ភ្នំពេញៈអន្តរក្រសួង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាពង្រឹងការគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ក្នុងគោលបំណងប្រមូលទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា រវាងសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹងនៃក្រសួងបរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងជាច្រើនរូបទៀត។
ក្រសួងបរិស្ថាន បានប្រកាសឱ្យដឹងថា MoUនេះធ្វើឡើងដើម្បីជំរុញការប្រមូល ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន។
តាមរយៈអនុស្សរណៈនេះ សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹងនៃក្រសួងបរិស្ថាន នឹងសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ស្ដីពីការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញផុតរយៈពេលប្រើប្រាស់ ដែលរឹបអូសបាន យកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង។ ខណៈក្រសួងបរិស្ថាន ក៏នឹងសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (អ ស ផ ស) ស្ដីពីការដឹកជញ្ជូនសាកសពសត្វ សំណល់សាច់សត្វ និងផលិតផលសាច់សត្វគ្រប់ប្រភេទ ដែលរឹបអូសបាន ដើម្បីយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹងផងដែរ។
ទាក់ទិនចំណុចនេះ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានថ្លែងគាំទ្រ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធ ខណៈលោកក៏គាំទ្រឱ្យអន្តរក្រសួងសហការគ្នារៀបចំ និងគ្រប់គ្រងរាល់ទំនិញដែលបង្កគ្រោះថ្នាក់ ពិសេសទំនិញក្លែងក្លាយ ខូចគុណភាព ហួសសុពលភាពក្នុងការប្រើប្រាស់ ដែលជាទំនិញប៉ះពាល់ដល់សុខភាពសាធារណៈឱ្យបានត្រឹមត្រូវ។
លោកបានលើកឡើងថា៖«នេះគឺកិច្ចការសំខាន់ណាស់ ព្រោះកិច្ចការទាំងនេះ គឺជាកិច្ចការរសើបដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍មួយបន្ទាន់ ព្រោះថា បើសិនជាទំនិញដែលបង្កគ្រោះថ្នាក់ទាំងនោះ ទុកដាក់មិនបានត្រឹមត្រូវ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ បរិស្ថាន សេដ្ឋកិច្ចគ្រួសារ និងជាតិថែមទៀត»។
យ៉ាងណាក្តី ក្រៅពីបង្កើនការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ លោក ហុង វណ្ណៈ ក៏បានជំរុញឱ្យអាជីវករអាជ្ញាធរមានសមត្ថកិច្ចនៅតាមព្រំដែន គួរតែពង្រឹងការរឹតបន្តឹងច្បាប់ និងគ្រប់គ្រងការត្រួតពិនិត្យ ពិសេសទប់ស្កាត់ទំនិញគ្រោះថ្នាក់ទាំងនោះ មុនឱ្យនាំចូលមកកាន់កម្ពុជា ដើម្បីកុំឱ្យក្លាយជាបន្ទុកធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបរិស្ថានរបស់ជាតិទៅថ្ងៃក្រោយ។
យោងតាមក្រសួងបរិស្ថាន បានលើកឡើងថា រាជរដ្ឋាភិបាលបានចាប់ផ្ដើមសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងធំ១ដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ថិតនៅផ្លូវជាតិលេខ៥១ នៃស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាទីលានបម្រើឱ្យក្រុងភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
ក្រសួងបានបន្តថា នៅមានទីលានចាក់សំរាមដែលបានសាងសង់រួចហើយមួយចំនួនទៀតដូចជា ខេត្តព្រះសីហនុ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តស្វាយរៀងជាដើម។
យ៉ាងណាក្តី តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន ក៏បានអនុញ្ញាតឱ្យសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរទីលានទុកដាក់សំរាម សំណល់រឹង រៀបចំចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលចាប់និងរឹបអូសទំនិញខូចគុណភាព យកទៅទុកដាក់នៅទីលាន ដោយសហការជាមួយមន្ទីរបរិស្ថាន ឬអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្ត ក្រុងផងដែរ៕