ភ្នំពេញៈរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានជំរុញឱ្យមន្ត្រីគ្រប់ផ្នែក ជាពិសេសវិស័យអប់រំកាយ និងកីឡា ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែបានល្អថែមទៀត និងត្រូវចៀសវាងការបែងចែកបក្ខពួករវាងអ្នកចូលថ្មីនិងអ្នកធ្វើការងារចាស់។ ការលើកឡើងនេះមុនពេលលោកត្រូវផ្លាស់ពីក្រសួងអប់រំ ដើម្បីទៅកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រាប់អាណត្តិទី៧ នាពេលដ៏ខ្លីខាងមុខ។
លោក ស សុខា បានចាត់ទុកពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀននៃក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១៥ ខែសីហា ថា ជាពេលវេលាចុងក្រោយ ដែលលោកត្រូវលាគ្នា ជាមួយមន្ត្រី និងអ្នកពាក់ព័ន្ធនៅក្រសួងអប់រំដែលធ្លាប់បានបំពេញការងារនិងបង្កើតបានស្នាដៃជាច្រើនជូនជាតិ ជាពិសេសការទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ ទៅនឹងសមិទ្ធផល ដែលសម្រេចបានកន្លងមក ហើយនេះជាលទ្ធផលនៃការចូលរួមធ្វើទាំងអស់គ្នា មិនមែនកើតឡើងដោយសារខ្ញុំតែម្នាក់ឯងនោះទេ។ ខាងផ្នែកកីឡានេះ ខ្ញុំបានពឹងផ្នែកច្រើនទៅលើអនុរដ្ឋលេខាធិការទាំង ២ គឺឯកឧត្តម ប៊ូ ជុំសេរី និងឯកឧត្តម សុខ សប្បាយណា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យរាល់ការងារដែលបានដាក់ចេញ ជាពិសេសបានចូលរួមធ្វើកំណែទម្រង់ នៅក្នុងវិស័យអប់រំកាយនិងកីឡា ឱ្យមានការរីកចម្រើន»។
សម្រាប់ការបំពេញតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ ទទួលបន្ទុកផ្នែកអប់រំកាយ និងកីឡា ក្នុងអាណត្តិទី៦ នេះ លោក ស សុខា បានអះអាងថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់បានធ្វើឱ្យមានការប្រែប្រួលគួរឱ្យចាប់អារម្មណ៍ ទៅលើការពង្រីកបរិមាណសហព័ន្ធកីឡាជាតិ ។ លោកបានឱ្យដឹងថា ពេលលោកចូលដំបូង មានប្រមាណ ៣២ សហព័ន្ធទេ ប៉ុន្តែឥឡូវចំនួនសហព័ន្ធទាំងផ្លូវការនិងមិនទាន់ផ្លូវការបានកើនឡើងមិនក្រោម ១០០ ទេ ហើយនេះជាការវិវឌ្ឍ និងការអភិវឌ្ឍ នៅក្នុងវិស័យអប់រំកាយ និងកីឡានៅកម្ពុជា។
យ៉ាងណាក៏ដោយ និយាយដល់ការតាក់តែងច្បាប់កីឡាដែលក្រសួងអប់រំ និងភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើអស់ពេល៤ឆ្នាំមកហើយនោះ លោក ស សុខា នៅតែមិនទាន់អស់ចិត្ត ដែលរូបលោកត្រូវផ្លាស់ប្តូរតួនាទីទាំងច្បាប់នេះមិនទាន់បានចេញជាផ្លូវការ ប៉ុន្តែលោកបានជំរុញដល់អ្នកនៅឱ្យបន្តធ្វើការងារនេះឱ្យរួចរាល់ ព្រោះច្បាប់កីឡា ដែលមាន ១១ ជំពូកស្មើនឹង ១៧៩ មាត្រា និងមាន ៣៦ ទំព័រនេះ ពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិសការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
លោក ស សុខា បានបញ្ជាក់ថា៖ «ខ្ញុំនៅតែមិនទាន់អស់អាល័យមួយ គឺការតាក់តែងច្បាប់កីឡា អ៊ីចឹងទេ ខ្ញុំសូមស្នើដល់អ្នកដែលនៅបន្តពាក់ព័ន្ធនឹងការតាក់តែងច្បាប់កីឡានេះត្រូវបន្តខិតខំធ្វើឱ្យច្បាប់នេះចេញជារូបរាង ព្រោះច្បាប់នេះ សម្រេចបានជាង៩០ភាគរយហើយ ហើយការបញ្ចុះបញ្ចូលឬសម្របសម្រួលជាមួយគណៈកម្មការពាក់ព័ន្ធ នៅសភា ក៏បានធ្វើរួចរាល់ហើយដែរ»។
លោកបានបន្ថែមថា៖ «ការតាក់តែងច្បាប់កីឡានេះ ជាមុខមាត់មួយដែរ ព្រោះប្រទេសនៅជិតខាងរបស់យើងមួយចំនួនគេមានច្បាប់គ្រប់គ្រងកីឡា ចំណែកកម្ពុជាយើងធ្លាប់មានពីមុនដែរ គ្រាន់តែមិនទាន់ច្បាស់លាស់ ហេតុនេះយើងបានធ្វើការកែលម្អនិងកែតម្រូវធ្វើម៉េចឱ្យមានភាពច្បាស់លាស់ក្នុងការកាត់បន្ថយនូវជម្លោះមួយចំនួនក្នុងការដឹកនាំ»។
សម្រាប់ការលាគ្នានៅក្នុងពិធីសំណេះសំណាលកាលពីព្រឹកថ្ងៃអង្គារនោះមន្ត្រីដឹកនាំនៅគ្រប់ស្ថាប័ន និងអង្គភាព ចំណុះឱ្យក្រសួងអប់រំព្រមទាំងគ្រូបង្វឹក និងក្រុមអត្តពលិក បានសម្តែងការសោកស្តាយចំពោះការចាកចេញរបស់លោកស សុខា ព្រោះលោកជាមេល្អនិងជាថ្នាក់ដឹកនាំដ៏មានសមត្ថភាព ដែលបានយល់ច្បាស់ពីចក្ខុវិស័យ នៅក្នុងការអភិវឌ្ឍ និងពង្រីកពីសក្តានុពលនៅក្នុងវិស័យអប់រំកាយ និងកីឡា ហើយលោកក៏ជាថ្នាក់ដឹកនាំ ដែលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីលុបបំបាត់ការប្រកាន់បក្ខពួកនៅក្នុងវិស័យកីឡាផងដែរ។
ជាមួយរចនាសម្ព័ន្ធ ដែលមានស្រាប់លោក ស សុខា បានស្នើដល់មន្ត្រីក្រោមឱវាទបែបនេះថា៖ «ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាបន្តពង្រឹង ជាពិសេសរចនាសម្ព័ន្ធរបស់យើង ព្រោះកន្លងមកនេះយើងបានបង្កើតរចនាសម្ព័ន្ធរួចហើយ ហើយការស្នើឱ្យមានការពង្រឹងនេះ មិនមែនឱ្យមានការរឹតបន្ដឹងដល់កីឡារបស់គាត់ទេ ប៉ុន្តែត្រូវធ្វើផ្នែកណាដែលវាមិនដើរគឺនៅមានមិនអត់ទេ។បើមិនដើរយើងគួរធ្វើយ៉ាងម៉េច?យកចេញដូរចេញ ឬមួយបន្ថែមថ្មី!»។
លោកសង្កត់ធ្ងន់ថា៖ «ថ្នាក់ដឹកនាំក្រសួង មានការយកចិត្តទុកដាក់ និងមានការប្តេជ្ញាចិត្តបន្តធ្វើការងារផ្នែករបស់យើង និងវិស័យរបស់យើងឱ្យមានការរីកចម្រើន អ៊ីចឹងទេខ្ញុំសង្ឃឹមថា ស្មារតីសាមគ្គីគ្នានៅក្នុងក្រុមគ្រួសារកីឡា នៅតែបន្តមាន ហើយជាថ្នាក់ដឹកនាំសូមឱ្យបន្តដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលភាគីពាក់ព័ន្ធទាំងអស់ កុំឱ្យថា អ្នកថ្មីគេឡើងទៅជាបក្ខពួកខ្ញុំ អ្នកនេះបក្ខពួកអ្នកនោះ ព្រោះបើយើងមានការបែងចែក ការងាររបស់យើងបែបមិនរីកចម្រើនទេ! ដោយខ្ញុំសូមសង្កត់ធ្ងន់ កុំឱ្យមានបញ្ហាបែបនេះកើតឡើង»៕