ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងពីការកែសម្រួលអត្រាអាករពិសេស លើផលិតផលភេសជ្ជៈ គ្មានជាតិសុរាដែលជាផលិតផលក្នុងស្រុក ដោយក្នុងនោះសម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ អាករពិសេស ១៥ ភាគរយ ចំណែកភេសជ្ជៈ គ្មានជាតិសុរាផ្សេងមួយចំនួន ៥ ភាគរយ។
តាមរយៈសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា នៅថ្ងៃទី១៥ ខែសីហា ដោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេស លើភេសជ្ជៈ គ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក ត្រូវបានកែសម្រួល និងកំណត់ដូចខាងក្រោមនេះ។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖ «ការកែសម្រួលទាំងនោះរួមមានទី១ អាករពិសេស ១៥ ភាគរយ លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ និងទី២ អាករពិសេស ៥ ភាគរយ លើភេសជ្ជៈ គ្មានជាតិសុរាមួយចំនួន ដែលមានដូចជា ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែកភេសជ្ជៈមានមូលដ្ឋានពីទឹកដូងភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វ និងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ»។
លោកបន្តថា ចំណែកអាករពិសេស ១០ ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំណត់ក្នុងចំណុចទាំង២នេះ។
ដោយឡែក មូលដ្ឋានគិតអាករពិសេសត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេស លើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុក ដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
តាមរយៈសេចក្តីជូនដំណឹងនេះ បានបន្តថា មូលដ្ឋានគិតអាករពិសេស លើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុក ដូចជា ស្រាបៀរ ស្រា បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ ភេសជ្ជៈគ្មានជាតិសុរា និងមុខទំនិញជាប់អាករពិសេសដទៃទៀត ត្រូវកំណត់ស្មើនឹង ៩០ ភាគរយ នៃតម្លៃផ្គត់ផ្គង់ ដែលបានកត់ត្រា ក្នុងវិក្កយបត្រ ឱ្យទៅអតិថិជន ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ថ្លែងថា ការយកពន្ធឬកែសម្រួលពន្ធទៅលើភេសជ្ជៈប៉ូវកម្លាំងឬភេសជ្ជៈជាតិស្ករដទៃទៀត ជាការល្អ ព្រោះវានឹងរួមចំណែកកាត់បន្ថយជំងឺមិនឆ្លងដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗកំពុងព្រួយបារម្ភ។
លោកបានប្រាប់ឱ្យដឹងថា៖«ជំងឺមិនឆ្លងបង្កដោយកត្តាហានិភ័យ ៤ គឺថ្នាំជក់ គ្រឿងស្រវឹង កង្វះកាយវប្បកម្ម និងរបបអាហារ។ អ៊ីចឹងហើយបានជាយើងយល់ថាការកែសម្រួលពន្ធ ឬដំឡើងពន្ធលើភេសជ្ជៈផ្អែម គឺបានរួមចំណែកនៅក្នុងការកាត់បន្ថយនៃការកើតជំងឺមិនឆ្លងនានា»។
លោក មុំ គង់ បានឱ្យដឹងទៀតថា ជំងឺមិនឆ្លងដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះគឺទឹកនោមផ្អែម លើសឈាម ដាច់សរសៃឈាមខួរក្បាល បេះដូង និងជំងឺត្បៀតទងសួត រ៉ាំរ៉ៃ ដែលជំងឺទាំងនេះ បានសម្លាប់ប្រជាពលរដ្ឋខ្មែរច្រើនណាស់ក្នុង ១ ឆ្នាំៗ។
លោកថា៖«បើនិយាយពីអ្នកស្លាប់ដោយសារជំងឺឆ្លងនោះមានតែ ២៧ភាគរយ ប៉ុន្តែអ្នកដែលស្លាប់ដោយសារជំងឺមិនឆ្លង ធ្វើឱ្យមានអ្នកស្លាប់រហូតដល់ ៧៣ ភាគរយនៃអ្នកស្លាប់ទាំងអស់»។
លោក មុំ គង់ ដែលធ្វើការពាក់ព័ន្ធសុខភាពប្រជាជន ថ្លែងដោយដោយចង់ឱ្យ រដ្ឋាភិបាលដំឡើងពន្ធទៅលើផលិតផលថ្នាំជក់ ក៏ដូចជាគ្រឿងស្រវឹងដែរពីព្រោះផលិតផលទាំងនេះ គឺជាកត្តាហានិភ័យចម្បង ដែលបច្ចុប្បន្ន មិនទាន់ឃើញមានការដំឡើងពន្ធក្នុងរយៈពេល ៨ ឆ្នាំ មកហើយ លើផលិតផលថ្នាំជក់។
លោកបានបញ្ជាក់ថា៖«ការដំឡើងពន្ធថ្នាំជក់នេះ ក៏ជាការចង់បានរបស់ប្រជាពលរដ្ឋផងដែរ ពីព្រោះតាមរយៈការស្រាវជ្រាវរបស់ក្រសួងផែនការ សហការជាមួយក្រសួងសុខាភិបាលនៅឆ្នាំ២០២១ មានពលរដ្ឋ ៩៤ ភាគរយ ដែលសំណូមពរឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយអ្នកដែលស្លាប់ ឬឈឺ ព្រមទាំងធ្វើឱ្យរដ្ឋាភិបាលបានចំណូលប្រាក់ពន្ធបន្ថែមសម្រាប់អភិវឌ្ឍជាតិផង»។
សូមរំឭកថា ពាក់ព័ន្ធអត្រាអាករពិសេសលើទំនិញផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ ដែលផលិតនិងផ្គត់ផ្គង់នៅក្នុងស្រុក នាពេលបច្ចុប្បន្ននេះរួមមានពន្ធ៣០ភាគរយ លើមុខទំនិញស្រាបៀរគ្រប់ប្រភេទ,៣៥ ភាគរយ លើមុខទំនិញ សុរា (ស្រា) និង២០ ភាគរយ លើមុខទំនិញបារីគ្រប់ប្រភេទ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែសីហា អគ្គនាយកដ្ឋានពន្ធដារ បានបន្តចុះពិនិត្យ និងសិក្សាទីតាំង ដើម្បីបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំង ដែលបំពាក់ឧបករណ៍ វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅរោងចក្រផលិតស្រាបៀរ ភេសជ្ជៈ របស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ ដែលមានទីតាំងនៅខេត្តព្រះសីហនុ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖«ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ធានាបាននូវការប្រកួតប្រជែងដោយតម្លាភាពតាមរយៈការអនុវត្តកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា សំដៅដល់ការប្រមូលចំណូលពន្ធដារកើនឡើងប្រកបដោយចីរភាព»៕