ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា រដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តអនុវត្តនូវកម្មវិធីនានា ក៏ដូចជាកម្មវិធីនៃការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ បើទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៦ ខែសីហា ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកើតចេញពីកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពមាតា ទារក ជាដើម។
លោកថ្លែងថា៖ «រដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភនេះ ក៏ដូចជាគោលនយោបាយផ្សេងៗទៀត ពិសេសកសាងប្រព័ន្ធសន្តិសុខសង្គមឱ្យរឹងមាំមួយដែលធានាបាននូវសន្តិសុខប្រាក់ចំណូល ហើយរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម»។
លោក ហេង សុផាន់ណារិទ្ធ បានបន្តថា៖ «ដូចនេះ មិនមានការប្រែប្រួលអ្វីនោះទេ គឺយើងនៅតែបន្តអនុវត្តនូវគោលនយោបាយរបស់យើងជាបន្តទៀត ហើយចាប់តាំងពីមានការអនុវត្តនូវកម្មវិធីផ្តល់សាច់ប្រាក់នានា រហូតមកដល់ពេលនេះគឺមិនមានអ្វីជាការខុសប្រក្រតីណាមួយកើតមានឡើងនោះទេ»។
ការអនុវត្តកម្មវិធីឧបត្ថម្ភនានារបស់ប.ស.ស គឺយើងអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺត្រូវប្រើប្រព័ន្ធតាមរយៈធនាគារទាំងអស់ ដូចនេះហើយមិនមានបញ្ហាណាមួយកើតមានឡើងឡើយ។
លោក ម៉ាន់ សេងហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ បានប្រាប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថា ការអះអាងដូចនេះ ពិតជាល្អណាស់ដោយសារការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី និងកុមារ វាជាកិច្ចគាំពារសង្គម១ដែលសំខាន់ និងតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែគិតគូរ និងបន្តអនុវត្ត។
លោកបានបន្តថា៖ «ការផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី និងកុមារនេះ វាមានសារៈសំខាន់ណាស់ ពីព្រោះបានជួយគាំទ្រលើជីវភាពរបស់ពួកគាត់ ទោះបីពីដើមមក ស្ដ្រី និងកុមារមិនធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភទាំងនេះនោះទេ តែឥឡូវនេះ ប្រាក់ឧបត្ថម្ភទាំងនេះ ត្រូវរាជរដ្ឋាភិបាលផ្តល់ឱ្យ ហើយក៏បានផ្តល់បន្ថែមច្រើនជាងមុនទៀត ដូច្នេះវានឹងធ្វើឱ្យជីវិភាពរបស់ពួកគាត់កាន់តែប្រសើរ»។
លោក ម៉ាន់ សេងហាក់ បន្តថា៖ «មួយវិញទៀត យើងចង់ឱ្យការផ្ដល់ប្រាក់ឧបត្ថម្ភហ្នឹង រាជរដ្ឋាភិបាលគួរតែចេញជាផ្លូវច្បាប់តែម្តង វាប្រសើរជាជាងនឹកឃើញទៅគេចង់ឱ្យ ឬមិនចង់ឱ្យអ៊ីចឹងទៅ ពីព្រោះបើចេញជាផ្លូវច្បាប់តែម្ដងវាជាការអនុវត្តរហូត ប៉ុន្តែសម្រាប់តែការផ្ដល់ហើយ និយាយតែមាត់ វាហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនោះទេ»។
សូមរំឭកថា គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ជិត ២០០នាក់ ទទួលបានអត្ថប្រយោជន៍បន្ថែមពីគោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ខណៈស្ត្រី បង្ហាញការពេញចិត្តក្នុងការទទួលបានកញ្ចប់ថវិកាឧបត្ថម្ភបន្ថែមនេះ។
ដោយឡែក លោកហេង សុផាន់ណារិទ្ធ ក៏បានលើកឡើងផងដែរពីបុគ្គលស្វ័យនិយោជន៍ដែលបានស្នើសុំបណ្ណ ប.ស.ស តាមរយៈភាគទានស្ម័គ្រចិត្ត គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មានចំនួន ២៤ ៣០៦នាក់ ដែលភាគច្រើនជា អាជីវករ អ្នករត់កង់បី អ្នករត់ម៉ូតូឌុប ជាងសំណង់ កសិករ និងអ្នកប្រកបរបរផ្សេងៗមួយចំនួនទៀត។ បុគ្គលស្វ័យនិយោជន៍សំដៅដល់ជនដែលប្រកបការងារ ឬមុខរបរបរកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយមិនមានប្រើប្រាស់កម្មករ និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន៕