ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ដែលអាចបោះជំហានទៅមុខបន្តទៀតក្នុងការជំរុញការអភិវឌ្ឍស្តង់ដាម្ហូបអាហារដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកផលិត។
ការអះអាងបែបនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែសីហា ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាដែលមានភាគីពាក់ព័ន្ធពីវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភជិត ៣០០ នាក់ បានជួបពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយក្រោមប្រធានបទ “ស្តង់ដាម្ហូបអាហារជួយសង្គ្រោះជីវិត” ក្នុងការជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ឌិត ទីណា បានអះអាងថា កម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ដែលអាចចាប់ផ្តើមបោះជំហានទៅមុខបន្តទៀតក្នុងការជំរុញការអភិវឌ្ឍស្តង់ដាម្ហូបអាហារ។ លោកបានបន្តថា ការសម្រេចបានស្តង់ដាម្ហូបអាហារ គឺមានន័យថា បានចូលរួមបញ្ឈប់បញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់រួមទាំងកម្ពុជាផងដែរ ព្រោះម្ហូបអាហារដែលគ្មានសុវត្ថិភាព គឺបង្កជាជំងឺ និងវិបត្តិសាធារណៈជាច្រើន។
លោកបានបញ្ជាក់ថា៖ «យើងបានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ (multisector approach) ដើម្បីធ្វើឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាពងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់»។
យ៉ាងណាក្ដី លោក ឌិត ទីណា បានសង្កត់ធ្ងន់ថា កិច្ចការនេះអាចទទួលបានជោគជ័យ គឺត្រូវមានកិច្ចសហការពីអ្នកពាក់ព័ន្ធឱ្យចូលរួមដោយស្មោះស្ម័គ្រ ជាពិសេសអ្នកផលិតដើម្បីបង្កើនការយល់ដឹង និងបញ្ហាអនាម័យ ខណៈបច្ចុប្បន្នការផលិតកែច្នៃផលិតផលម្ហូបអាហារនៅតែមានបញ្ហាចោទអំពីសុវត្ថិភាព និងអនាម័យ បើទោះជាមានភាពប្រសើរបន្តិច បើប្រៀបធៀបនឹងអតីតកាលក៏ដោយ។
លោកបានបញ្ជាក់ថា៖ «យើងមានសន្តិសុខស្បៀងគ្រប់គ្រាន់។ អ៊ីចឹងគឺជាឱកាសល្អណាស់ ដែលយើងប្រារព្ធខួបលើកទី២ (ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក) ដែលជាដំណើរចាប់ផ្តើម។ យើងគួរតែដើរតាមអភិក្រមពហុវិស័យ និងជាក់ស្តែងនិយម ទើបដំណើរការបានជោគជ័យ។ អ្វីដែលយើងត្រូវការចាំបាច់គឺគោលនយោបាយតាមស្ថានការណ៍ជាក់ស្តែងដើម្បីនាំផលិតកម្មទាំងនេះគ្រប់វិស័យទាំងអស់ឱ្យដើរតាមផ្លូវនៃសុវត្ថិភាពម្ហូបអាហារ»។
តាមសេចក្តីប្រកាសរួមស្តីពីទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ២០២៣ បានឱ្យដឹងថា ជំងឺបណ្តាលមកពីម្ហូបអាហារនៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា។ នៅចន្លោះឆ្នាំ ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍គឺបណ្តាលមកពីការពុលអាហារឬរោគរាករូស។
លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ ករណីត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួនពិសេសអំឡុងពេលរៀបចំទុកដាក់អាហារ ការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពី ១ ទៅ ១ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។
លោក អ៊ុំ កុសល ឧបការីតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានថ្លែងថា សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវចម្បងរបស់ភាគីទាំងអស់ដែលធ្វើការក្នុងខ្សែចង្វាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័នគ្រប់គ្រងម្ហូបអាហារ ម្ចាស់អាជីវកម្មរហូតដល់អ្នកប្រើប្រាស់។
លោកថា៖ «ការជួបជុំនេះ គឺជាសញ្ញានៃការទទួលស្គាល់ចំពោះអត្ថប្រយោជន៍ភាពជាដៃគូ និងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់តាមខ្សែចង្វាក់តម្លៃចាប់តាំងពីការផលិតនៅកសិដ្ឋានរហូតដល់អាហារនៅលើតុ»។
លោក យន់ សំណាង ម្ចាស់អាជីវកម្មកែច្នៃម្ហូបអាហារ ១ កន្លែងនៅខេត្តសៀមរាបដែលបានដំណើរការប្រមាណ ២០ ឆ្នាំ បានថ្លែងថា ដោយមើលឃើញពីគុណតម្លៃ និងសារប្រយោជន៍នៃការប្រកួតប្រជែងលើទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់ លោកបានផ្លាស់ប្តូរពីការកែច្នៃតាមបែបប្រពៃណីមកកែច្នៃតាមលក្ខណៈស្តង់ដារហូតមានការទទួលស្គាល់សុវត្ថិភាពម្ហូបអាហារពីអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «កាលមុនយើងមានការប្រកួតប្រជែងខ្លាំងក្នុងការកែច្នៃលក្ខណៈគ្រួសារ ហើយអត់សូវមានគេចាប់អារម្មណ៍ពីផលិតផលយើងទេ។ យើងឃើញប្រជាជនឥឡូវនេះ គាត់យល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារ។ អ៊ីចឹងបានយើងខំផលិតរបស់យើងឱ្យមានសុវត្ថិភាពហើយទីផ្សារយើងឥឡូវខ្ពស់ជាងមុនឆ្ងាយណាស់ »។
លោក យន់ សំណាង បានអះអាងថា បរិបទបច្ចុប្បន្នការផលិតកែច្នៃម្ហូបអាហារ ដែលគ្មានស្តង់ដាអនាម័យ គឺលែងជាទីពេញនិយមរបស់អ្នកប្រើប្រាស់ទៀតហើយ ដែលទាមទារឱ្យអ្នកផលិត ត្រូវគិតគូរធ្វើបច្ចុប្បន្នភាព និងបំពេញតាមលក្ខខណ្ឌស្តង់ដា។ លោកសុខ ណារិន តំណាងអង្គការសហ ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រឹងស្តង់ដាវិស័យម្ហូបអាហារនៅកម្ពុជា។ លោកថា ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព និងស្តង់ដាម្ហូបអាហារស្របពេលដែលប្រទេសនេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នយើងកំពុងជួយចងក្រងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើនតាមរយៈការកសាងសមត្ថភាព ដើម្បីធានាបានស្តង់ដាម្ហូបអាហារកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈ»៕