ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងឱ្យដឹងថា ជោគជ័យនៃការងារក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ បានបង្ហាញពីការអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត។ យោងតាមលោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៤ ខែសីហា ក្នុងខេត្តបាត់ដំបង។
លោក នុត សុខុម បានថ្លែងថា៖ «ផ្អែកតាមសមិទ្ធផល និងជោគជ័យនៃការងារទាំងអស់នេះ ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ហើយសមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានអាស្រ័យលើការប្ដូរផ្ដាច់គោរព និងអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត»។
លោកបានបន្តថា ក្នុងនោះក៏មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ផងដែរ។
យោងតាមរបាយការណ៍របស់លោក នុត សុខុម បានឱ្យដឹងថា គ.ជ.ប បានចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋបានចំនួនជាង ៩,៧ លាននាក់ ទៅក្នុងបញ្ជីបោះឆ្នោត និងបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ១៨ គណបក្សនយោបាយ។
គ.ជ.ប បានទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយចំនួន ៥៧ ០១២ នាក់ជាអ្នកសង្កេតការណ៍បោះឆ្នោត និងបានអនុញ្ញាតជូនអ្នកសង្កេតការណ៍បោះឆ្នោតជាតិចំនួន ៨៩ ៥៦២ នាក់ ក្នុងនោះអ្នកសង្កេតការណ៍ចល័តមានចំនួន ១៥៧ នាក់ មកពី ១៣៤ សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
ចំណែកឯ អ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ៦០៤ នាក់ ក្នុងនោះរួមមាន ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ២៦៨ នាក់ មកពី ២៦ ស្ថាប័នប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥ នាក់ មកពី ១២ ស្ថាប័ន។ ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤ នាក់, អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧ រូប និងភ្ញៀវពិសេស ១៨ នាក់។
លោក នុត សុខុម បានថ្លែងថា៖ «ទោះបីជាមានការញុះញង់តាមបណ្ដាញសង្គមមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោលក៏ដោយ យើងឃើញថា ចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមានចំនួនជាង ៨,២ លាននាក់ ស្មើនឹង ៨៤,៥៩ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប បានទៅបោះឆ្នោតសម្ដែងឆន្ទៈរបស់ពួកគាត់ដោយសេរី និងអនុវត្តសិទ្ធិបោះឆ្នោតប្រកបដោយសុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិក ដែលបានចូលរួមសន្និបាតរបស់ គ.ជ.ប នេះដែរបានប្រាប់ថា លោក នុត សុខុម បានបង្ហាញពីមោទនភាព ចំពោះការរៀបចំការបោះឆ្នោត ប្រកបដោយភាពវិជ្ជមានជ្រុលបន្តិចហើយ ព្រោះធម្មតា ការរៀបចំការបោះឆ្នោតនីមួយៗ មិនថា នៅកម្ពុជា ឬនៅសហរដ្ឋអាមេរិកនោះទេ គឺវាមិនដែលល្អឥតខ្ចោះនោះទេ។
លោកបានថ្លែងថា៖ «គាត់និយាយគ្រប់ចំណុចនៃដំណើរការបោះឆ្នោត គឺវិជ្ជមានទាំងអស់ទាំងអ្នកសង្កេតការណ៍ និងគណបក្សទាំងអស់ និងអ្នកបោះឆ្នោតជាដើម វាល្អទាំងអស់។ យើងមើលទៅវាហួសហេតុ វាលើសពេក។ វាមិនដែលមានទេ ទាល់តែប្រទេសគេជឿនលឿន ហើយប្រទេសប្រជាធិប-តេយ្យខ្លះក៏មិនដល់ហ្នឹងដែរ ទាំងអាមេរិកក្តី អូស្ត្រាលីក្តី វាមិនដែលឥតខ្ចោះអ៊ីចឹងទេ»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះត្រូវបានរៀបចំប្រកបដោយតម្លាភាព និងមានសុក្រឹតភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីជាជំនួយដល់កិច្ចប្រតិបត្តិការដោយដៃរបស់មន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់-កាលនៃការបោះឆ្នោត។
លោកបន្តថា៖ «ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសុខភាពសាធារណៈនៅប្រទេសកម្ពុជាមានការវិវឌ្ឍល្អប្រសើរ ដែលបង្កលក្ខណៈ និងបើកលម្ហប្រជាធិបតេយ្យសម្រាប់គ្រប់គណបក្សនយោបាយដែលមានគុណវុឌ្ឍិស្របតាមច្បាប់ជាធរមានអាចចូលរួមប្រកួតប្រជែងដោយសេរី និងដោយស្មើភាព»។
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងពីថ្ងៃទី ១៤ និងទី ១៥ ខែសីហា ដែលសន្និបាតនឹងចូលរួមបិទក្រោមអធិបតីភាពលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប ផងដែរ៕