ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍មានសារៈសំខាន់ខ្លាំងណាស់ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈដែលកន្លងទៅក្រសួងសម្រេចបានសមិទ្ធផលជាច្រើនផ្នែកការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍នេះ។
លោក ថោង ខុនថ្លែងបែបនេះ នៅក្នុងពេលដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពសមិទ្ធផលការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (MRATP) កាលពីថ្ងៃទី ១៤ ខែសីហា ដោយលោកបញ្ជាក់ថា ការងារ MRATP ដែលធ្វើការពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងក្របខ័ណ្ឌជាតិ និងអាស៊ាន គឺបានសម្រេចសមិទ្ធផលជាច្រើននៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៦។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ការអនុវត្តការងារ របស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៦ បើទោះជាមានភាពរអាក់រអួលដោយសារតែវិបត្តិកូវីដ១៩យ៉ាងណាក្តី ក៏មានសមិទ្ធផលមួយចំនួនធំ គឺបានធ្វើការសម្រេចបាននៅក្នុងក្របខ័ណ្ឌជាតិ និងអាស៊ាន»។
លោកបន្តថា ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំរៀបចំស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍ស្ប៉ា និងសុខុមាលភាពអាស៊ាន, ការងារដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន (RPL),ការងារសម្របសម្រួលរៀបចំគោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពដល់អ្នកជំនាញទេសចរណ៍។ លោកបន្តថា សហគមន៍សម្រាប់ឧស្សាហកម្មទេសចរណ៍អាស៊ាន, ការងារបង្កើតឱ្យមានតែមសុវត្ថិភាពក្នុងការធ្វើដំណើរការសម្រាប់អាស៊ាន និងការងាររៀបចំកម្មវិធីសិក្សាអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិផ្នែកទេសចរណ៍ និងការងារសហប្រតិបត្តិការអភិវឌ្ឍន៍អ្នកជំនាញទេសចរណ៍រវាងអង្គការជាតិ និងអន្តរជាតិជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «បទពិសោធន៍នៃការកសាងរចនាសម្ព័ន្ធមូលដ្ឋានការបណ្តុះបណ្តាលជំនាញទាំងនេះនឹងត្រូវបានយកទៅអនុវត្តដោយសាលាជាតិទេសចរណ៍ ដែលក្រសួងទេសចរណ៍កំពុងតែសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ AFD របស់ប្រទេសបារាំង ហើយសង្ឃឹមថា នឹងអាចដំណើរការក្នុងដើមអាណត្តិទី ៧ រាជរដ្ឋាភិបាលនេះ»។ លោកបន្ថែមថា ជាក់ស្តែងណាស់ ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ ឱ្យមានការរីកចម្រើន គឺត្រូវការចាំបាច់អ្នកជំនាញទេសចរណ៍មកធ្វើការ ពោលគឺបើគ្មានអ្នកជំនាញទេសចរណ៍ធ្វើការងារនោះ វិស័យទេសចរណ៍មិនអាចរីកចម្រើនបានទេ។
ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងទេសចណ៍នេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងកាលពីថ្ងៃទី ១៥ ខែសីហាថា ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពបន្ថែមជាពិសេសការបណ្តុះបណ្តាលដល់ភ្នាក់ងារទេសចរណ៍ ដែលបានផ្អាកការងារដោយសារវិបត្តិកូវីដត្រូវតែពង្រឹងសមត្ថភាពឡើងវិញ។
លោកស្រីថា៖ «យើងឃើញថា ក្រោយពីស្ថានភាពកូវីដ ១៩ បានធូរស្រាល ក្រសួងទេសចរណ៍ និងសមាគមបានសហការគ្នា បើកវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងជំនាញទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ជាច្រើន ដើម្បីឱ្យគាត់ពង្រឹងសមត្ថភាពឡើងវិញ ជាពិសេសការសិក្សាពីជំនាញថ្មីៗទាក់ទងនឹងការបដិសណ្ឋារកិច្ច ដែលឱ្យគាត់យកទៅប្រើប្រាស់ នៅពេលស្ថានភាពទេសចរណ៍ក្នុងសកលលោក ក៏ដូចជាកម្ពុជា វិលមកភាពប្រក្រតីឡើងវិញ»។
បើតាមក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោងហូកា បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍បានជាង ៣ ០០០ នាក់នៅតាមខេត្តគោលដៅចំនួន ១០ រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ៕