ភ្នំពេញៈ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​​​ដោះស្រាយ​បញ្ហា​វិបត្ដិ​​ផ្លូវចិត្ត​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៅ​កម្ពុជា សិក្ខា​សាលា​​ផ្លាស់ប្តូរ​មួយ​​ ក្រោម​ចំណង​ជើង​ថា «វិថីឆ្ពោះទៅរកភាព​ធូរស្រាល​ពីជំងឺផ្លូវចិត្ត» ​​នឹង​ធ្វើ​ឡើង​នៅ Factory Phnom Penh ​​​ថ្ងៃទី២០​ ខែសីហា ​ចាប់​​ពី​ម៉ោង​ ៩​ ព្រឹកដល់ ​៥:៣០ ​ល្ងាច​។​

​សិក្ខាសាលា​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ ឆ្ពោះទៅរក​ការជំរុញ​ការពិភាក្សា​បើកចំហ​អំពី​សុខភាព​ផ្លូវចិត្តនិង​ការ​លើកកម្ពស់​ការយ​ល់​ដឹងនិង​ការយកចិត្តទុ​ក​ដាក់​ចំពោះ​សុខុមាលភាព​ផ្លូវ​អារម្មណ៍​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

​សិក្ខាសាលានេះ នឹង​​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​ការណែនាំ និង​ការចូល​រួម​ពី​សិល្បករនិង​សកម្មជន​កញ្ញា ម៉​ម​-​ឡេ​ហ្គ្រោ​ស អា​ណាដា​ ដែល​បាន​នាំយក​បទពិ​សោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្លួន​មក​បង្ហាញ​ផង​ដែរ​។ ​

​កញ្ញា អាដាណា ជា​សិល្បករនិង​ជា​សកម្មជន​ខ្មែរ ដែល​ធ្វើ​សកម្មភាព​​​សប្បុរសធម៌​​ផ្នែក​សិល្បៈ បាន​និយាយ​ថា៖​ «​សិក្ខាសាលានិង​សន្និសីទ​បែបនេះ​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់​បុគ្គល​ម្នាក់ៗ ​ស្តីពី​សុខ​ភាព​​ផ្លូវចិត្ត និង​លទ្ធភាព​ក្នុង​ការ​ថែទាំ​និង​ព្យាបាល​»​។​

​កញ្ញា​បន្ដ​​ថា៖​ «​កម្មវិធី​នេះ ​​ផ្តល់​សិទ្ធិអំណាច​ដល់​សាធារណ​ជន​ទូទៅ​ ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ចិត្ត​សាស្ត្រ​​នៅ​ពេល​ចាំបាច់និង​សុំ​ជំនួយ​នៅពេល​ដែល​អារម្មណ៍​មិនល្អ»។​

​ប្រវត្តិសាស្ត្រ​ដ៏​​ចលាចល​របស់​​កម្ពុជា ​ដែល​អូសបន្លាយ​ជិត​​កន្លះ​សតវត្សរ៍​ចុងក្រោយ​នេះ បាន​បន្សល់​ទុក​​នូវ​ផល​ប៉ះពាល់​ផ្លូវចិត្ត​យ៉ាង​ជ្រៅ​មកលើ​ប្រជា​ជន​​។​

​ក្នុងករណី​ជាច្រើន​បទដ្ឋាន​វប្បធម៌និង​សង្គម​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​មាន​ការស្ទាក់ស្ទើ​រ​ក្នុងការ​ពិភាក្សា​​អំពី​សុខុមាល​ភាព​ផ្លូវ​អារម្មណ៍​និង​មិន​ហ៊ាន​បញ្ចេញ​មក​ក្រៅ​។ ​

កញ្ញា​ អាដាណា​ បាន​និយាយ​ថា៖«ខ្ញុំ​ផ្ទាល់​បាន​ប្រឈមមុខ​​បញ្ហា​ផ្លូវចិត្ត​ដោយសារតែ​ជំងឺមហារីក​របស់ខ្ញុំហើយ​ខ្ញុំ​យល់​ពី​សារៈសំខាន់​នៃ​ការ​ទទួលបាន​អ្នកជំនាញ​ដែល​អាចជួយ​ឱ្យ​យល់​ពី​ខ្លួនឯង​និង​ដោះស្រាយ​ភាព​តានតឹងឬ​ជំងឺ​ផ្សេងៗ»។ ​

​ដោយ​ជម្នះ​ជំងឺមហារីក​នៅ​អាយុ ២១ ឆ្នាំ កញ្ញា​​បានចាប់​ផ្តើម​ដំណើរ​សិល្បៈ​ ជាមួយ​នឹង​ការតាំង​ពិ​ព័រណ៍​​ក្នុង​​ឆ្នាំ២០១៨​ ។នៅ​ឆ្នាំ២០២១ កញ្ញា​បាន​សហការ​​រៀបចំ​​ការតាំង​ពិព័រណ៍​ ដែល​រៃអង្គាសប្រាក់​បាន ៦​ ម៉ឺន ដុល្លារ​​​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​។​

កញ្ញា​ អាដាណា​ បានរៀបចំ​កម្មវិធី «​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​ខ្ញុំ​ជា​អ្នកណា​» ស្របតាម​យុទ្ធនាការ​សិទ្ធិ​ស្ត្រី​ដែល​គាំទ្រ​ដោយ EU និង DanchurchAid។​

​រួម​ជាមួយ​លោក ​តាំង ​គឹម​សួរ និង​លោក ប៉ែន​ ចំរ៉ុង ​នៅ​ឆ្នាំ​នេះ ​ពួកគេ​បាន​ចាប់​ដៃគូ​ជាមួយ​ មជ្ឈ​មណ្ឌល​ថែទាំ​ និងស្រាវ​ជ្រាវ​ការប៉ះ​ទង្គិច​ផ្លូវ​ចិត្ត (CTRO) ដើម្បី​ផ្សព្វ​ផ្សាយ​និង​លើក​កម្ពស់​សុខុមាល​ភាព​ផ្លូវ​ចិត្ដ​​ដល់​សាធារ​ណជន​នូវ​ចំណេះដឹង​ពេញ​ ១ ​ថ្ងៃ​​។​

​កញ្ញាអាដាណាក្នុងតួនាទី​​ជា​ប្រធាន​​ចលនា​ Generation C ​បាន​តាំង​ជំរុញ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ដ​ហ៊ាន​ចេញ​មុខ​ស្វែងរក​ជំនួយ​ក្នុង​គ្រា​ដ៏​ចាំ​បាច់​។ ​​

​ដោយបានទទួល​​ការសិក្សា​ផ្នែក​ចិត្តសាស្ត្រ​រយៈពេល ៣ ឆ្នាំ​ វិចិត្រករ​គំនូរ​សហសម័យ​រូប​នេះ​ បាន​និយាយថា​៖ ​«​ខ្ញុំ​ចង់​ចែករំលែក​ដំណើរការ​ផ្លូវចិត្ត​របស់ខ្ញុំ​ជាមួយ​ប្រជាជ​ន​កម្ពុជា​​។សុខភាព​ផ្លូវចិត្ត​គួរ​តែមាន​សារៈសំខាន់​ដូច​ផ្នែក​នយោបាយ និង​ទិដ្ឋភាព​សង្គម​ដទៃទៀត​។

ការចែករំលែក​បទពិសោធ​ន៍​របស់ខ្ញុំ​គឺ​អំពី​ការ​បំបែក «ភាពអាម៉ាស់» និង​សម្ពាធ​សង្គម​ដែល​ទាក់ទង​នឹង​ការស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​។មិនមាន​អ្វី​ខុស​ទេក្នុងការ​ស្វែងរក​ជំនួយវា​ត្រូវការ​ភាព​ក្លាហាន​និង​ឆន្ទៈ​ក្នុងការ​ស្វែ​ងរក​ដំណោះ​​ស្រាយ​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ឯង​»​។​

​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់កញ្ញា អាដាណា​ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពីបទ​ពិសោធន៍​របស់​ប្រជាជន​កម្ពុជា​រាប់​មិនអស់ ដែល រង​របួស​ស្នាម​​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​ប្រទេសជាតិ​។ ព្រឹត្តិការណ៍​ដូចជា​ការ​ប្រល័យ​ពូជសាសន៍សង្គ្រាម ទុរ្ភិក្សការធ្វើ​ទារុណកម្ម​ផ្លូវចិត្តនិង​ការផ្លាស់​លំនៅ​ដោយ​បង្ខំបាន​បន្សល់ទុក​នូវ​ស្លាក​ស្នាម​​ ដែល​មិនអាច​លុប​បានមិន​ត្រឹមតែ​លើ​ស្ថានភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅលើ​អាកប្ប​កិរិយា និង​បទដ្ឋាន​សង្គម​ផង​ដែរ​​។​

​​ឥទ្ធិពល​នៃ​របួស​ផ្លូវចិត្ត​ទាំងនេះ​បាន​បង្ក​ជា​បញ្ញា​មួយ​ចំនួន​ ​ដូចជាជំងឺ​បាក់​ស្បាត​ ជំងឺ​ថប់​បារម្ភជំងឺ​ធ្លាក់​​ទឹកចិត្ត, និង​ការប្រើប្រាស់​សារធាតុ​ញៀន​។ វប្បធម៌​ស្ងប់ស្ងាត់លទ្ធភាព​ទទួល​បានកា​រ​អប់រំ​ នៅ​មាន​កម្រិតនិង​កង្វះ​ការចិញ្ចឹម​បីបាច់​ថែរក្សា​ត្រឹមត្រូវបាន​បន្ថែម​​សម្ពាធ​កាន់តែ​ខ្លាំង​ដល់​អ្នក​ជួប​វិបត្ដិ​ផ្លូវ​ចិត្ដ​។ ​​

កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖​ «​ដោយ​សារ​វា​ជា​ប្រធាន​បទ​​​រសើប​ចំពោះ​បញ្ហា​ការប៉ះទង្គិច​ផ្លូវចិត្ត​ សិក្ខា​សាលា​ត្រូវ​បាន​​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការសន្ទនា ​និង​ការពិគ្រោះ​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​​។​ ​តាមរយៈ​សកម្មភាព​ដែល​សម្របសម្រួល​ដោយអង្គការ​ CTRO អ្នកចូលរួម​នឹង​ស្វែង​យល់​​ពី​វិធី​ព្យាបាលរួមទាំង​ការព្យាបាល​ដោយ​សិល្បៈ ​​ការបញ្ចេញមតិនិង​ការ​បង្ហាញ​​អារម្មណ៍​​»។​

លោក អ៊ាន និល ស្ថាបនិក និង​នាយកប្រតិបត្ដិ​​អង្គការ CTRO ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២១ ​ផ្ដោត​លើ​ការ​ថែទាំនិង​ព្យាបាល​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ដ​ ជាមួយ​អ្នក​ជំនាញ​ ហើយ​ក៏​ផ្ដោត​ជា​សំខាន់​លើ​ការ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ពី​សារៈសំខាន់​នៃ​សុខភាព​ផ្លូវ​ចិត្ដ និង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ដ​ បាន​សហការ​រៀបចំ​សិក្ខា​សាលា​នេះ​ផង​ដែរ។

លោក​បាន​ឱ្យ​ដឹង​ថា​ អ្នក​ចូលរួម​នឹង​ដឹង​អំពី​​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដដែល​ផ្ដោត​សំខាន់​លើ​រោគ​សញ្ញា​សម្គាល់​​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ដ​ខ្លះៗក៏ដូចជារបៀប​ថែទាំនិង​ព្យាបាល​សម្រាប់​ជា​ជំនួយ​ដល់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ដ​។

លោក និល បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​៖ «យើង​ផ្ដល់​ដំណោះស្រាយ​ជួយ​ស្រោចស្រង់​បញ្ហា​ផ្លូវ​ចិត្ដ​កម្រិត​បឋម​​ ដែល​យើង​នឹង​ធ្វើ​ជា​លក្ខណៈ​ក្រុម​នៅ​ពេល​រសៀល​​។យើង​ផ្ដល់​វិធីសាស្ដ្រ​មួយចំនួន​ថាតើ​បញ្ហា​ផ្លូវ​ចិត្ដ​គួរ​ថែទាំនិង​ព្យាបាល​តាម​របៀប​ណា​ខ្លះ​?

មិន​ខុស​ពី​បញ្ហា​ផ្លូវចិត្ដ​របស់​ប្រជាជន​ក្នុង​តំបន់ប្រជាជន​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ដ​មួយចំនួន​ ដែល​បាន​កើន​ឡើង​អំឡុង​ និង​ក្រោយ​វិបត្ដិ​កូវីដ១៩។

លោក​បាន​បញ្ជាក់​ថាកត្ដា​នាំ​ឱ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ដ​ខ្លាំង​ជាង​គេគឺ​ការ​ធ្លាក់​ទឹក​ចិត្ដឬ​ជំងឺ​ធ្លាក់​ទឹក​ចិត្ដជំងឺ​ថប់​បារម្ភ ដែល​តែងតែ​កើត​ឡើង​ចំពោះ​ប្រជាជន​ទូទៅ​។

ដោយ​ផ្អែក​តាម​របាយ​ការណ៍​ WHO ទាក់ទង​ជំងឺ​​ធ្លាក់​ទឹក​ចិត្ដជំងឺ​ថប់​បារម្ភប្រទេស​កម្ពុជា​ មាន​អត្រា​ប្រមាណ​ជាង៦ភាគរយ​។នៅមាន​កត្ដា​រួម​ផ្សំ​ផ្សេងៗ​ទៀត ដូចជាកត្ដា​ចិត្ដ​សាស្ដ្រមជ្ឈមណ្ឌល​ជុំវិញ​ខ្លួនកត្ដា​សម្ពាធ​ការងារគ្រួសារឬ​សុខភាព​ផ្លូវ​កាយ​ផ្ទាល់​ខ្លួន។ កត្ដា​ចម្បង​មួយ​ទៀតទាក់ទង​កង្វះ​នៃការ​គាំទ្រផ្លូវចិត្ដ​ពី​អ្នក​នៅជុំវិញ​ខ្លួនជាពិសេសមនុស្ស​ជិត​ស្និទ្ធ។

លោក និល បាន​បន្ដថា៖ «ប្រសិនបើ​មាន​អ្នកជួយ​គាំទ្រ​ផ្លូវចិត្ដ​ច្រើន​ពី​សាច់​ញាតិបង​ប្អូនក្រុម​គ្រួសារការ​ប្រឈមនឹង​ការ​វិវត្ដ​ទៅ​ជាជំងឺ​ផ្លូវ​ចិត្ដ​ទាប​ជាង​អ្នក​មិន​មាន​ការ​គាំទ្រ​»។

លោក​លើក​ទឹកចិត្ដ​ឱ្យ​មហាជន​បើក​ចំហ​ជជែក​អំពី​បញ្ហា​ផ្លូវ​ចិត្ដនិង​រួម​គ្នា​ដោះស្រាយ​ ដោយ​បង្ហាញ​ភាព​ក្លាហាន​ទៅ​ស្វែង​រក​សេវា​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ដ​ឱ្យ​ទាន់​ពេល​វេលា​។

លោក​បាន​ឱ្យ​ដឹងថា​៖ «តាម​រយៈ​សិក្ខា​សាលា​មួ​យថ្ងៃនេះយើង​រំពឹង​ថាអ្នក​ចូលរួម​អាច​ស្វែង​យល់​ពី​​អត្ថន័យ​សុខភាព​ផ្លូវ​ចិត្ដសម្គាល់​ពី​រោគ​សញ្ញា​វិបត្ដិ​ផ្លូវ​ចិត្ដហើយ​ពួកគេ​នឹង​ដឹង​ថាតើ​សុខភាព​ផ្លូវចិត្ដ​កម្រិត​ណា​ស្ថិត​ក្នុង​សភាព​ធម្មតានិង​កម្រិត​ណា​ត្រូវការ​ជំនួយ​ពី​អ្នក​ជំនាញ​»។

​សិក្ខា​សាលា​នេះ​ក៏​មាន​កិត្ដិយស​ដោយមាន​​ការ​និមន្ដ​ចូល​រួម​ពី​សំណាក់​លោក​ម្ចាស់​ព្រះ​ភិក្ខុវ​ជិប្បញ្ញោគូសុភាពផង​ដែរ។

សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម​សិក្ខាសាលា​នៅ​ថ្ងៃទី២០ សីហានេះអាច​ចូល​ទៅកាន់​តំណភ្ជាប់​នេះ https://forms.gle/Z4giHhJ4bVXqrLGL7៕