ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ សីហាថា ប្រភេទត្រីស៊ីសាច់មនុស្ស «ពីរ៉ាន់ញ៉ា (ត្រីចាប)» ជាត្រីដែលគ្រោះថ្នាក់បំផុតដែលឈ្មួញបានលួចនាំចូលកម្ពុជានោះ ត្រូវបានដកហូតបំផ្លាញចោលអស់ហើយ។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹងថា ត្រីប្រភេទស៊ីសាច់នេះ នៅកម្ពុជា ហៅថា ត្រីចាប ដោយត្រីចាបនេះ មានប្រភេទខ្លះកាចសាហាវ និងខ្លះមិនសូវកាចសាហាវទេ ហើយត្រីប្រភេទនេះតាមច្បាប់ គឺមិនត្រូវបានអនុញ្ញាតឱ្យនាំចូលជាដាច់ខាត ប៉ុន្តែមានឈ្មួញខ្លះលួចនាំចូលដោយលួចលាក់តាមប្រភពផ្សេងៗ។
លោកបញ្ជាក់ថា៖ «ក្រោយពីបានទទួលព័ត៌មានតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមនានារួចមក មន្ត្រីជំនាញនៃរដ្ឋបាលជលផលបានចុះទៅដល់ទីតាំងលក់ត្រី ដែលបាននាំចូលប្រភេទត្រីស៊ីសាច់មនុស្ស «ពីរ៉ាន់ញ៉ា» ដោយបានធ្វើការណែនាំដកហូតត្រីទាំងនោះយកទៅបំផ្លាញចោលរួចហើយ និងបានឱ្យអ្នកលក់នោះធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលប្រភេទត្រីនេះ និងត្រូវលុបវីដេអូ ដែលបានបង្ហោះជាសាធារណៈផងដែរ»។
បើតាម លោក ខូវ គួង វីដេអូ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមថ្មីៗនេះ ជាវីដេអូកើតមានយូរដែរហើយមិនមែនថ្មីៗនេះទេ ដោយករណីនេះ រដ្ឋបាលជលផលបានធ្វើការងារចប់សព្វគ្រប់ហើយ តែទើបមានអ្នកយកទៅកាត់ត និងបង្ហោះឡើងវិញ ដែលនាំឱ្យសាធារណជនមានការភ្ញាក់ផ្អើលបែបនេះ ខណៈដែលត្រីទាំងនោះត្រូវបានជលផលបំផ្លាញចោលអស់យូរមកហើយ។
បើតាមអនុប្រធានរដ្ឋបាលជលផលដដែលត្រីស៊ីសាច់មនុស្ស «ពីរ៉ាន់ញ៉ា» ឬកម្ពុជា ហៅថា ប្រភេទត្រីចាបនេះ មិនមានវត្តមាននៅកម្ពុជាទេ ហើយរដ្ឋបាលជលផល ក៏មិនអនុញ្ញាតឱ្យមានការនាំចូលយកមកលក់ ឬចិញ្ចឹមនោះដែរ ហើយបើអ្នកលក់នៅតែគឃ្លើនលួចនាំចូលនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា ត្រីពីរ៉ាន់ញ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្ត្រហៅថា Serrasalmas spp ជាត្រីទឹកសាប ១ ក្រុម ដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រីស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះមានទាំងអស់ ២៥ ប្រភេទ តែមានតែ ៤ ប្រភេទប៉ុណ្ណោះ ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។
ត្រីពីរ៉ាន់ញ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ដែលគេប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ ត្រីប្រភេទនេះ មានធ្មេញមុតស្រួចរាងត្រីកោណខ្នាតធំផ្នែកខាងក្បាលមានទំហំធំមានសាច់ដុំនៅបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើត្របាក់ខាំស៊ីសាច់សត្វណាដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ។ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។
សំឡេងប៉ះទង្គិចនៃទឹក ដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពីរ៉ាន់ញ៉ា ឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពីរ៉ាន់ញ៉ា នឹងប្រើធ្មេញដែលមុតស្រួចនោះ ខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នង បានត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពីរ៉ាន់ញ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពីរ៉ាន់ញ៉ា គ្រប់ប្រភេទអាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបានដូចត្រីឆ្លាមដែរ។
ត្រីពីរ៉ាន់ញ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្ត្រប់របស់ខ្មែរយើងដែរ។ ត្រីពីរ៉ាន់ញ៉ា ប្រភេទនីមួយៗ មានពណ៌អុចៗនៅលើដងខ្លួនខុសប្លែកពីគ្នា ស្រកាបរិវេណម្ដុំពោះ មានរាងជាបន្លាៗ ស្រដៀងធ្មេញរណារចំនួន ២៤-៣១ គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែ ១ ជួរ ជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល៕