តាកែវៈ នំអន្សម នំគម នំត្នោត ដែលជា​នំ​ខ្មែរ​ធ្វើ​ដោយ​ដៃ និង​នំ​ច្រើន​មុខ​ទៀត​ត្រូវបាន​ដាក់លក់​នៅក្នុង​សាលា​មួយ​នៃ​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​ខេត្តតាកែវ​។ ការអនុវត្ត​បែបនេះ​ក៏​ស្របទៅនឹង​បម្រាម​របស់​ក្រសួង​អប់រំ​យុវ​​ជន និង​កីឡា​ដែល​ហាម​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​ទូទាំងប្រទេស​មិនឱ្យ​លក់​ចំណី​ ៦ ​ប្រភេទ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស​។​

«​មុនដំបូង​មាន​ភាព​តានតឹង​បន្តិច​ដែរ ព្រោះថា កាលពី​នៅ​លក់ដូរ​ចម្រុះ​ចេះតែ​លក់បាន​លុយ​ច្រើន តែ​ដល់ពេល​កាត់បន្ថយ​មុខ​នំ​ខ្លះទៅ រាង​លក់​មិនបាន​លុយ​ដែរ តែ​ឥឡូវ​ធម្មតា​វិញ​ហើយ​»​។ នេះ​ជាស​ម្តី​របស់​អ្នកស្រី​ សុខ ចាន់ថន អាយុ​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​ហង់​ហេង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​អ្នកស្រី​ ចាន់ថន រៀបរាប់ថា អ្នកស្រី​ជា​អ្នកលក់​នំចំណី​នៅក្នុង​សាលា​បឋម​សិក្សា​អង្គរកា​ជាង​ ១០​ ឆ្នាំ​មកហើយ​។​ កាលពីមុន​អ្នកស្រី​លក់​តែ​នំ​កញ្ចប់ និង​ភេសជ្ជៈ​ផ្អែមៗ​ដល់​សិស្សសាលា តែ​ក្រោយមក ទាំង​អ្នកស្រី​ក៏ដូចជា​អ្នក​លក់​ក្នុង​សាលា​ផ្សេងទៀត​ត្រូវបាន​នាយក​សាលា​ហៅ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​ឱ្យ​ប្រែ​មក​លក់​នំ​ខ្មែរ​វិញ​។​ ការប្តូរ​ពី​លក់​នំ​កញ្ចប់​មក​លក់​នំ​ខ្មែរ​នេះ កាល​​ពីដំបូងៗ​អ្នកស្រី​ពិបាក​កែ​ទម្លាប់​ដែរ ពីព្រោះ​ធ្លាប់តែ​លក់​នំ​កញ្ចប់​ហើយ​លក់ដាច់ តែ​ពេល​សាលា​តម្រូវឱ្យ​ឈប់​លក់​នំ​កញ្ចប់​ការលក់​ក៏​ធ្លាក់ចុះ​ដែរ​។​

​អ្នក​បន្តថា​៖ «​ប៉ុន្តែ​ដោយសារ​មានការ​​ពន្យល់​ប្រាប់​ណែនាំ​ជ្រួតជ្រាប​ម្តង​បន្តិចៗ​បន្តបន្ទាប់​អ៊ីចឹងទៅ ឥឡូវ​ធម្មតា​វិញ​ហើយ​។ រីឯ​សិស្ស​ក៏​កែប្រែ​មក​ហូប​នំ​ខ្មែរ​ជា​ហូរហែ​ផងដែរ​»​។​

​បើតាម​អ្នកស្រី ចាន់ថន បច្ចុប្បន្ន​អ្នក​​ស្រី មាន​លក់​នំអន្សមចេក អន្សមជ្រូក នំត្នោត ដំឡូង​ជា្វ​​ស្ងោរ នំគម នំ​បត់ នំ​លម្អង​ចេក ពោត​ស្ងោរ រួមទាំង​នំ​ខ្មែរ​ធ្វើ​ដោយ​ដៃ​មួយចំនួនទៀត​។ ចំពោះ​នំ​ទាំងនេះ មាន​ខ្លះ​អ្នកស្រី​ទិញ​ពី​ផ្សា​ហើយ​នំ​ខ្លះ​អ្នកស្រី​ធ្វើ​ដោយ​ខ្លួនឯង​។​

​សម្រាប់​នំ​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ​នេះ​គ្មាន​នំ​ណាមួយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​ទេ មិន​ថា ក្មេង​ឬ​ចាស់​ឡើយ​។ ទន្ទឹមនឹងនេះ អ្នកស្រី​នឹង​ខិតខំ​ជួយ​ជំរុញ​បន្ថែម​ពី​បញ្ហា​នេះ​ព្រោះ​អ្នក​​ស្រី​ក៏​កាន់តែ​យល់ដឹង​ច្រើន​ពី​ចំណី​​អាហារ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មិន​ថា​សិស្ស ឬ​មនុស្ស​ចាស់​ឡើយ​។​

​អ្នកស្រី​បាន​ថ្លែងថា​៖ «​តាំងពី​ក្រសួង​​អប់រំ​មាន​គោលការណ៍​ហាមប្រាម​ហើយ​ខ្ញុំ​ឧស្សាហ៍​ឃើញ​ហ្វេ​ស​ប៊ុ​ក​អ៊ីចឹងទៅ​ពេល​សិស្ស​ទិញ​នំ​ខ្ញុំ​តែងតែ​ប្រាប់​គាត់​ហើយ​ពេល​ឪពុកម្តាយ​សិស្ស​មក​ទិញ​នំ​ខ្ញុំ​ក៏​ចេះតែ​ប្រាប់​បន្ត​អ៊ីចឹងទៅ​»​។​

​ជុំវិញ​បញ្ហា​នេះដែរ លោកស្រី នង សុថា​វី នាយិកា​សាលាបឋមសិក្សា​អង្គរកា​ឱ្យដឹងថា ការ​ប្រែ​ទម្លាប់​របស់​អ្នក​លក់​នំ​ក្នុង​សាលា​នេះ លោកស្រី​បាន​អនុវត្ត​ជាង ​៥ ​ឆ្នាំ​ហើយ តែ​មិន​អាចធ្វើ​ម្តង​បាត់អស់​ទេ ហើយ​ត្រូវ​ប្រឈមមុខ​ជាមួយ​អ្នកលក់ដូរ​ផង​។ ការ​ប្រឈម​នេះ​ដោយសារ​ពួកគាត់​តវ៉ា តែ​ដើម្បី​សុខភាព​សិស្ស គឺ​លោកស្រី​ត្រូវតែ​ពុះពារ​ធ្វើឱ្យបាន បើទោះជា​ត្រូវ​ប្រើពេល​យូរ​ប៉ុនណា​ក៏ដោយ​។ កាលពី​មិនទាន់​មានការ​ហាមប្រាម គឺ​គាត់​លក់​ទឹក​ក្រូច​កូកាកូឡា លក់​ភេសជ្ជៈ​ទឹកកក​ឱ្យ​ក្មេង ហើយ​ចំពោះ​គ្រឿង​ភេសជ្ជៈ​នេះ គឺ​ខាង​សាលា​ទើប​ធ្វើបាន​ជោគជ័យ​ត្រឹមតែ ​២​ ឆ្នាំ​ប៉ុណ្ណោះ ពោលគឺ​សិស្សៗ​មិនមាន​ហូប​ភេសជ្ជៈ​ទៀត​ទេ​។​

​លោកស្រីបាន​ថ្លែងថា​៖ «​យើង​សង្កេត​មើលទៅ​កូនចៅ​យើង​នៅផ្ទះ​ពេល​ហូប​នំ​កញ្ចប់​ទិញ​តែ ​៥០០ ​រៀល តែ​ពេល​គាត់​ឈឺ​ក្អក​ទិញ​ថ្នាំលេប​អស់​ ៤៥ ម៉ឺន​ឯណោះ​។ យើង​ចេះតែ​ព្យាយាម​ពន្យល់​គាត់​តិចៗ​ឥឡូវ​បាន​លទ្ធផល​ល្អ​ហើយ​»​។​

​បើតាម​លោកស្រី ការអប់រំ​ផ្សព្វ​ផ្សាយ​ដល់​អ្នកលក់​នៅក្នុង​សាលា​ គឺ​លោកស្រី​តែង​អញ្ជើញ​ពួកគាត់​មក​ប្រជុំ​រាល់​ខែ​។ ដើម្បីឱ្យ​ការងារ​នេះ​មាន​ប្រសិទ្ធភាព ​គឺ​លោកស្រី​បានរៀបចំ​ជា​គណៈកម្មការ​ត្រួតពិនិត្យ​ចំណីអាហារ​មាន​ជា​ក្រុមប្រឹក្សា​កុមារ​ឱ្យជួយ​ត្រួត​ពិនិត្យមើល ព្រោះ​មិនអាច​ធ្វើ​តែម្នាក់ឯង​បានទេ សូម្បីតែ​ពេល​បង្រៀន​លោក​គ្រូ អ្នកគ្រូ​ក៏​រួមគ្នា​ជួយ​ផ្សព្វផ្សាយ​អប់រំ​ដល់​សិស្ស​ដែរ​។ កិច្ចការ​នេះ​មិនមែន​ធ្វើ​តែ​ ១ ​ថ្ងៃ​ឬ ​១ ​ខែ​បាន​ជោគជ័យ​ទេ តែ​សាលា​បានរួម​សហការគ្នា​ធ្វើ​ដោយ​ប្រើពេល​អស់​ជាង​ ៥​ ឆ្នាំ​មកហើយ​ទើបបាន​ជោគជ័យ​ដូច​ពេលនេះ​។​

​លោកស្រី​លើកឡើងថា បច្ចុប្បន្ន​នំ​ខ្មែរ​ដែល​ដាក់លក់​នៅក្នុង​សាលា​មានដូចជា នំអន្សមចេក អន្សមជ្រូក នំគម នំត្នោត នំកង នំអាកោ ពោត​ស្ងោរ ដំឡូង​ឆឹង ដំឡូង​ស្ងោរ មាន​នំ​បុ័ង​​បំពង​ដាក់​ជាមួយ​កំពឹស​ជាដើម​។​

​ម្យ៉ាងទៀត​បើ​គាត់​លក់​នំ​ប្រភេទ​នំ​ខ្មែរ​បែបនេះ​ក៏​ជាការ​ដាស់​ស្មារតី​ក្មេងៗ​ឱ្យបាន​ស្គាល់​នំ​ខ្មែរ កុំឱ្យ​គាត់​ភ្លេច​ផង​ដែរ​។ ចំពោះ​បញ្ហា​សិស្ស​ទៅ​ទិញ​នំ​ចំណី​ឬ​ភេសជ្ជៈ​នៅ​ខាងក្រៅ​សាលា ​គឺ​សាលា​មាន​ព័ទ្ធរបង​មិនអាច​ទិញ​បានទេ តែបើ​ទិញ​ហើយ​យក​ចូលក្នុង​សាលា​ក៏​ខាង​ក្រុមប្រឹក្សា​កុមារ​ចាំ​កត់​ឈ្មោះ​ទុក​លុះ​ពេល​គោរព​ទង់ជាតិ​នឹង​ហៅ​ឈ្មោះ​សិស្ស​រូបនោះ​មកឱ្យ​ឈរ​នៅមុខ​កណ្តាល​ដងទង់​ជាតិ​។​

​លោកស្រី​ថា​៖ «​ធ្វើបែបនេះ​គាត់​អាច​រាងចាល​ដែរ ព្រោះ​ថ្វីដ្បិតតែ​គាត់​ក្មេង តែ​គាត់​ក៏មាន​អារម្មណ៍​អៀនខ្មាស​ដែរ​។ យើង​ចេះតែ​អប់រំ​គាត់​យូរៗ​ទៅ​គាត់​កាត់បន្ថយ​បាន​»​។​

​បើតាម​លោកស្រី​នាយិកា​សាលា ជា​ញឹកញយ​លោកស្រី​ក៏​តែងតែ​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ជាការ​ដាស់តឿន​ដល់​សិស្សៗ​ខ្លះ​ដែរ ព្រោះថា គាត់​អាច​ចៀសវាង​បាន​នៅក្នុង​សា​លា តែ​ពេល​គាត់​ចេញពី​សាលា​ដើរ​តាមផ្លូវ​ឃើញ​គេ​លក់ គឺ​សាលា​គ្មាន​សិទ្ធិ​ទៅ​ហាមឃាត់​ទេ​។ តែបើ​គាត់​ឃើញ​សារ​ក៏​អាច​នឹកឃើញ​ពី​ការ​ដាស់​តឿន​របស់លោក​ស្រី​ដែរ​។ ក្រៅពី​អប់រំ​ផ្ទាល់​គឺ​សាលា​ក៏មាន​បិទ​ជា​ស្លាក​ឱ្យ​សិស្ស​មើល​ស្តីពី​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​អំពី​អាហារ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ក្រសួង​អប់រំ​យុវជន និង​កីឡា​បានចេញ​គោលការណ៍​ចំណីអាហារ​ហាមឃាត់​ក្នុង​គ្រឹះស្ថាន​សិក្សា ចំណីអាហារ​ដែលមាន​ហា​និ​ភ័យ​ខ្ពស់​ចំពោះ​សុខភាព និង​ចំណី​អាហារ​ដែល​តម្រូវឱ្យ​ស្គាល់​ប្រភព​ផលិត​ច្បាស់លាស់​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​ចំណី​​អាហារ​ហាមឃាត់​ ៦ ​ប្រភេទ​នោះ ទី​១- ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​។ ទី​២-​ គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​គ្រប់​ប្រភេទ​។ ទី​៣-​ ចំណីអាហារ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​។​ទី​៤- ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម កាហ្វេ ការ៉េម ទឹក​ស៊ី​រ៉ូ គ្រប់​ប្រភេទ​។ ទី​៥- ​ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ​។ ​ទី​៦-​ ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ នំ​ផ្អែម តំណាប់​ផ្អែម​គ្រប់​ប្រភេទ​។​

​លោក​ថ្លែងថា ក្រសួង​អប់រំ យុវជន និង​កីឡា​ជឿជាក់ថា វិធាន​ការហាម​​ឃាត់​ការលក់​ចំណីអាហារ​ទាំង ​៦ ​ប្រភេទ​នេះ​បាន​ចូលរួម​ទប់ស្កាត់ ករណី​សិស្ស​ពុល​អាហារ​កន្លងមក​តាមរ​យ​:​ការ​ដាស់តឿន​ឱ្យមាន​ការគិតគូរ​ប្រុង​ប្រយ័ត្ន​រឹតតែ​ខ្ពស់​ក្នុងការ​ជ្រើសរើស​ចំណីអាហារ​ដែលមាន​ផល​វិជ្ជមាន​សម្រាប់​ទ្រទ្រង់​សុខភាព និង​ការ​លូត​លាស់​ផ្លូវ​បញ្ញា​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​បន្ត​ជំរុញ​ឱ្យ​គ្រូ​បង្រៀន និង​គណ​:​គ្រប់គ្រង​សាលារៀន​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ អំពី​បញ្ហា​សុខភាព​របស់​សិស្ស​ដែលជា​កត្តា​ដ៏​សំខាន់​មួយ​អាច​ជះ​ឥទ្ធិពល​ដល់​ការសិក្សា​។

​ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​បញ្ចូល​ខ្លឹមសារ​សុខភាព​ទៅក្នុង​កម្មវិធីសិក្សា​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​ទី​១២ និង​បានឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​គណៈ​គ្រប់គ្រង​តាម​សាលារៀន​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដីណែនាំ​របស់​ក្រសួង ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​នេះ ក្រសួង​បាននិងកំពុង​ធ្វើ​តាំងពី​អាណត្តិ​មុន​មក​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដើម្បី​ជា​បច្ច័យ​ទ្រទ្រង់​សុខភាព​របស់​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​»​។

​លោក​សង្កត់ធ្ងន់ថា ក្រសួង​អប់រំ យុវជន និង​កីឡា ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​លើក​កម្ពស់​សុខភាព​សិក្សា​រួមមាន​សុវត្ថិភាព​ចំណីអាហារ​នៅតាម​គ្រឹះស្ថានសិក្សា​ដែល​ត្រូវការ​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ រួមទាំង​សិស្ស​-​និស្សិត​ផងដែរ​៕