បាត់ដំបងៈ ក្រសួងបរិស្ថានសម្រេចដាក់វិធានការដោយពិន័យក្រុមហ៊ុន Phoenix Industrial នូវចំនួនទឹកប្រាក់ប្រមាណជាង ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងតម្រូវឱ្យក្រុមហ៊ុននេះប្តូរទីតាំងរោងចក្រចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច ១០ គីឡូម៉ែត្រ។ ការពិន័យនេះធ្វើឡើងក្រោយក្រសួងរកឃើញថា ក្រុមហ៊ុនបានធ្វើឱ្យលេចធ្លាយទឹកខ្មៅកខ្វក់ដែលមានជាតិពុលចូលស្ទឹងសង្កែ។
តាមរយៈលិខិតរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ១០ ខែសីហា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១៣ ខែសីហា បានឱ្យដឹងថា ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្កឱ្យមានបញ្ហាការបំពុលទឹកស្ទឹងសង្កែ ប៉ះពាល់ដល់ធនធានជីវចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងលិខិតជម្រាបជូនទៅលោកនាយកក្រុមហ៊ុន Phoenix Industrial ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នោះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹកស្ទឹងសង្កែ យ៉ាងតិច ១០ គីឡូម៉ែត្រ ហើយក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់បរិស្ថានដោយផ្ទាល់ រួមមានការប៉ះពាល់ការនេសាទ និងទិន្នផលនេសាទ ព្រមទាំងការផ្គត់ផ្គង់ទឹកស្អាត នូវចំនួនទឹកប្រាក់ ៩៣ ៥៦០ ដុល្លារអាមេរិក។ បន្ថែមលើនេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនផ្តល់សំណងប៉ះពាល់បរិស្ថានដោយប្រយោល រួមមានការបំពុលទឹកស្ទឹងសង្កែ និងសុខភាពសាធារណៈ នូវចំនួនទឹកប្រាក់ ៣៧៥ ០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនត្រូវមកបង់ប្រាក់សំណងផលប៉ះពាល់ទាំង ២ នេះទៅកាន់គណនីយនៃគណៈកម្មាធិការ មូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស) ឱ្យបានរួចរាល់មុនថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ជាកំហិត។
ក្រៅពីនេះក្រសួងបរិស្ថានក៏បានសម្រេចធ្វើពិន័យអន្តរការណ៍ ចំនួន ១៥០ លានរៀល លើបទល្មើសចំនួន ៥ រួមមាន ពិន័យចំនួន ៣០ លានរៀល ករណីបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែ និងត្រីពុលងាប់ និងពិន័យចំនួន ៣០ លានរៀល ករណីមានចេតនាធ្វើឱ្យលេចធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវដោយមិនឆ្លងកាត់ការសម្អាតបង្កឱ្យមានការបំពុល។ ពិន័យចំនួន ៣០ លានរៀល ករណីមិនបានអនុវត្តតាមលិខិតបញ្ជាកែប្រែ របស់ក្រសួងបរិស្ថាន។ ពិន័យចំនួន ៣០ លានរៀល ករណីមិនបានបូមសំណល់រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់ តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យមានការលេចធ្លាយសំណល់រាវនេះចូលស្ទឹងសង្កែ និងពិន័យ ចំនួន ៣០ លានរៀលទៀត លើករណីដំណើរការអាជីវកម្មដោយពុំទាន់មានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។
ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យដែលបានកំណត់នេះនៅ ច្រកចេញចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបានរួចរាល់មុន ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ ជាកំហិត។ ជាមួយគ្នានេះក្រសួងបានតម្រូវឱ្យក្រុមហ៊ុនធ្វើការស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុនថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាកំហិតផងដែរ។ ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាមផ្លូវតុលាការ និងច្បាប់ជាធរមាន»។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់ក្រុមហ៊ុន Phoenix Industrial ដែលផលិតម្សៅដំឡូងមី សម្បកគ្រាប់ថ្នាំពីម្សៅដំឡូងមី អេតាណុល និងសារធាតុបន្ថែមអាហារហ្វីនីក អ៊ីនដាស្ទ្រៀល ចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។
ក្រសួងនេះបញ្ជាក់ថា នេះជាលើកទី ៣ ហើយ ដែលក្រុមហ៊ុន Phoenix Industrial ធ្វើឱ្យធ្លាយសំណល់រាវជាទឹកកខ្វក់ចូលស្ទឹងសង្កែ ហើយការផ្អាកបណ្តោះអាសន្ននេះដើម្បីឱ្យក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញរាល់កំហុសឆ្គង។ នេះបើតាមលិខិតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះថ្ងៃទី ២ ខែសីហា។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែសីហាថា ការពិន័យនេះជាគំរូល្អដែលថ្ងៃក្រោយក្រុមហ៊ុនទាំងអស់នឹងមានការប្រុងប្រយ័ត្នខ្ពស់មិនឱ្យមានការលេចធ្លាយទឹកកខ្វក់ចូលក្នុងប្រភពទឹក។ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ និងគិតពីសុខភាពប្រជាជនជាធំ កុំធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិក៏ដូចជា អ្វីៗគ្រប់យ៉ាងទាំងអស់ ដែលជាផ្លូវសេដ្ឋកិច្ចក៏ដូចជា ផ្គត់ផ្គង់ចរន្តការប្រើប្រាស់សព្វយ៉ាង»៕