ភ្នំពេញៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៤ នាថ្ងៃទី ១៦ ខែសីហា ប៉ុន្តែមិនទាន់បានកំណត់តួលេខដើម្បីពិភាក្សាគ្នានៅឡើយទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចពិភាក្សានឹងធ្វើឡើង ៦ ដងទៀត ខណៈដែលការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ មុនបុណ្យភ្ជុំបិណ្ឌ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា ដោយសារតែឆ្នាំនេះ កម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ទើបការពិភាក្សាលើបញ្ហាប្រាក់ឈ្នួលអប្បបរមាមានការយឺតយ៉ាវបន្តិច ប៉ុន្តែគឺមិនអាក់ខាននោះទេ។
លោកបានបញ្ជាក់ថា៖«ការពិភាក្សាថ្ងៃនេះ មានការចូលរួមពីគ្រប់ភាគីទាំង ៣ ដោយភាគីទាំងអស់បានស្តាប់នូវបទបង្ហាញស្តីពីទិន្នន័យទាក់ទងនឹងលក្ខណៈវិនិច្ឆ័យទាំង ៧ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា ២០២៤ ដើម្បីជាធាតុចូលឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅពិនិត្យពិចារណា សម្រាប់ជំហររៀងខ្លួន»។
លោក អ៊ិត សំហេង បានបន្តថា ភាគីនីមួយៗ មិនទាន់បានកំណត់នូវតួលេខ និងជំហរណាមួយពីប្រាក់ឈ្នួលអប្បបរមា ២០២៤ នៅឡើយទេ ប៉ុន្តែភាគីបានកំណត់កាលបរិច្ឆេទនៅថ្ងៃទី ២៨ ខែសីហា ដើម្បីកំណត់តួលេខ។ ទោះជាយ៉ាងណា លោកក៏មិនទាន់បញ្ជាក់ពីប្រាក់ដែលនឹងត្រូវដំឡើងនោះទេ ដោយអះអាងថា ការដំឡើងក្នុងកម្រិតប៉ុន្មាននោះ មិនទាន់ច្បាស់នៅឡើយ ដោយត្រូវពិនិត្យឱ្យគ្រប់ជ្រុងជ្រោយនូវអ្វីដែលផលប្រយោជន៍រួម គឺនិរន្តរភាពការងារ ហើយបើលទ្ធភាពដែលអាចដំឡើងបាន កាន់តែល្អសម្រាប់កម្មករនិយោជិត។
លោក ណាង សុធី អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក បានប្រាប់ឱ្យដឹងដែរថា បើទោះបីជាបច្ចុប្បន្ន មានរោងចក្រជាង ១០ ត្រូវបានបិទ និងមានកម្មករបាត់បង់ការងារជាង ២ ម៉ឺននាក់ក៏ពិតមែន ប៉ុន្តែកិច្ចពិភាក្សាពីការកំណត់ប្រាក់ឈ្នួលអប្បបរមា នៅតែបន្តធ្វើឡើង ដោយភាគីទាំងអស់នឹងពិភាក្សាគ្នាបន្តទៀត ដើម្បីកំណត់ប្រាក់ឈ្នួល ដែលមានការឯកភាពទាំងអស់គ្នា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាភាពចាស់ទុំ ទាំង ៣ ភាគី ដែលឆ្លងកាត់ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាច្រើនឆ្នាំមកហើយនោះ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលថ្មី ប្រហែលជាងាយស្រួល និងមានភាពរីករាយទាំងអស់គ្នា។យើងក៏រង់ចាំមើលដែរថាតើនឹងមានការបន្ថែមប្រាក់ឈ្នួលលើការកំណត់ ដូចសម្តេចធ្លាប់ធ្វើកន្លងមកឬយ៉ាងណា ដោយយើងគាំទ្ររាល់ការសម្រេចរបស់រាជរដ្ឋាភិបាល»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ថ្លែងថា ឆ្នាំនេះ ការបញ្ជាទិញមានការធ្លាក់ចុះច្រើន នៅក្នុងវិស័យកាត់ដេរផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដូច្នេះមិនគួរមានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត គួរតែបន្តរក្សាប្រាក់ឈ្នួលអប្បបរមាដដែល។
លោកបានប្រាប់ថា៖«ខ្ញុំគិតថា ការបញ្ជាទិញយើងមានការធ្លាក់ចុះឆ្នាំនេះ ដូចនេះគួរកុំទាន់មានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតអី ព្រោះខ្លាចប៉ះពាល់ការវិនិយោគថ្មីៗ ដោយសារតែប្រាក់ឈ្នួលរបស់យើងបច្ចុប្បន្ន គឺខ្ពស់ស្រាប់ហើយ បើធៀបនឹងវៀតណាម និងបង់ក្លាដែសជាដើម។ តែយើងគាំទ្រឱ្យមានការដំឡើងវិញ នៅពេលស្ថានភាពសេដ្ឋកិច្ចបានល្អប្រសើរ និងការបញ្ជាទិញវិលមកសភាពធម្មតាវិញ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានថ្លែងឱ្យដឹងដែរថា នៅឆ្នាំនេះ ភាគីទាំងអស់ មិនទាន់បានកំណត់តួលេខច្បាស់លាស់នៅឡើយ ដោយបន្ទាប់ពីទទួលរបាយការណ៍ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាហើយ ភាគីនីមួយៗនឹងយកទៅពិភាក្សាគ្នារៀងខ្លួនៗសិន។
លោកថា៖«នឹងមានកិច្ចប្រជុំចំនួន ៦ ដងទៀត។ខ្ញុំគិតថាយើងនៅតែមានឱកាសឡើងប្រាក់ឈ្នួលបន្ថែមទៀត ដោយសារតែប្រទេសយើងមានសក្តានុពលក្នុងការនាំចេញក្នុងវិស័យកាត់ដេរនេះ ខណៈដែលការចំណាយលើសេវានានាដូចជា ប.ស.ស នៅទាបនៅឡើយ ហើយប្រាក់ឈ្នួលមិនទាន់ជាខ្ពស់ជាងគេក្នុងតំបន់ បើទោះបីជាការនាំចេញ ២ ខែចុងក្រោយមានការធ្លាក់ចុះ តែមិនមានសញ្ញាណអាក្រក់នោះទេ»។
លោក អាត់ ធន់ ថ្លែងដោយទទួលស្គាល់ថា ស្ថានភាពវិស័យកាត់ដេរក្នុងឆ្នាំនេះ ពិតជាមិនសូវល្អមែន ដោយសារតែក្នុងរយៈពេល ៨ ខែឆ្នាំនេះ មានរោងចក្របិទ និងផ្អាកបណ្តោះអាសន្នច្រើនបើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាថា រោងចក្រកើតថ្មីៗ នឹងមានបង្កើតច្រើនដែរ តែវានៅក្នុងការលំបាក។ «រឿងមួយដែលពិបាកជាងគេ គឺនិយោជក តែងតែមិនចង់ឱ្យមានការបង្កើនប្រាក់ឈ្នួល ដោយសារតែមិនសូវមានការងារធ្វើតែយ៉ាងណាមិញ ខាងសហជីពនៅតែជឿជាក់ នៅឆ្នាំ ២០២៤ នឹងមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របមួយ សម្រាប់កម្មករនិយោជិតយើង»។លោក អាត់ ធន់ បញ្ជាក់បន្ថែម។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិនឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត គឺធ្វើនៅថ្ងៃទី ២៨ ខែសីហា និងក្នុងខែកញ្ញា ថ្ងៃទី ៤ ថ្ងៃទី ១១ ថ្ងៃទី ១៨ ថ្ងៃទី ២៥ និងចុងក្រោយគឺនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣៕