ភ្នំពេញៈ ខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០ នៅអំឡុងសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំនេះ ខណៈថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបធ្វើពិធីផ្សព្វផ្សាយជាផ្លូវការស្តីពីការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ ២០២៣-២០៣៥។
ឆ្នាំ ២០២៣ គឺជាលើកទី១០ ដែលប្រទេសកម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រ ខណៈនេះជាលើកទី៣ ដែលខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ កាលពីឆ្នាំ ២០១៣ និងលើកទី២ ក្នុងឆ្នាំ ២០១៧។ កាលពីឆ្នាំ ២០២២ ពិធីបុណ្យសមុទ្របានរៀបចំនៅក្នុងខេត្តព្រះសីហនុ។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងជារៀងរាល់ឆ្ នាំ(លើកលែងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩) ដោយប្តូរវេនរវាងខេត្តនៅជាប់មាត់សមុទ្រទាំង ៤ គឺខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែសីហាថា តាមផែនការគឺក្នុងសប្តាហ៍ទី៣ នៃខែធ្នូ រដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី១០ ក្នុងខេត្តកែប ដែលព្រឹត្តិការណ៍នេះនឹងទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យធ្វើដំណើរមកកម្សាន្តនៅខេត្តកែប។ លោកបានបន្តថា ព្រឹត្តិការណ៍នេះនឹងនាំភាពវិជ្ជមានច្រើនសម្រាប់កំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាជននៅមូលដ្ឋាន។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍បុណ្យសមុទ្រ គឺមិនត្រឹមតែជួយលើកស្ទួយ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ទៅដល់ប្រជាជនមូលដ្ឋានផងដែរ»។
បើតាមលោក ចិន្តា បច្ចុប្បន្ននៅខេត្តកែប មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ប្រមាណ ១ ៦០០ បន្ទប់ ដែលចំនួននេះមិនគ្រប់គ្រាន់សម្រាប់ការស្នាក់នៅរបស់ភ្ញៀវមកចូលរួមក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនោះទេ។ ទោះយ៉ាងណាដោយសារបច្ចុប្បន្នកម្ពុជាមានបណ្តាញផ្លូវថ្នល់តភ្ជាប់ពីរាជធានី-ខេត្តកាន់តែល្អនោះ ដូច្នេះបញ្ហាកន្លែងស្នាក់នៅ គឺមិនមែនជាឧបសគ្គសម្រាប់ការស្នាក់នៅឡើយ។
លោកបន្ថែមថា៖ «ជាមួយគ្នានេះ អាជ្ញាធរក៏មានគម្រោងរៀបចំឱ្យមានកន្លែងបោះតង់សម្រាប់ស្នាក់នៅផងដែរ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បាននិយាយថា បុណ្យសមុទ្រនឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ព្រឹត្តិការណ៍នេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តឱ្យកាន់តែលឿនមួយកម្រិតទៀត។
លោកថ្លែងថា៖ «វិស័យទេសចរណ៍ពិតជាចង់ឱ្យមានព្រឹត្តិការណ៍បែបនេះកាន់តែច្រើន ព្រោះក្រៅពីទេសចរក្នុងស្រុក យើងក៏អាចផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវក្រៅប្រទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនដែរ»។
ទោះបីយ៉ាងណា លោក ស៊ី ណាន ក៏បានលើកឡើងពីភាពអសកម្មមួយចំនួនដែលតែងតែកើតមានពេលមានព្រឹត្តិការណ៍ធំៗ គឺការផ្សព្វផ្សាយដែលមានលក្ខណៈទាក់ទងនឹងផលិតផលគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ជាដើម ដែលសកម្មភាពទាំងនេះគឺអាចផ្តល់ភាពអវិជ្ជមានទៅដល់ពលរដ្ឋក្នុងសង្គម។
រដ្ឋាភិបាល កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ បានប្រកាសផ្សព្វផ្សាយ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងពិធីផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បានឱ្យដឹងថា៖ «ផ្អែកលើសក្តានុពល និងភាពសម្បូរបែបនៃធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្តកែប «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥» បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកការកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ»៕