ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ ដែលជារដ្ឋមន្ដ្រីអាណត្ដិទី៧ បានចាត់ទុកថា ជយលាភីអាហារូបករណ៍ដែលនិស្សិតកម្ពុជាទទួលបានពីប្រទេសជប៉ុន គឺកើតឡើងដោយសារចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងកត្តាសុខសន្តិភាព។ លោក ហេង សួរ តំណាងឱ្យលោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីជួបជុំសំណេះសំណាលជាមួយនឹងនិស្សិតកម្ពុជាចំនួន ២៦ រូប ដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៥ កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣។
នៅក្នុងឱកាសនោះ លោក ហេង សួរ តំណាងឱ្យលោក ហ៊ុន ម៉ាណែត បានបង្ហាញការសាទរ និងចាត់ទុកជយលាភីអាហារូបករណ៍ជប៉ុន (JDS) ទាំងអស់ថាជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់និស្សិតជយលាភីអាហារូបករណ៍ទាំង ២៦ រូប ឱ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដើម្បីជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «អាហារូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះគឺកើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ឆ្លៀតឱកាសនោះលោក ហេង សួរ ក៏បានក្រើនរំឭកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុច្ឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅទីនោះ។
ទន្ទឹមនឹងនេះលោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា និស្សិតជយលាភីទាំងអស់នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះដើម្បីនាំយកចំណេះដឹងវិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ ហើយរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងនៅថ្ងៃទី ១៤ ខែសីហាថា ការផ្តល់អាហារូបករណ៍ពីប្រទេសខាងក្រៅ ជាពិសេសពីប្រទេសដែលមានការជឿនលឿនគឺជាលំហូរ និងជាឱកាសដ៏ល្អសម្រាប់និស្សិតកម្ពុជា ដែលអាចទទួលបានការផ្លាស់ប្តូរទាំងចំណេះដឹង និងវប្បធម៌គ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «ជាការពិតបើគ្មានសន្តិភាពក៏មិនអាចមានកម្ពុជាពេលនេះដែរ ហេតុនេះខ្ញុំសូមគាំទ្រឱ្យមានការផ្លាស់ប្តូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ព្រោះជាឱកាសនៃការនាំយកវប្បធម៌ បទពិសោធន៍ អរិយធម៌ ពិសេសភាពពិតជាក់ស្តែងដែលកម្ពុជាកំពុងមាន គឺសន្តិភាពនេះទៅកាន់បណ្តាប្រទេសទាំងនោះ»។
លោកបានបន្តថា៖«អ៊ីចឹងហើយខ្ញុំសូមឱ្យនិស្សិតទាំងអស់ចេះចាប់ឱកាសប្រឹងប្រែងក្រេបយកចំណេះដឹងទាំងនោះ កុំឱ្យគេមើលឃើញ ចំណុចមិនល្អតូចណាមួយ ហើយវាយតម្លៃត្រឹមចំណុចនោះថាប្រទេសយើងមិនល្អ»។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩៣ មកទល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១ ៤៨០ នាក់ បានទៅសិក្សានៅប្រទេសជប៉ុន។ដោយឡែកចំពោះអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។
គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨ នាក់ បានទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងអាហារូបករណ៍ JDS។ ក្នុងឆ្នាំ ២០២៣ នេះ មានមន្ត្រីរាជការកម្ពុជាសរុបចំនួន ២៦ រូប (ស្រី ១២ រូប) មកពីក្រសួង-ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន ១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះ ២ រូប សិក្សាថ្នាក់បណ្ឌិត និង ២៤ រូបសិក្សាថ្នាក់អនុបណ្ឌិត៕