ភ្នំពេញៈ មុនបញ្ចប់អាណត្តិរាជរដ្ឋាភិបាលចាស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្ញើសារដល់មន្ត្រីនគរបាលទាំងអស់ដែលមិនត្រូវបានផ្លាស់ប្ដូរ ត្រូវបន្តបំពេញការងារ និងពង្រឹងសមត្ថភាពបម្រើប្រទេសជាតិសម្រាប់រាជរដ្ឋាភិបាលថ្មី ដែលនឹងបន្តវេនចាប់ពីចុងខែសីហា ឆ្នាំ ២០២៣។
នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាលដល់និស្សិតជយលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ លោក ស ខេង ថ្លែងថា ចាប់ពីថ្ងៃទី ២២ ខែសីហាទៅ រដ្ឋាភិបាលអាណត្តិទី ៦ ជារដ្ឋាភិបាលចាស់ត្រូវបានបញ្ចប់អាណត្តិ ហើយរដ្ឋាភិបាលថ្មីនៃអាណត្តិទី៧ ត្រូវបានរៀបចំឡើង ក្នុងនោះ ថ្នាក់ដឹកនាំនៃក្រសួងមួយចំនួនត្រូវបានផ្លាស់ចេញ រួមទាំងលោកផងដែរ ដែលនឹងបញ្ចប់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយយកពេលទៅបំពេញភារកិច្ចផ្សេងទៀត។
លោក ស ខេង ថ្លែងថា៖ «ជារឿងធម្មតា ដែលមានការផ្លាស់ប្តូរ ឬការផ្ទេរមន្ត្រីរាជការ ខណៈមន្ត្រីកម្ពុជាភាគច្រើនក្នុងអាណត្តិនេះ ត្រូវបានបញ្ចប់អាណត្តិ លើកលែងតែមន្ត្រីមួយចំនួនប៉ុណ្ណោះ ដែលនៅបន្តបេសកកម្មក្នុងតួនាទីដដែល និងខ្លះមានការផ្ទេរតួនាទីទៅស្ថាប័ន នានា ចាប់ពីអគ្គនាយកចុះ ដែលជាស្ថាប័នមុខងារសាធារណៈ នឹងបន្តធ្វើការងាររបស់ខ្លួន គឺអគ្គនាយកដ្ឋានទាំងឡាយ ការិយាល័យក្រោមក្រសួងមហាផ្ទៃហ្នឹង បន្តការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារខ្លួនបន្តទៀត»។
លោកបញ្ជាក់បន្តថា ក្នុងនោះមន្ត្រីផ្នែកនយោបាយ តួយ៉ាងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក៏នឹងត្រូវបន្តភារកិច្ចដែលក្រសួងមហាផ្ទៃប្រគល់ឱ្យដែរ បើទោះជាអ្នកប្រគល់ឱ្យនោះជាមនុស្សថ្មីក្តី ប៉ុន្តែលោកសង្ឃឹមថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃនឹងខិតខំបន្តដើម្បីបម្រើជាតិ និងប្រជាជន ជាពិសេសផ្នែករដ្ឋបាលស៊ីវិល និងនគរបាលជាតិ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងថា សារលោក ស ខេង ជាការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីផ្នែកបច្ចេកទេសក្រោមចំណុះក្រសួងបន្តការងារដើម្បីនិរន្តរភាពជាតិ ក្នុងខណៈប្រទេសមានការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំ ប៉ុន្តែមេដឹកនាំតាមស្ថាប័នមិនអាចខ្វះបានជំនួយពីមន្ត្រីបច្ចេកទេសដែលកំពុងបម្រើការបច្ចុប្បន្នទេ។
លោកបន្តថា លោក ស ខេង ក្នុងនាមជាថ្នាក់ដឹកនាំជាតិ ១ រូប បានបន្សល់ទុកស្នាដៃជាច្រើនក្នុងការងារក្រោមបង្គាប់របស់លោកដែលត្រូវបានសាធារណជនទូទៅ និងឥស្សរជនជាច្រើនរូបទទួលស្គាល់ និងជឿជាក់លើកិច្ចការរបស់លោកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
លោក ប៉ិច ពិសី ថ្លែងថា ស្នាដៃធំលោក ស ខេង គឺបានរក្សាតុល្យភាពអំណាចនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលលោកជាសសរស្តម្ភមួយធានានិរន្តរភាពផ្ទៃក្នុងគណបក្ស និងការលើកកម្ពស់សេវាសាធារណៈ តាមរយៈកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ដែលធ្វើសេវាសាធារណៈមានសភាពល្អប្រសើរជាងមុន អំពើពុករលួយបានថយចុះ និងការបង្កើតការិយាល័យច្រកចេញចូលតែ ១ ជាដើម។
លោកថ្លែងថា៖ «ចំពោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីដែលនឹងត្រូវបំពេញ ជាការងារអាទិភាពគឺបន្តរក្សាតុល្យភាពអំណាចរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី និងនាយករដ្ឋមន្ត្រីថ្មី ហើយរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃថ្មី ក៏ត្រូវបន្តកាត់បន្ថយអំពើពុករលួយ និងពង្រឹងកិច្ចការមន្ត្រីនៅតាមមូលដ្ឋាន ដើម្បីជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាជន បង្កើនយន្តការផ្តល់ការគាំពារសង្គមនៅតាមមូលដ្ឋាន ជាពិសេសផ្តោតលើការផ្តល់សេវាលើជនងាយរងគ្រោះជាដើម។
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ ព្រមទាំងបង្ហើបពីការលាឈប់របស់ថ្នាក់ដឹកនាំក្រសួងនានានៅក្នុងរាជរដ្ឋាភិបាលចាស់ដើម្បីផ្តល់លទ្ធភាពសម្រាប់អ្នកបន្តវេនក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី៕