ភ្នំពេញៈ ក្នុងរយៈពេល ១០ ថ្ងៃ មានស្ត្រីមានផ្ទៃពោះ និងមានកូនអាយុក្រោម ២ ឆ្នាំ ជិត ២០០ នាក់ ទទួលបានអត្ថប្រយោជន៍បន្ថែមពីគោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ខណៈស្ត្រី បង្ហាញការពេញចិត្តក្នុងការទទួលបានកញ្ចប់ថវិកាឧបត្ថម្ភបន្ថែមនេះ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានឱ្យដឹងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសដំឡើងកម្រិតនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម គិតចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នេះ សមាជិក ប.ស.ស. ជាស្ត្រីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧ នាក់។ បន្ថែមពីនេះសមាជិក ប.ស.ស. ជាស្ត្រីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាលមានចំនួន ៣០ នាក់ និងទទួលប្រាក់ឧបត្ថម្ភពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២ នាក់។
លោកបញ្ជាក់ថា៖ «គោលនយោបាយនេះជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ។ នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស បើកផ្ដល់ជូនជា ៣ ដំណាក់កាល ដែលស្មើនឹងចំនួន ១៥ លើក»។
បន្ថែមពីនេះ លោក ហេង សុផាន់ណារិទ្ធ ក៏អំពាវនាវដល់កម្មករនិយោជិតជាស្ត្រីទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. ឱ្យមកទទួលប្រាក់បំណាច់មាតុភាពចំនួន ៧០ ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតពី ប.ស.ស.ផងដែរ។
លោកបញ្ជាក់ថា៖ «ពីមុនពិនិត្យសុខភាពអស់លុយ។ ឥឡូវពិនិត្យសុខភាពបានលុយ។ ពិនិត្យសុខភាពមុនសម្រាលបាន ៤ ដង ម្តងបាន ៨ ម៉ឺនរៀល ហើយនៅពេលដល់ថ្ងៃសម្រាលពីមុនកូន ១ ទទួលបាន ៤០ ម៉ឺនរៀលទេ។ ប៉ុន្តែឥឡូវនេះ កូន ១ ទទួលបាន ៨០ ម៉ឺនរៀល...បើយើងគិតមើលទៅ ប្រាក់ឧបត្ថម្ភនេះ កើនឡើងទ្វេដង។ ក្នុងនោះក្រោយពេលសម្រាលរួច អាចទៅពិនិត្យសុខភាព ៣ ដងបន្ថែមទៀត និងយកកូនទៅចាក់វ៉ាក់សាំង ៧ ដងទៀត ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ លើកៗ ៨ ម៉ឺនរៀលដែរ»។
អ្នកស្រី ចិន សុភាជ ដែលទើបសម្រាលកូនបានប្រមាណ ៣ សប្តាហ៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយបង្ហាញការពេញចិត្តថា អ្នកស្រី និងគ្រួសារទទួលបានទាំងអត្ថប្រយោជន៍ចាស់ និងអត្ថប្រយោជន៍បន្ថែមក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ ក្នុងអំឡុងពេលនោះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ដែលអត្ថប្រយោជន៍ទាំងនេះ បានចូលរួមជួយគាំទ្រដល់ជីវភាពគ្រួសារបានមួយកម្រិតផងដែរ។
អ្នកស្រីបានរៀបរាប់ថា៖«ក្នុងនាមខ្ញុំជាស្ត្រី ខ្ញុំសប្បាយចិត្តជាខ្លាំង ដែលរដ្ឋាភិបាលបង្កើនគោលនយោបាយបន្ថែមដល់ស្ត្រីមានផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល។ គោលនយោបាយទាំងនេះ គឺល្អ ព្រោះជួយសម្រួល និងកាត់បន្ថយការចំណាយច្រើនដល់ពួកខ្ញុំក្នុងពេលមានផ្ទៃពោះ។ សម្រាប់ខ្ញុំផ្ទាល់ អ្វីដែលខ្ញុំសប្បាយចិត្តទៀតនោះ គឺពេលទៅមន្ទីរពេទ្យ គឺក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ធ្វើការព្យាបាលយើងដែលជាអ្នកជំងឺ»។
លោក ប្រាក់ សារ៉ាត អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្នុងនាមអាជ្ញាធរដែនដីបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយដែលមិនទាន់បានចុះបញ្ជី ត្រូវប្រញាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស.។
លោកថា ការទៅចុះបញ្ជីនេះ គឺចៀសវាងខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការរាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត៕