ភ្នំពេញៈ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បាននិងកំពុងចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» សម្រាប់ជាផែនទីចង្អុលផ្លូវមួយ ដល់អ្នកធ្វើការងារចងក្រងសហគមន៍ ពិសេសដល់កសិករដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យស្បៀងអាហារអាចប្រើប្រាស់សម្រាប់ជំរុញដល់រដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យស្បៀងអាហារនៅកម្ពុជា។
លោក ថេង សាវឿន ប្រធាន CCFC ប្រាប់នៅថ្ងៃទី ១៣ សីហាថា សៀវភៅនេះ នឹងរួមចំណែកជំរុញដល់រដ្ឋាភិបាលឱ្យគិតគូរ និងយកចិត្តទុកដាក់បញ្ចូលកសិករខ្នាតតូចក្នុងវិស័យស្បៀងអាហារ ឱ្យទទួលបាននូវប្រព័ន្ធការពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចកម្មករ កម្មការិនីកាត់ដេរផងដែរ។ លោកថា នៅកម្ពុជា ភាគច្រើននៃកសិករជាអ្នកផលិតស្បៀងមិនបានយល់ដឹងស៊ីជម្រៅពីវិស័យស្បៀង និងផលប៉ះពាល់នៃសុខភាព រួមជាមួយនឹងការថែទាំសុខភាពនោះទេ។
លោក ថេង សាវឿន ថ្លែងថា ៖ «សម្រាប់ថេរវេលា នៃការចងក្រងសៀវភៅនេះ គឺយើងចាប់ផ្តើម សរសេរពីចុងឆ្នាំ ២០២២ ហើយយើងគ្រោងបញ្ចប់ និងផ្សព្វផ្សាយសៀវភៅគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ នេះ។ សម្រាប់ការគាំទ្រឧបត្ថម្ភសៀវភៅនេះ យើងទទួលបានមូលនិធិពីរដ្ឋាភិបាលបែលហ្ស៊ិកតាមរយៈអង្គការអុកស្វាមប្រចាំកម្ពុជា»។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពីការពង្រឹងសមត្ថភាព និងចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» រយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា ដល់បុគ្គលិកទាំងអស់របស់សមាគម ដើម្បីបង្កើនការយល់ដឹងពីរបៀបរៀបចំតាក់តែងចងក្រងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ តាមរយ:ការពង្រីកវិសាលភាព និងចំណេះដឹងពីយន្តការជំរុញឱ្យមានកិច្ចគាំពារសង្គមប្រកបដោយបរិយាប័ន្ន។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែសីហាថា ក្រសួងគាំទ្រចំពោះការចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» នេះ ព្រោះវាជារឿងល្អ និងជាការរួមចំណែកមួយរបស់អង្គការសង្គមស៊ីវិល នៅក្នុងការជួយគាំទ្រដល់ប្រជាកសិករ។
កញ្ញា អ៊ឹម រចនា បានប្រាប់ថា ការចងក្រងជាសហគមន៍កសិករ គឺជារឿងដែលក្រសួងកសិកម្មបានយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យមានការចងក្រងជាសហគមន៍ឱ្យបានច្រើន ព្រោះការចងក្រងសហគមន៍នេះអនុញ្ញាតឱ្យប្រជាកសិករមានឱកាសឈានទៅទទួលបានចំណេះដឹង និងបច្ចេកទេសក្នុងការធ្វើកសិកម្ម ជាពិសេសគឺធ្វើឱ្យកសិករ មានអំណាចក្នុងការតថ្លៃជាមួយឈ្មួញ និងអាជីវករនៅក្នុងទីផ្សារដោយផ្ទាល់ផងដែរ។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «នៅក្នុងអាណត្តិថ្មីនេះការចងក្រងជាសហគមន៍កសិករ គឺជាគោលនយោបាយអាទិភាពមួយ ដែលក្រសួងដាក់ចេញ និងជំរុញសម្រេចឱ្យបានកាន់តែល្អប្រសើរ នៅក្នុងអាណត្តិនេះ»។
យោងតាម CCFC បានលើកឡើងដែរថា ការប្រមូលចងក្រងសៀវភៅនេះ គឺជាការប្រមូលបទពិសោធន៍បច្ចេកទេស ការណែនាំពីវិធីសាស្ត្ររៀបចំផែនការចងក្រង និងកំណត់ក្រុមគោលដៅស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារដោយឱ្យប្រជាកសិករទទួលបានប្រយោជន៍នៃគោលនយោបាយ និងច្បាប់គាំពារសង្គមរបស់រាជរដ្ឋាភិបាលផងដែរ។
ប្រភពដដែលបន្តថា ដើម្បីជាការឆ្លុះបញ្ចាំងកត្តាខាងក្នុង និងខាងក្រៅដែលបានរួមចំណែកដល់ភាពជោគជ័យ ឧបសគ្គ កត្តាប្រឈមហានិភ័យ នៃការចងក្រង និងដាក់បញ្ចូលធាតុចូលសំខាន់ៗនៃយន្តការគន្លឹះអាទិភាពរបស់សមាគមក្នុងការឆ្លើយតបការអភិវឌ្ឍស្ថាប័នប្រកបដោយអភិបាលកិច្ច។
CCFC បញ្ជាក់ថា៖ «ការរពង្រីកប្រព័ន្ធគាំពារសង្គមគឺជាគោលដៅមួយក្នុងចំណោមគោលដៅដើម្បីបញ្ចប់ភាពក្រីក្រក្រោមគោលនយោបាយក្របខ័ណ្ឌកិច្ចគាំពារសង្គមរបស់ប្រទេសកម្ពុជាឆ្នាំ ២០២៥»៕