភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីអាណត្តិថ្មី លោក ហ៊ុន ម៉ាណែត ទាំងនេះ ជាការបង្ហាញពីការគាំទ្រកម្ពុជាគ្រប់ជំនាន់។
លោក យង់ ពៅ បញ្ជាក់ថា៖ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នេះ បញ្ជាក់ពីផលប្រយោជន៍រួមគ្នា ទាំងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម និងការបញ្ជាក់ទៅពិភពលោកពីភាពជាមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំង ២»។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ក៏បានប្រាប់ដែរថា ចិន ជាប្រទេសប្រើនយោបាយការបរទេសទន់ភ្លន់ ជាមួយបណ្តាប្រទេសជិតស្និទ្ធ និងស្របតាមរបៀបវារៈយុទ្ធសាស្ត្រខ្លួន។
លោកបន្តថា ជាក់ស្តែងការមកជួបថ្នាក់ដឹកនាំសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជានេះ ជាពិសេសការជួបនាយករដ្ឋមន្ត្រីថ្មី និងចាស់របស់កម្ពុជា ជារបៀបវារៈការទូតដែលចិនតែងធ្វើហើយបម្រើដល់ផលប្រយោជន៍ចិនជាមុន និងប្រទេសដៃគូជាក្រោយ ខណៈចិនកំពុងមានមហិច្ឆតាចង់គ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍។
លោក រ៉ូ វណ្ណៈ ថ្លែងថា៖ «ខ្ញុំយល់ថា ទំនាក់ទំនងកម្ពុជា និងចិន មិនមានការផ្លាស់ប្តូរទេនៅថ្ងៃមុខ ហើយរឹតតែល្អប្រសើរជាងមុនទៅទៀត ដើម្បីប្រទេសទាំង ២ អាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក ព្រោះថ្នាក់ដឹកនាំថ្មីត្រូវបានគេមើលឃើញថា អនុវត្តគោលនយោបាយតាមថ្នាក់ដឹកនាំចាស់ដដែល»។
លោក ថ្លែងថា ទំនាក់ទំនងរវាងលោកហ៊ុន ម៉ាណែត និងចិនប្រាកដជានៅរក្សាបានល្អដូចអ្វីដែលលោកហ៊ុន សែន ធ្លាប់បានអនុវត្តកន្លងមក។
លោក វ៉ាង យី បានមកដល់កម្ពុជា កាលពីថ្ងៃទី ១២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ក្នុងដំណើរទស្សនកិច្ចមកប្រទេសអាស៊ាន ដូចជា សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។
នៅកម្ពុជា ក៏មានកម្មវិធីចូលក្រាបបង្គំគាល់ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយបានជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិថ្មី ដោយផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម៕