កំពង់ស្ពឺៈបាតុភូតកូនរដូវប្រាំង បានធ្វើឱ្យស្រូវជាង ៥ ០០០ ហិកតា នៅស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ខណៈដែលអាជ្ញាធរខេត្តនេះ បាននិងកំពុងជួយអន្តរាគមន៍បូមទឹកបញ្ចូលទៅប្រឡាយមេ និងប្រឡាយជើងក្អែប ដើម្បីឱ្យប្រជាពលរដ្ឋអាចបូមបន្តបញ្ចូលទៅក្នុងស្រែរបស់ខ្លួនបាន។
ការជួយអន្តរាគមន៍នេះ ធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយមានការចុះត្រួតពិនិត្យ ផ្ទាល់ពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្ត បានឱ្យដឹងបន្ថែមនៅថ្ងៃទី១៤ ខែសីហា តាមប្រព័ន្ធតេឡេក្រាមពីប្រទេសចិនថា ស្រូវស្រែរបស់ប្រជាពលរដ្ឋ នៅចំនួន២ ស្រុក គឺស្រុកគងពិសី និងស្រុកសំរោងទង ត្រូវរងផលប៉ះពាល់ដោយការខ្វះទឹក ដោយសារតែបាតុភូតកូនរដូវប្រាំង ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងចន្លោះខែកក្កដា និងខែសីហា។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្នស្រុកចំនួន២ នេះ មានផ្ទៃដីស្រែជាង ៥ ០០០ ហិកតា កំពុងទាមទារឱ្យមានការជួយសង្គ្រោះ ហើយក្នុងនោះផ្ទៃដីស្រែ ដែលរងផលប៉ះពាល់ច្រើនជាងគេគឺក្នុងស្រុកគងពិសី ដែលមានចំនួនប្រមាណជិត ៥ ០០០ ហិកតា ខណៈស្រុកសំរោងទងរងផលប៉ះពាល់ប្រមាណ៨៥ហិកតា»។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដាក់ម៉ាស៊ីនខ្នាតធំចំនួន២គ្រឿងដើម្បីបូមទឹកចេញពីប្រឡាយមេទម្លាក់ទៅក្នុងប្រឡាយជើងក្អែប ដោយការបូមធ្វើឡើង២ដំណាក់កាល។ក្នុងនោះពលរដ្ឋម្ចាស់ស្រែបានដាក់ម៉ាស៊ីនដើម្បីបូមទម្លាក់ទៅក្នុងស្រែរៀងខ្លួនចំនួន៥០គ្រឿង ដែលប្រេងសម្រាប់ប្រើប្រាស់ក្នុងការបូមនេះគឺឧបត្ថម្ភដោយមន្ទីរជំនាញផងដែរ។
លោក វ៉ី សំណាង បានបង្ហាញក្ដីរំពឹងថា ការចុះអន្តរាគមន៍នេះ នឹងអាចសង្គ្រោះស្រូវចេញពីការខូចខាតបានក្នុងរយៈដ៏ខ្លីខាងមុខ ពីព្រោះខេត្តមានអាងទំនប់ស្តុកទឹកច្រើនកន្លែង ដែលមានសមត្ថភាពក្នុងការបង្ហូរទឹកទៅដល់ចំណុចរងគ្រោះ។ តែជាមួយនោះក៏ទាមទារឱ្យម្ចាស់ស្រែដែលរងផលប៉ះពាល់ទាំងអស់ ជួយរាយការណ៍មកអាជ្ញាធរមូលដ្ឋានដែលនៅជិតដើម្បីឱ្យជំនាញមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។
ពាក់ព័ន្ធករណីគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំងនេះដែរ លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប ដែលបានបោះទុនវិនិយោគលើការដាំដុះដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ចំពោះបញ្ហាខ្សត់ទឹកភ្លៀងនេះ ដោយលោកបានសង្កេតឃើញដីប្រេះក្រហែងបណ្តាលមកពីភាពរាំងស្ងួតយូរពេកធ្វើឱ្យស្រូវពង្រោះនៅក្នុងស្រែទាំងអស់របស់ប្រជាកសិករក្រៀមស្រពោន និងប្រហែលជាមិនអាចទទួលបានផលទេ។
លោកបានឱ្យដឹងផងដែរថា ចំពោះដំណាំដែលក្រុមហ៊ុនរបស់លោកបានដាំដុះ បានបូមទឹកស្រោចស្រពជាបន្តបន្ទាប់ បើមិនដូច្នេះទេ នឹងខូចខាតច្រើន និងមិនសូវទទួលបានទិន្នផលល្អទេ។
លោក ម៉ុង ឫទ្ធី បានបញ្ជាក់ថា៖«ដំណាំរបស់ខ្ញុំដូចជា ដូង ក្រូច ត្របែក ជាដើមហ្នឹង ត្រូវបូមទឹកស្រោចរាល់ថ្ងៃហ្នឹង បើមិនអ៊ីចឹងទេងាប់អស់ តែសម្រាប់ស្រូវស្រែរបស់កសិករ ខ្ញុំសង្កេតឃើញថា មួយផ្នែកបានខូចខាតបាត់ទៅហើយ បើទោះបីជាអាជ្ញាធរប្រឹងប្រែងជួយអន្តរាគមន៍បូមទឹកយ៉ាងណា ក៏ពិបាកសង្គ្រោះដែរ ដោយសារមានតែម៉ាស៊ីន អត់ទឹកបូមដាក់ ខណៈភ្លៀងធា្លក់តិចតួចទេ»។
បើតាមការថ្លែងប្រាប់ពីលោកអភិបាលខេត្តកំពង់ស្ពឺ ដដែលថា មន្ទីរកសិកម្មខេត្តរបស់លោកក៏បានត្រៀមស្រូវពូជមួយចំនួនធំហើយ សម្រាប់ចែកជូនដល់កសិករ ដែលមានស្រូវខូចខាតទាំងស្រុង សម្រាប់ដាំដុះឡើងវិញនៅពេលចប់កូនរដូវប្រាំង ដើម្បីបង្កបង្កើនទៅតាមផែនការដែលបានកំណត់។
មន្ត្រីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចទាក់ទងសុំព័ត៌មានបន្ថែមបានទេនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
សូមរំឭកថា កាលពីចុងខែកក្កដា ខេត្តកំពង់ស្ពឺ ទើបតែជួបប្រទះគ្រោះទឹកជំនន់រួច ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវក្នុងស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ដែលបានឱ្យប៉ះពាល់ដល់ពលរដ្ឋជិត ២០០ គ្រួសារ និងខូចខាតផ្លូវសរុបជាង ១ ៤០០ ម៉ែត្រផងដែរ៕