ភ្នំពេញៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែជាអាទិភាពទ្វេភាគីកម្ពុជា-ឥណ្ឌា ហើយការផ្លាស់ប្តូរធុរកិច្ចក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេចដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។
លោកស្រីបានអះអាងបែបនេះ នាឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធខួបលើកទី៧៧ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ដោយមានការចូលរួមពីពលរដ្ឋឥណ្ឌានៅកម្ពុជា យ៉ាងច្រើនកុះករ រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូប ខណៈឆ្នាំ២០២៣នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងរវាងប្រទេសទាំង២។
ការប្រារព្ធពិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងបរិវេណស្ថានទូតឥណ្ឌានៅកម្ពុជា សម្រាប់វេលាព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចនៅសណ្ឋាគារ ១ កន្លែង នៅរាជធានីភ្នំពេញ សម្រាប់វេលាល្ងាច។
កម្មវិធីនេះក៏មានការចូលរួមពីឥស្សរជនខ្មែរជាច្រើនរូបរួមមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកលី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី ១ អាជ្ញាធរមីន លោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឥស្សរជនខ្មែរជាច្រើនរូបទៀត ព្រមទាំងវត្តមានឯកអគ្គរាជទូត អង្គទូតនៃបណ្តាស្ថានទូតនានាផងដែរ។ ក្នុងនោះក៏មានពលរដ្ឋឥណ្ឌាជាង ២៥០នាក់ ផងដែរ។ នេះបើតាមសេចក្តីប្រកាសពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
តាមរយៈសេចក្តីប្រកាសនេះ លោកស្រី ទេវ្យានី ខូប្រាហ្កាដេ បានលើកឡើងពីសមិទ្ធផលនានាដែលកើតចេញពីទំនាក់ទំនងកម្រិតខ្ពស់រវាងកម្ពុជា និងឥណ្ឌា ខណៈពេលនេះបានឈានចូលខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី។
លោកស្រីបានបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំង២ ទាំងផ្នែកនយោបាយ ការពារជាតិ និងសភា បានផ្តល់កម្លាំងរុញច្រានជាថ្មីដល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ ។តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រកម្ពុជានិងឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា»។
លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ទៅវិញទៅមកនេះបានបើកទស្សនវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងផ្នែកដែលមានស្រាប់លើការកសាងសមត្ថភាព ការអភិរក្សបេតិកភណ្ឌ និងការគាំទ្រការអភិវឌ្ឍ។
លោកថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លើកឡើងថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជាទំនាក់ទំនងបែបប្រពៃណីនិងយុទ្ធសស្ត្រ ខណៈប្រទេសទាំង២ បានប្រកាសគាំទ្រនយោបាយនិងការទូតទៅវិញទៅមកក្នុងក្របខ័ណ្ឌមិនចូលបក្សសម្ព័ន្ធតាំងពីសម័យសង្គ្រាមត្រជាក់។
លោកបានបន្តថា៖«ឥណ្ឌាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស វិស័យវប្បធម៌និងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំង២ យកចិត្តទុកដាក់ជាខ្លាំង។ស្របតាមបរិបទនៃការប្រែប្រួលលភូមិសាស្ត្រនយោបាយនិងសន្តិសុខតំបន់ កម្ពុជាបានចាត់ទុកឥណ្ឌាជាតួអង្គមួយសំខាន់ក្នុងកិច្ចការថែររក្សាសណ្តាប់ធ្នាប់និងស្ថិរភាពតំបន់ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចតំបន់ផងដែរ»។
លោកបានបន្ថែមថា ឥណ្ឌា បានចាត់ទុកកម្ពុជាជារដ្ឋយុទ្ធសាស្ត្រសំខាន់នៅក្នុងតំបន់សម្រាប់ខ្លួន ដើម្បីកសាងស្ពានសន្តិភាព វប្បធម៌ និងការដោះដូររវាងប្រជាជនអាស៊ាន និងឥណ្ឌា។ លោកថា កម្ពុជាវិញតែងសង្ឃឹមថា ឥណ្ឌានឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិស័យអប់រំនិងបច្ចេកវិទ្យា កសិកម្ម និងទេសចរណ៍បន្ថែមទៀតក្រោមក្របខ័ណ្ឌមេគង្គ-ហ្គាំងហ្គា (Mekong Ganga Cooperation)។
ជាមួយគ្នានេះ លោក ShiladityaBasu អ្នកស្រាវជ្រាវឯករាជ្យនៃដេប៉ាដឺម៉ង់សិក្សាអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ានៃសាកលវិទ្យាល័យ Calcutta ប្រទេសណ្ឌា បានលើកឡើងដែរថា កម្ពុជានិងឥណ្ឌា មានទំនាក់ទំនងជាយូរលង់ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយប្រទេសទាំង២មានគ្រឹះវប្បធម៌ស្រដៀងគ្នាច្រើន ជាពិសេសសព្វថ្ងៃព្រះពុទ្ធសាសនាបានដើរតួនាទីចងភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំង២ ក៏ដូចជាប្រាសាទបុរាណដែលឧទ្ទិសដល់អាទិទេពក្នុងសាសនាហិណ្ឌូជាដើម។
បើតាមលោក Shiladitya Basu សព្វថ្ងៃប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការនឹងគ្នាក្រោមក្របខ័ណ្ឌមេគង្គ-ហ្គាំងហ្គា ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីមិនសូវមានទំហំច្រើនទេ ដោយភាគច្រើនតាមរយៈវិស័យវាយនភណ្ឌប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖«ទិដ្ឋភាពមួយ ដែលអាចជាអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង២ គឺការទូតវប្បធម៌ ជាពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ វិស័យទេសចរណ៍អាចជារឿងតែ១ គត់ ដែលអាចចងប្រទេសទាំង២ក្នុងការតភ្ជាប់គ្នា និងរក្សាទំនាក់ទំនងការបរទេសឱ្យល្អប្រសើរ»៕