ភ្នំពេញៈសហភាពការងារកម្ពុជា (CLC)និងអង្គការអុកស្វាមបានសហការគ្នារៀបចំវេទិកាស្តីពី «ច្បាប់ និងគោលនយោបាយស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា»ក្នុងគោលបំណងឱ្យភាគីពាក់ព័ន្ធចែករំលែកការវិវឌ្ឍថ្មី និងផែនការបន្ទាប់ ដើម្បីឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមជាសកលនៅកម្ពុជា។
វេទិកានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែសីហា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន តំណាងនិយោជក (CAMFEBA) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអុកស្វាម (OXFAM) តំណាងពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)និងតំណាងសហភាពសហជីព សហព័ន្ធសហជីព សហជីព សមាគម សរុបជិត ១០០ នាក់។
យោងតាមសេចក្តីប្រកាសរបស់សហភាពការងារកម្ពុជាបានឱ្យបានដឹងថា ការសហការគ្នារៀបចំវេទិកាក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព និងផែនការបន្ទាប់ ដើម្បីឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមជាសកលនៅកម្ពុជា។
សហភាពការងារកម្ពុជា បានបញ្ជាក់ថា វេទិកានេះក៏បានបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់ប.ស.សក្នុងការបណ្តុះបណ្តាល និងពង្រឹងពុទ្ធិ និងស្តាប់មតិយោបល់របស់ថ្នាក់ដឹកនាំកម្មករនិយោជិត និងសហជីពមូលដ្ឋាន ក្នុងការទទួលបានការការពារ និងអត្ថប្រយោជន៍នានាក្រោមក្របខ័ណ្ឌនៃរបបសន្តិសុខសង្គម។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងនៅថ្ងៃទី១៤ ខែសីហាថា ការរៀបចំវេទិកានេះឡើង ដោយសារកន្លងមកលោកមើលឃើញថា ច្បាប់បទដ្ឋានគតិយុត្តនិងគោលនយោបាយជាច្រើនត្រូវបានអនុម័តពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម ខណៈដែលកម្មករនិយោជិត និងភាគីពាក់ព័ន្ធហាក់បីដូចជាមិនយល់ ជាពិសេសលិខិតបទដ្ឋានថ្មីៗ។
លោកបានឱ្យដឹងទៀត ភាគីពាក់ព័ន្ធដែលជាតួអង្គសំខាន់ៗ អាចមានឱកាសចែករំលែកការវិវត្តថ្មីៗ ក៏ដូចជាបញ្ហាប្រឈមនានា ដែលទាក់ទងនឹងរបបសន្តិសុខសង្គមនៅកម្ពុជា និងចូលរួមលើកកម្ពស់ចំណេះដឹងស្តីពីរបបសន្តិសុខសង្គមដល់កម្មករនិយោជិត រួមទាំងអនុសាសន៍ល្អៗ សម្រាប់អនុវត្តទៅថ្ងៃអនាគតផងដែរ។
លោកអាត់ ធន់ បញ្ជាក់ថា៖ «យើងក៏ចង់ដឹងពីគោលជំហររបស់ភាគី និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសស្ថាប័នសន្តិសុខសង្គមថាតើមានការវិវឌ្ឍអីថ្មីខ្លះ? និងមានវិសាលភាពអីសម្រាប់ប្រយោជន៍កម្មករនិយោជិត»។
លោកបន្ថែមថា ក្រៅពីនេះទៀត វេទិកានេះ ក៏បានបង្ហាញពីភាពរីកចម្រើន ការវិវឌ្ឍនិងវិសាលភាពសំខាន់ៗនៅក្នុងវិស័យសន្តិសុខសង្គមនៅកម្ពុជាក៏ដូចជាអត្ថប្រយោជន៍របបទាំង៣នៃវិស័យសន្តិសុខសង្គមផងដែរ រួមមាន៖ របបថែទាំសុខភាព,របបគ្រោះថ្នាក់ការងារ និងរបបចូលនិវត្តន៍ជាដើម៕