ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់ សំរាមសំណល់រឹង តម្លៃជាង ១ លានដុល្លារ ជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គ្រប់គ្រង និងចាត់ចែងបន្ត ខណៈក្រសួងដែលធ្វើការលើបរិស្ថាន ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិធីផ្សព្វផ្សាយ និងដាំកូនឈើនៅក្នុងបរិវេណទីលានចាក់សំរាមនៅឯខេត្តកណ្តាលផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក សៅ សុភាព នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលទីលាននេះ ចំណាយថវិកាសាងសង់ប្រមាណជាង ១ លានដុល្លារ នៅលើផ្ទៃដីជាង ៤ ហិកតា ព្រមទាំងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉ក សម្រាប់ដឹកសំរាមដល់រដ្ឋបាលខេត្តរៀងផងដែរ។
នាពិធីនោះលោក សៅ សុភាព បានគូសបញ្ជាក់ថាជុំវិញបញ្ហាបរិស្ថាននេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ និងបានដាក់ចេញឱ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះលោកក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតចោល ឬបោះចោលសំរាមផ្តេសផ្តាសចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពផង និងបរិស្ថានផង។
លោកបញ្ជាក់ថា៖«ពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ»។
សម្រាប់លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ នឹងរួមចំណែកជួយឱ្យមូលដ្ឋានខេត្តមានសោភណភាព និងបរិស្ថានល្អ ថែមទាំងអាចកាត់បន្ថយការចោលសំរាមពាសវាលពាសកាល ខណៈលោកក៏សំណូមពរដល់ពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។
លោកថា៖«ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ហើយទីលាននេះក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត។ ដូច្នេះ មិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ»។
ពាក់ព័ន្ធកិច្ចការងារនេះកាលពីថ្ងៃទី១៦ ខែសីហា ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំពិធីផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍន៍ទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ»ដើម្បីជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការដាំកូនឈើ និងអ្នកពាក់ព័ន្ធរួមសហការកែលម្អសោភណភាព និងបរិស្ថានទីក្រុងឱ្យបានស្អាត។
ពិធីផ្សព្វផ្សាយ និងដាំកូនឈើ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីតាំង គម្រោងអភិវឌ្ឍន៍ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីទី១៦ ខែសីហា ឆ្នាំ២០២៣ ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា ពាក់ព័ន្ធហេដ្ឋចនាសម្ព័ន្ធនៃគម្រោង រួមមានអគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង និងអគារកំប៉ុសអគារសម្រាប់ញែកសំណល់ ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ ប្រព័ន្ឋប្រមូលឧស្ម័នទីលាន តំបន់ទ្រនាប់ដែលមានការដាំដើមឈើ (គគីរ ឈើទាល អាកាស្យា) និងដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។ ចំណែករណ្តៅចាក់សំណល់វិញ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី ៣-៤ រណ្ដៅ (ជម្រៅពី ៣-៥ ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ដែលបម្រើឱ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
ជាមួយគ្នានេះ ទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។ល៕