កណ្ដាលៈ រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ខេត្តកណ្ដាល នឹងដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីតាមបែបឌីជីថល (smart card) ឆាប់ៗខាងមុខនេះ ក្នុងបំណងកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងកសាងអភិវឌ្ឍស្ថាប័នឱ្យស្របតាមបច្ចេកវិទ្យាទំនើប ៤.០។
ការលើកឡើងនេះត្រូវបានធ្វើឡើងតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលដល់អាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
នាឱកាសនោះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានជំរុញឱ្យសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលត្រូវខិតខំស្ដាប់បទបង្ហាញរបស់វាគ្មិនជាគ្រូឧទ្ទេសទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីដោយយកចិត្តទុកដាក់បំផុត។
ជាមួយគ្នានេះលោក នូវប៉េង ច័ន្ទតារា បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខខេត្តនឹងដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីតាមបែបឌីជីថល(smart card)ដែលសបញ្ជាក់ឱ្យឃើញថាវិស័យសាធារណៈនិងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតគាំទ្រគ្នាទៅវិញទៅមកមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
លោកបានបន្ដថា ការដាក់ឱ្យប្រើបាស់អត្តសញ្ញាណប័ណ្ណនេះនឹងបានបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជាទាំងមូលមានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ និងក្នុងពិភពលោក។
លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា៖«ការដាក់ឱ្យប្រើប្រាស់ smart cardនេះដែរ ក៏ជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ក្នុងការបំពេញការងារសំដៅធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតបប្រកបដោយប្រសិទ្ធផលដើម្បីធ្វើឱ្យសម្រេចគោលដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង»។
អគ្គនាយករងនិងជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលICT លោកងន់ ម័រ បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលនោះដែរថា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មីនេះមានទម្រង់ជាស្មាតកាតដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម(ATM) សម្រាប់ដកប្រាក់បៀវត្សរ៍ពីធនាគារផង។
លោកបញ្ជាក់ដែរថា លើសពីនេះ បណ្ណនេះក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងនៅថ្ងៃទី១៥ ខែសីហាថា នេះជារឿងល្អដែលអាចឱ្យមន្ត្រីរាជការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមរយៈអត្តសញ្ញាណប័ណ្ណថ្មី ប៉ុន្តែលោកថាអាចមានការព្រួយបារម្ភពីមន្ត្រីរាជការមួយចំនួនពីសកម្មភាពដកឬដាក់ប្រាក់បៀវត្សរ៍របស់ពួកគាត់។
លោកអំ សំអាត បានបញ្ជាក់ថា៖«ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាការល្អដែលអាចជួយសម្រួលដល់មន្ត្រីរាជការនិងបំបាត់អំពើពុករលួយ តែខ្ញុំសូមឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីរឿងនេះឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យមន្ត្រីរាជការមានការយល់ច្បាស់ ចៀសវាងការភាន់ច្រឡំនិងភ័យខ្លាចចំពោះបញ្ហានានាណាមួយ»។
បើតាមរដ្ឋបាលខេត្តកណ្តាល អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មីទម្រង់(Smart Card)នេះ គឺជាផ្នែកមួយយ៉ាងសំខាន់និងជាមធ្យាបាយមួយក្នុងការឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដើម្បីអភិវឌ្ឍធនធានមនុស្សនិងកសាងអភិវឌ្ឍស្ថាប័ន។
ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មីនេះគឺមិនគ្រាន់តែដើម្បីប្រើប្រាស់ជាបណ្ណសម្គាល់អត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាប្រភេទបណ្ណប្រើប្រាស់ជាកាតទំនើបមួយដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ដែលការងារនេះត្រូវបានបង្កើតឡើងដោយក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់ផងដែរ៕