ឧត្តរមានជ័យៈ ប្រជាពលរដ្ឋមួយចំនួនស្ថិតក្នុងភូមិចំនួន ២ គឺភូមិឈូកមាស និងភូមិគោកភ្លុកបាននាំគ្នាស្វែងរកចាប់សត្វកំភេមនៅក្នុងតំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន ដើម្បីយកទៅលក់នៅប្រទេសថៃ ក្នុង ១ គីឡូក្រាម តម្លៃ ២ ម៉ឺនរៀល ប៉ុន្តែសកម្មភាពនេះត្រូវបានគណៈកម្មការព្រៃសង្ឃរុក្ខវ័នធ្វើការហាមឃាត់មិនឱ្យចាប់ និងបានដកហូតយកសត្វកំភេមទាំងនោះទៅលែងឱ្យមានសេរីភាពក្នុងព្រៃធម្មជាតិវិញ។ នេះបើតាមបើតាមព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន។
ព្រះតេជគុណ ថូ ធូរស់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែសីហាថា តាមរយៈការសាកសួរប្រជាពលរដ្ឋដែលបានមកចាប់សត្វកំភេមនៅទីនោះប្រាប់ថា ពួកគាត់ចាប់យកទៅលក់នៅប្រទេសថៃ ដែលមានឈ្មួញឱ្យថ្លៃសត្វកំភេមក្នុង១គីឡូក្រាមស្មើនឹងប្រាក់២ម៉ឺនរៀល។
ព្រះតេជគុណបានឱ្យដឹងថាសត្វកំភេម មានឈ្មោះវិទ្យាសាស្ត្រថាSternoceraaequisignataស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពីសត្វកន្លង់ទូទៅ។ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការនិងសម្លៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង។
លោកឡាងហេង មេភូមិឈូកមាស នៃសង្កាត់កូនក្រៀលបានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហាថា ដំបូងឡើយលោកមិនបានដឹងថាមានសកម្មភាពប្រជាពលរដ្ឋសម្រុកទៅរកចាប់សត្វកំភេមទេប៉ុន្តែក្រោយឃើញមានការចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក លោកក៏បានស្រាវជ្រាវពីរឿងនេះទើបដឹងថាពិតជាមានប្រជាពលរដ្ឋទៅរកចាប់សត្វកំភេមពិតប្រាកដមែន។
លោកមេភូមិប្រាប់ថា លោកទើបតែបានដឹងពីករណីនេះប៉ុន្តែមិនទាន់បានទៅសាកសួរប្រជាពលរដ្ឋឱ្យបានដឹងច្បាប់ពីការទិញលក់សត្វកំភេមនៅឡើយ ហេតុនេះលោកនៅមិនទាន់ដឹងច្បាស់ថាសត្វកំភេមនោះមានអ្នកទិញយកទៅធ្វើអ្វីនោះទេ។ លោកបញ្ជាក់ថា៖«រឿងនេះខ្ញុំទើបតែដឹងអ៊ីចឹងភ្លាមៗខ្ញុំមិនទាន់មានព័ត៌មានអីច្បាស់ប្រាកដនៅឡើយទេ។ខ្ញុំសុំធ្វើការស្រាវជ្រាវបន្ថែមសិនព័ត៌មានលម្អិតពិតប្រាកដយ៉ាងណាពីការលក់ដូរនេះ ខ្ញុំជម្រាបជូនពេលក្រោយ»។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៦ ខែសីហានេះ លោក ប៉ាត គីម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កូនក្រៀលបានបដិសេធថាមិនមានករណីប្រជាពលរដ្ឋសម្រុកទៅចាប់សត្វកំភេមដើម្បីលក់នោះទេ។លោកបញ្ជាក់ថាករណីនេះធ្លាប់មាន ប៉ុន្តែបានកើតឡើងតាំងពី៣ឆ្នាំមុនម្លេះ។
ព្រះតេជគុណ ថូធូរស់បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែសីហា លោក ឌីរ៉ាដូ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានចុះដល់មូលដ្ឋានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ននិងបានធ្វើការណែនាំសហគមន៍ឱ្យធ្វើការហាមឃាត់ប្រជាពលរដ្ឋកុំឱ្យចូលចាប់សត្វកំភេមដែលជាជីវចម្រុះ១ប្រភេទដែលកំពុងតែមានចំនួនកាន់តែតិច៕