ភ្នំពេញៈ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងកំពុងប្រឈមនឹងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។
យោងតាមអាជ្ញាធរជាតិអប្សរានៅពីថ្ងៃ១៤ ខែសីហាបានឱ្យដឹងថា ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងពីស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។
លោកថ្លែងថា ៖ «ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គនាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ»។
បច្ចុប្បន្ន ក្រុមការងារកំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ ដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយនឹងបច្ចេកទេសបិទស្នាមប្រេះនៅតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។ នេះបើតាមការបញ្ជាក់ពីលោក សារាយ គឹមហួល។
លោកបន្ថែមថា ដំណាក់កាលដំបូងដែលត្រូវជួយជុលបន្ទាន់ គឺត្រូវពង្រឹងគ្រឹះឬសង្គ្រោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវធ្វើនៅកន្លែងផ្សេងៗទៀត ដែលមានហានិភ័យបន្តបន្ទាប់។
លោកបញ្ជាក់ថា ៖ «ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែងដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹកដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ធ្លាប់បានបញ្ជាក់ប្រាប់កាលពីដើមខែសីហា កន្លងមកថា ការងារជួសជុលប្រាសាទនេះ គឺជាកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាប៉ុន្តែអ្វីដែលសំខាន់គឺអាជ្ញាធរជាតិអប្សរា មានផែនការអនុវត្តកិច្ចការងារច្បាស់លាស់ទៅលើការជួសជុល ការថែទាំ និងសម្អាត។
លោកថា ការងារគ្រប់គ្រងការជួសជុល និងថែទាំរបស់អាជ្ញាធរជាតិអប្សរា ធ្វើទៅតាមផែនទីចង្អុលផ្លូវ ហើយផ្តោតទៅលើការងារអាទិភាព។បើការជួសជុលទីតាំងមួយបញ្ចប់ រួចរាល់ហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានឹងប្តូរទៅទីតាំងអាទិភាពទី២ និងទៅទី៣ទៀតជាដើម។
សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការទល់ទ្រដើម្បីទប់លំនឹងរចនាសម្ព័ន្ធប្រាង្គទី២២ នៃប្រាសាទបាគងនេះដែរ៕