ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា ការតាក់តែងគោលនយោបាយជាតិស្តីពីសុវត្ថិភាពម្ហូបអាហារ បានឈានដល់ដំណាក់កាលចុងក្រោយ ដែលគ្រោងនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ ខណៈនិន្នាការជុំវិញសុវត្ថិភាពម្ហូបអាហារ កំពុងត្រូវបានយកចិត្តទុកដាក់។
លោក អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ និងគ្រឿងសំអាងក្រសួងសុខាភិបាល បានឱ្យដឹងថា ការតាក់តែងគោលនយោបាយជាតិស្តីសុវត្ថិភាពម្ហូបអាហារ បានឈានដល់ដំណាក់កាលបញ្ចប់ហើយ បន្ទាប់ពីបានតាក់តែងជាលើកដំបូងតាំងពីឆ្នាំ២០១៨។
លោក បានបញ្ជាក់ថា៖«មកដល់ពេលនេះ គោលនយោបាយជាតិនេះ គឺបានឈានដល់ដំណាក់កាលចុងក្រោយហើយ។ នៅពេលនេះ យើងនៅតែរៀបចំសម្អាតពាក្យពេចន៍មួយចំនួន ហើយយើងនឹងស្នើទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ ដើម្បីដាក់ប្រជុំសម្រេចអនុម័តតែម្តង។ ក្រសួងបានព្រាងគោលនយោបាយសុវត្ថិភាពម្ហូបអាហារនេះ និងបានឆ្លងកាត់កិច្ចប្រជុំជាច្រើនដងក្នុងកម្រិតបច្ចេកទេស និងអន្តរក្រសួង»។
ស្ថិតក្នុងបរិបទនេះលោក អាំង ហុកស្រ៊ុន បាននិយាយថា រឿងសុវត្ថិភាពម្ហូបអាហារ គឺជាបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ ហើយកម្ពុជា ត្រូវតែមានគោលនយោបាយជាតិ១ច្បាស់លាស់ ដែលបង្ហាញពីសមាសភាពសំខាន់ៗ ដើម្បីរួមគ្នាដោះស្រាយ និងអនុវត្ត។
ក្នុងគោលនយោបាយជាតិនេះដែរ ក៏មានការចែងបទប្បញ្ញត្តិអំពីអ្នកប្រើប្រាស់ ដែលមានតួនាទីសំខាន់ក្នុងការតាមដាន នៅពេលពួកគាត់មើលឃើញមានចំណុចខុសឆ្គងណាមួយដែលបានកើតឡើងនៅក្នុងសង្គមពាក់ព័ន្ធបញ្ហាម្ហូបអាហារ ខណៈ គោលនយោបាយជាតិថ្មី ក៏មានចែងអំពីការចូលរួមសមត្ថកិច្ចរួមគ្នារបស់ក្រសួងទាំង៦ លម្អិតផងដែរ។
លោក បានបញ្ជាក់ថា៖«យើងផ្តោតទៅលើតួអង្គសំខាន់ៗ ដែលមានកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន និងអ្នកប្រើប្រាស់។ រាជរដ្ឋាភិបាល គឺស្ថាប័នរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តនានា ហើយវិស័យឯកជន គឺឧស្សាហកម្មដែលត្រូវចូលរួមគោរពទៅតាមបទប្បញ្ញត្តិទាំងឡាយនោះ ខណៈអ្នកប្រើប្រាស់ គឺមានតួនាទីសំខាន់ ក្នុងការក្រឡេកមើលថា តើវិស័យឯកជន បានដើរតួនាទីតាមគោលនយោបាយជាតិ និងបទប្បញ្ញត្តិច្បាប់ត្រឹមត្រូវដែរឬទេ?»។
លោក បានបញ្ជាក់ថា៖«ក្រសួងទាំង៦ ត្រូវតែសហការគ្នា ហើយអ្វីៗត្រូវតែមានភ័ស្តុតាងវិទ្យាសាស្ត្រអនុវត្តក្នុងករណីនេះឱ្យបានច្បាស់លាស់។ មួយទៀតគោលនយោបាយនេះ ក៏បានពង្រីកទំនាក់ទំនងក្នុងការប្រាស្រ័យទាក់ទងគ្នា ដែលមានន័យថា រាល់លទ្ធផលដែលយើងធ្វើបានពាក់ព័ន្ធនឹងក្រសួង១ទៅក្រសួង១ ឬពីផ្នែក១ទៅផ្នែក១ គឺត្រូវតែមានការចែករំលែកគ្នា»។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្នុងការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារជាលើកដំបូងកាលពីឆ្នាំ២០១០ ដោយក្នុងនោះមានអន្តរក្រសួងចំនួន៦ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមគ្នាអនុវត្ត និងធានាអំពីសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។
តាមសេចក្តីប្រកាសរួមស្តីពីទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក២០២៣ បានឱ្យដឹងថា ជំងឺបណ្តាលមកពីម្ហូបអាហារនៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា។ នៅចន្លោះឆ្នាំ ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍គឺបណ្តាលមកពីការពុលអាហារឬរោគរាករូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ ករណីត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួនពិសេសអំឡុងពេលរៀបចំទុកដាក់អាហារ ការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពី ១ ទៅ ១ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បាននិយាយថា បញ្ហាសុវត្ថិភាពម្ហូបអាហារ គឺមានភាពប្រទាក់ក្រឡាគ្នាដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។ យ៉ាងណាក្នុងនាមក្រសួងពាណិជ្ជកម្មដែលជាប្រធានគណៈកម្មាធិការកូដិចជាតិ និងជាស្ថាប័នមួយដែលផ្ដល់អាណត្តិដោយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នឹងចូលរួមដឹកនាំសម្របសម្រួលការគ្រប់គ្រង គុណភាព សុវត្ថិភាពផលិតផល ទំនិញ និងសេវា បានឱ្យបានប្រសើរបន្ថែមទៀត។
លោក បានបញ្ជាក់ថា៖«បញ្ហាសុវត្ថិភាពម្ហូបអាហារនៅពេលនេះមានភាពល្អប្រសើរជាងមុន ជាពិសេសពីបណ្តាលពាណិជ្ជករ និងប្រជាពលរដ្ឋ សិស្សានុសិស្សដែរ។ យើងត្រូវផ្តើមចេញពីអាជ្ញាធរដែនដី អ្នកប្រើប្រាស់ ពាណិជ្ជករ សាធារណជន ឱ្យមានការយល់ដឹងពីបញ្ហាសុវត្ថិភាពម្ហូបអាហារ និងការដាំដុះដោយមានអនាម័យ ការផលិតឱ្យមានអនាម័យ ការរក្សាទុកឱ្យមានអនាម័យ និងអ្នកបរិភោគផងដែរ ដែលត្រូវគិតពីអនាម័យ»។
ដូចនេះលោក ផាន អូន យល់ថា ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គឺទាមទារការបង្កើតឱ្យមានយន្តការសហការប្រកបដោយភាពប្រទាក់ក្រឡាគ្នាលើការផ្តល់ព័ត៌មានទៅវិញទៅមកអំពីហានិភ័យនៅក្នុងខ្សែចង្វាក់ម្ហូបអាហាររវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ លោក ជឿជាក់ថា គោលនយោបាយជាតិថ្មីនេះនឹងផ្តល់សមត្ថកិច្ចបន្ថែមក្នុងការចូលរួមចំណែកឱ្យបានសកម្មថែមទៀតនៅក្នុងសកម្មភាពអភិវឌ្ឍន៍ស្តង់ដាម្ហូបអាហារនៅកម្ពុជា៕