ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីកម្ពុជាគ្រោងធ្វើដំណើរទៅប្រទេសចិននៅពាក់កណ្តាលខែកញ្ញាខាងមុខ ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ ២០២៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ីជាអ្វីដែលអ្នកវិភាពថ្លែងថា ជាការផ្តល់តម្លៃដល់ចិនជាអាទិភាព ក្រោយតែងតាំងជាប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីជាផ្លូវការ។
យោងតាមគេហទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៣ ខែសីហា ដែលបានលើកឡើងពីជំនួបសម្តែងការគួរសមរវាងលោក ហ៊ុន ម៉ាណែត និងលោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។
នៅក្នុងជំនួបនេះ លោក វ៉ាង យី បានបញ្ជាក់បន្ថែមពីជំហររបស់ចិនក្នុងការជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងជិតស្និទ្ធជាមួយកម្ពុជា។
ប្រភពដដែលបានបន្តថា លោក វ៉ាង យី បានលើកឡើងដែរថា ចិនត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា គឺលោក ហ៊ុន ម៉ាណែត និងការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណពីជំហរឥតប្រែប្រួលរបស់ចិន ខណៈរដ្ឋាភិបាលថ្មីកម្ពុជាក៏រក្សាគោលជំហររបស់រដ្ឋាភិបាលចាស់ផងដែរចំពោះមិត្តភាពកម្ពុជា-ចិន ជាពិសេសការបន្តគាំទ្រ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកហ៊ុន ម៉ាណែត បន្ថែមថា លោកនឹងមានវត្តមានផងដែរក្នុងពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ ខាងមុខ។
ជុំវិញរឿងនេះ លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅចិនជារឿងសំខាន់ ទាំងសម្រាប់ក្របខ័ណ្ឌអាស៊ានផង និងសម្រាប់កម្ពុជាផងនិងសម្រាប់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងនាមលោកជាប្រមុខរដ្ឋាភិបាលថ្មីផង។
លោកបានបញ្ជាក់ថា៖ «ដំណើរទៅចិនរបស់លោក [ហ៊ុន ម៉ាណែត] ជារឿងសំខាន់ ព្រោះចិននៅក្នុងអាស៊ីដែលសុទ្ធសឹងជាជនជាតិមានមនោសញ្ចេតនាខ្ពស់ ហើយចិនចង់ឱ្យសមាជិក និងមិត្តភក្តិនានារាប់អានខ្លួនដោយស្មោះត្រង់ និងអស់ពីចិត្ត។ កម្ពុជាយើងបានរាប់អានចិនដោយស្មោះត្រង់និងអស់ពីចិត្តតាំងពីជំនាន់សម្តេចសីហនុ ជំនាន់សម្តេច ហ៊ុន សែន មកជំនាន់លោកបណ្ឌិត ហ៊ុន ម៉ាណែត»។
លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីទៅកាន់ប្រទេសចិន ជារឿងសំខាន់ទាំងនៅពាក់កណ្តាលខែកញ្ញា និងពាក់កណ្តាលខែតុលា ព្រោះប្រទេសចិនជាប្រទេសផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ហើយដំណើរទស្សនកិច្ចទាំង ២ លើកខាងមុខ នឹងក្លាយជាដំណើរប្រវត្តិសាស្ត្រនៃការចាប់ផ្តើមពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ក្នុងសម័យកាលដឹកនាំរដ្ឋដោយលោក ហ៊ុន ម៉ាណែត។
សម្រាប់លោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ក៏បានថ្លែងដែរថា ក្នុងទំនាក់ទំនងការបរទេសនៅពេលមេដឹកនាំប្រទេសថ្មីធ្វើដំណើរទស្សនកិច្ចទៅប្រទេសបរទេសណាមួយ វាបង្ហាញពីសារៈសំខាន់នៃប្រទេសបរទេសនោះសម្រាប់ប្រទេសសាមីខ្លួនទៅលើផលប្រយោជន៍ និងនយោបាយការបរទេស។
ក្នុងន័យនេះលោកថ្លែងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅចិនក្រោយការតែងតាំងជានាយករដ្ឋមន្ត្រីផ្លូវការមែននោះបង្ហាញច្បាស់ពីនយោបាយការបរទេសរដ្ឋាភិបាលលោកដែលផ្តល់អាទិភាពចំពោះចិន។លោកបានបញ្ជាក់ថា៖ «ប្រសិនបើលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនខាងមុខធ្វើឡើងដោយមានជំនួបក្របខ័ណ្ឌទ្វេភាគី មានការជួបថ្នាក់ដឹកនាំកំពូលចិន តួយ៉ាងជាមួយលោក ស៊ី ជីនភីង នោះវារឹតតែបង្ហាញច្បាស់ពីការផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងដែកថែបកម្ពុជា-ចិន»។
លោក វណ្ណ ប៊ុនណា បានបន្តថា ក៏ប៉ុន្តែប្រសិនបើគ្រាន់ជាជំនួបក្របខ័ណ្ឌអាស៊ាន-ចិន ឬគ្រាន់តែចូលរួមពិព័រណ៍ចិន-អាស៊ានវិញ គឺមិនបង្ហាញការផ្តល់សារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំង ២ នៃរដ្ឋាភិបាលថ្មីឡើយ។
សូមរំឭកដែរថា លោក វ៉ាង យី ទើបបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕