ភ្នំពេញៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើការណែនាំ និងផ្តាំផ្ញើទៅដល់និស្សិតជយលាភី ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ឱ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យច្បាស់លាស់ និងត្រឹមត្រូវ។
លោកបានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ដល់និស្សិតចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
តាមរយៈក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ថា ៖ «និស្សិតទាំងនេះជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ដែលមានលក្ខណសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត»។
លោក ស ខេង បន្ថែមថា នេះជាសក្ខីភាពបង្ហាញពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះដែរ លោកក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ស្របតាមស្តង់ដាគុណភាព និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
លោក ស ខេង ក៏បានកោតសរសើរចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន នាពេលកន្លងមក ហើយលោកបានចាត់ទុកថា ការងារនេះបង្ហាញជាលទ្ធផលថា ៖ «យើងកាន់តែមានសមត្ថភាព កាន់តែមានលទ្ធភាព និងម្ចាស់ការ ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលរបស់យើង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងនាឱកាសនោះដែរថា និស្សិតជយលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ក្រសួងមហាផ្ទៃក៏បានលើកឡើងដែរថា ការប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ដល់និស្សិតជយលាភីនាពេលនេះ ជាសក្ខីភាពបង្ហាញពីលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទ្រទ្រង់ និងបំពេញតម្រូវការ នៃការងារបណ្តុះបណ្តាល។
ប្រភពដដែលបានបន្តទៀតថា ទាំងនេះជាគោលដៅបណ្តុះបណ្តាលតម្រង់ទិសទៅរកនគរបាលអាជីព ដែលមានសមត្ថភាពជំនាញច្បាស់លាស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធិមនុស្ស និងជំនាញយុទ្ធវិធីនគរបាល ស្របតាមកម្មវិធីកំណែទម្រង់នគរបាលជាតិ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ព្រមទាំងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា៕