ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកសារព័ត៌មានជាង ១០០ នាក់ ដែលត្រូវបានជ្រើសរើសឱ្យដើរតាមកម្មវិធីរបស់លោក និងផ្ដល់អាហារពេលល្ងាច នៅវិមានសន្តិភាព កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣។ អ្នកទាំងនោះមានអ្នកសារព័ត៌មាន អ្នកបើកបររថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៊ីនធឺណិត នាពេលកន្លងមក ដែលអ្នកខ្លះបានដើរតាមតាំងពីទសវត្សរ៍ ៩០ មក។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកកាលពីថ្ងៃទី ១៥ ខែសីហាថា៖ «សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក»។
លោក សំ វណ្ណា អ្នកយកព័ត៌មាននៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលបានទទួលនូវការផ្តល់គ្រឿងឥស្សរិយយស បានប្រាប់ឱ្យដឹងថា លោកពិតជាមានក្តីរំភើបរីករាយ ដែលលោកនាយករដ្ឋមន្ត្រី បានផ្តល់គ្រឿងឥស្សរិយយស និងបំពាក់ដោយផ្ទាល់ដៃបែបនេះ ក្រោយពីលោកបានដើរតាមរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។
លោក សំ វណ្ណា បានប្រាប់ថា៖ «សម្តេចតេជោ លោកផ្តល់តម្លៃដល់អ្នកសារព័ត៌មានណាស់ដូច្នេះហើយការចុះយកព័ត៌មានតាមលោកគឺមិនមានការលំបាកនោះទេ។ ទោះជាមានការតឹងតែងតិចតួចនៅកម្មវិធីមួយចំនួនប្រសិនបើយើងមិនមានកាតចូលយកព័ត៌មាន តែការតឹងតែងនោះ គឺដើម្បីសុវត្ថិភាពថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលតម្រូវឱ្យអ្នកកាសែតគ្រប់រូបមានកាតសម្រាប់ចុះយកព័ត៌មាន»។
លោក មាស សុភ័ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា ការផ្តល់គ្រឿងឥស្សរិយយសដល់អ្នកសារព័ត៌មានពីថ្នាក់ដឹកនាំប្រទេស នាពេលនេះជាការលើកទឹកចិត្ត និងជាការថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលខិតខំចូលរួមបំពេញការងារ ក្នុងកាលៈទេសៈលំបាក គ្រប់រាជធានី-ខេត្ត ក្នុងការផ្តិតយករូប និងព័ត៌មានពីសកម្មភាពរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖«កម្មវិធីនេះជាកម្មវិធីមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេច ប្រមុខរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្ត ក៏ដូចជាកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលបានខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលនាពេលកន្លងមក»៕