បាត់ដំបងៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នាលើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ក្នុងខេត្តបាត់ដំបង ដែលមានទំហំទឹកប្រាក់ប្រមាណចំនួន ៤៣ ៧១៤ ដុល្លារ ដើម្បីរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរឡើង។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែសីហា ដែលមានលោកហេង រតនា អគ្គនាយកអង្គភាព ស៊ីម៉ាក់ (CMAC) រួមជាមួយលោក Takayama Ryoj ប្រធានអង្គការ IMCCD ចូលរួមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើគម្រោងនេះ។
យោងតាមអង្គភាព ស៊ីម៉ាក់ បានឱ្យដឹងថា គម្រោង «បោសសម្អាតមីនតោនតាមសហគមន៍»នេះ មានរយៈពេល ១ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលគម្រោងនេះមានផែនការបោសសម្អាតផ្ទៃដីចម្ការមីនតោនស្ថិតក្នុងខេត្តបាត់ដំបង។
ប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងនេះ មានការគាំទ្រដោយអង្គការមិនរកប្រាក់ចំណូលរបស់ជប៉ុន (Japan Non-Profit Organization (NPO) ដែលមានទំហំទឹកប្រាក់ចំនួន ៤៣ ៧១៤ដុល្លារសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរឡើងក្រោយបោសសម្អាតមីនក្នុងខេត្តបាត់ដំបង។
អង្គភាពស៊ីម៉ាក់ បានបញ្ជាក់ថា ៖ «គម្រោងនេះដែរ គឺបានផ្ដោតសំខាន់លើការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការរបស់ជប៉ុនលើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដែលកិច្ចសហការគ្នានេះ វាគ្រាន់តែជារូបភាពតូចមួយក្នុងការគាំទ្រតែក្រុមដោះមីនតោន ដែលមានថវិកាប្រមាណចំនួន៤៣ ៧១៤ដុល្លារសម្រាប់អនុវត្តរយៈពេល ១ឆ្នាំប៉ុណ្ណោះ។
លោកបន្តថា គម្រោងនេះដែរ នឹងត្រូវបានអនុវត្តនៅឃុំតាសែន ស្រុកកំរៀង ក្នុងខេត្តបាត់ដំបង ពីព្រោះឃុំតាសែន ជាឃុំដាច់ស្រយាល ហើយជាឃុំដែលមានបញ្ហាគ្រាប់មីនច្រើនជាងគេបំផុតនៅកម្ពុជា។
លោក ហេង រតនា មានប្រសាសន៍ថា៖ «សម្រាប់អត្ថប្រយោជន៍នៃគម្រោងហ្នឹង គឺបានជួយលើការងារបោសសម្អាតគ្រាប់មីនតោន ជាពិសេសជួយស្វែងរកព័ត៌មាននៃគ្រាប់មីនតោនដែលបន្សល់ទុកពីសម័យសង្រ្គាមនៅតំបន់មួយចំនួនទៅតាមអាទិភាពចាំបាច់ ខណៈព័ត៌មានទាំងនោះនឹងត្រូវបានផ្ដល់ដល់កងកម្លាំងធំរបស់យើង ដើម្បីចូលរួមជួយបោសសម្អាតមីនតោនឱ្យអស់ពីឃុំនេះផងដែរ»។
លោកបានបន្ថែមថា ទោះបីជាគម្រាងនេះមានទំហំតូចក្ដី ប៉ុន្តែតាមបទពិសោធន៍ក្នុងកិច្ចសហការគ្នាកន្លងមកឃើញថា មានចំណុចកំពុងប្រឈមមួយចំនួន ត្រូវបានគម្រោងនេះចូលរួមជួយដោះស្រាយ និងកាត់បន្ថយរាល់ការលំបាករបស់អង្គភាពស៊ីម៉ាក់៕