ភ្នំពេញៈ ក្រសួងព័ត៌មានសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានរួមគ្នាផ្សព្វផ្សាយសារទាក់ទងនឹងប្រភេទជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាអ្នកកើតជំងឺមិនឆ្លងនៅប្រទេសកម្ពុជា។
យោងតាមគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ១១ ខែសីហា បានឱ្យដឹងថា ក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោកបានរៀបចំកិច្ចប្រជុំពិនិត្យខ្លឹមសារស្តីពី «លើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារសុខភាព និងកាត់បន្ថយជាតិប្រៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។
ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃ បណ្តាលឱ្យមានពិការភាព បាត់បង់ពលកម្ម និងកំពុងតែគំរាមកំហែងដល់ភាពក្រីក្រ និងបង្កឱ្យមានការចំណាយយ៉ាងច្រើនទៅលើការថែទាំសុខភាព ដែលបណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា៖ ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង របបអាហារដែលគ្មានសុខុមាលភាព និងកង្វះកាយវប្បកម្មជាដើម។
លោក ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានថ្លែងនាឱកាសនោះថា នេះជាសកម្មភាពមួយនៃការចាប់ផ្ដើមលើកដំបូងរវាងកិច្ចសហប្រតិបត្តិការរបស់ទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹងអង្គការសុខភាពពិភពលោកក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោក ប៉ាង ណាត បានបញ្ជាក់ថា៖ «សង្ឃឹមថា ចាប់ពីពេលនេះតទៅ ក្រសួងព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតនៅក្រោមក្រសួងព័ត៌មាននឹងធ្វើការបណ្ដុះចំណេះដឹងជំនាញផ្នែកសុខុមាលភាពតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនេះ ហើយជួយបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដើម្បីឱ្យបានចំទិសដៅ និងងាយស្រួលទៅដល់ផលិតព័ត៌មាន ជាការរួមចំណែកក្នុងការធ្វើយ៉ាងណាចូលរួមទប់ស្កាត់ជំងឺមិនឆ្លងនេះ»។
ជាមួយគ្នានេះ លោក ឃឹម សំអាត តំណាងអង្គការសុខភាពពិភពលោកក៏បានថ្លែងដែរថា ទាក់ទងនឹងប្រភេទជំងឺមិនឆ្លងនេះគឺជារឿងសំខាន់ ដោយសារជំងឺប្រភេទនេះមិនសូវមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋដែលជាក្ដីកង្វល់របស់កម្ពុជា និងពិភពលោក។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៣ ខែសីហាថា វាជាការល្អមែនទែនដែលក្រសួងព័ត៌មាននិងអង្គការសុខភាពពិភពលោកបានផ្ដួចផ្ដើមរួមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីនាំសារពីបញ្ហាជំងឺមិនឆ្លងទៅកាន់ប្រជាពលរដ្ឋ។
ក្រៅពីនេះទៀត លោកបានបន្ដថា ទោះបីជាជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ គួរមានក្ដីបារម្ភនិងត្រូវចាប់ផ្ដើមប្រុងប្រយ័ត្នពីឥឡូវនេះ ហើយប្រសិនបើគ្មានការប្រុងប្រយ័ត្ននឹងជំងឺមិនឆ្លងនេះទេ វាអាចនឹងហួសពេល ពីព្រោះថា ជំងឺមិនឆ្លងវាជាឃាតករស្ងៀមស្ងាត់លាក់មុខ។
លោក នុត សម្បត្តិ បានថ្លែងថា៖ «យើងត្រូវតែមានវិធានការ ខណៈដែលក្រសួងសុខាភិបាលមានវិធានការណែនាំហើយ ក៏ប៉ុន្តែនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងត្រូវការមានការចូលរួម ជាពិសេសគ្រួសារនីមួយៗត្រូវការការចូលរួមឱ្យបានខ្លាំងមែនទែន ដើម្បីធ្វើយ៉ាងម៉េចទប់ស្កាត់ ក៏ដូចជាការផ្សព្វផ្សាយ និងការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារីហួសដែនកំណត់ ដែលបង្កជាជំងឺមិនឆ្លងបាន»។
លោកបានបន្ថែមថា ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយនានាមានការផ្សព្វផ្សាយជាប្រចាំស្ដីពីជំងឺមិនឆ្លងនេះទៅកាន់ប្រជាពលរដ្ឋនោះ លោកជឿជាក់ថា វានឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយជំងឺមិនឆ្លង៕