ភ្នំពេញ​: ក្នុង​ពិធី​ដ៏​ធំ​មួយ​ប្រារឰ​ធ្វើ​នៅ​កណ្តាល​ទីក្រុង​បា​ងកក ​អ្នក​សរសេរ​អក្សរ​សាស្ត្រ​ខ្មែរ​ ៣​ រូប ​គឺ​លោក​ វ៉ែន​ សុន​ លោក​ស៊ូ​ ចំរើន​ និង​អ្នក​ស្រី ប៉ិច ​សង្វារវ៉ាន​ បាន​ទទួល​ពាន​រង្វាន់​ក​វី​និពន្ធ​អាស៊ី​អាគ្នេយ៍ ​ក្នុង​ការ​បង្ហាញ​ស្នា​ដៃ​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​ចាប់​ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ​២០២១​។​

​ពិធី​លើក​ទី៤១ នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាង​កក ​កាលពី​​ថ្ងៃទី​១០ ​សីហា​ ក្រោម​អធិបតី ​សម្ដេច​ព្រះ​នាង​ចៅ​ហ្វា​ សិរី​វណ្ណ​ វរនារី​រតន​រាជ​កញ្ញា​ ព្រះរាជ​តំណាង​ព្រះមហា​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​ថៃ ​នៅ​វាំង​តុសិត​។​

​ការ​ប្រគល់​ពាន​រង្វាន់​ជំនួប​ផ្ទាល់​លើក​ដំបូង​ចាប់​តាំងពី​ឆ្នាំ​២០១៩​ ជា​ព្រឹ​ត្ដិ​ការណ៍​ដ៏​មាន​កិត្យានុ​ភាព​បំផុត​ដែល​ផ្តល់​ដល់​អ្នក​និពន្ធ​មកពី​បណ្តា​ប្រ​ទេស​អា​ស៊ាន​។​

ពាន​រង្វាន់ S.E.A. Write បង្កើត​ឡើង​ក្នុងឆ្នាំ ១៩៧៩ ដោយ​គំនិត​ផ្តួច​ផ្តើម​របស់​លោក Kurt Wachtveitl ​ជា​សហគ្រិន​ជន​ជាតិ​អាល្លឺម៉ង់ និង​អ្នក​គ្រប់​គ្រង​សណ្ឋាគារ Mandarin Oriental ដែលចង់​គាំទ្រ​អ្នក​និពន្ធ​ជំនាន់​ថ្មី​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ស្នាដៃ​ឆ្នើម ព្រោះ​សណ្ឋាគារ Oriental មាន​ប្រវត្តិ​យូរ​អង្វែង​ក្នុង​ការ​ទាក់​ទង​ជាមួយ​អ្នក​និពន្ធ​ល្បីៗ​លើ​ពិភព​លោក។

​ប្រធាន​សមា​គម​អ្នក​និពន្ធ​ខ្មែរ ( KWA) លោក ​ព្រឿង ​ប្រណីត ​បាន​កោត​សរសើរ​ចំពោះ​ការ​ទទួល​ស្គាល់​នេះ​ដោយ​បញ្ជាក់​ថា​ការ​ជ្រើស​រើស​អ្នក​និពន្ធ​តាម​រដូវ​កាល​ទាំងនេះ​ បញ្ជាក់​ពី​គុណ​ភាព​ពិសេស​នៃ​ស្នា​ដៃ​រៀងៗ​ខ្លួន​។​

​លោក ​ប្រណីត ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​ជាមួយ​ការផ្ដល់​បាន​រង្វាន់​ពាន​ស្នាដៃ​កំណាព្យ​រឿង​ខ្លី​ និង​ប្រលោម​លោក​ ដល់​កវី​និពន្ធ​វ័យ​ចំណាស់ទាំងនោះ ​​គឺជា​ស្នាដៃ​ល្អ​ជាងគេ ​ដែល​ស័ក្ដិ​សម​ទទួល​បាន​ពាន​រង្វាន់​ល្អ​ប្រចាំ​តំបន់​។

​ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ជា​ម្ចាស់​ផ្ទះ​ដែល​ថៃ ​ជា​អ្នក​រៀបចំ​ជា​អចិន្ដ្រៃយ៍​ ត្រូវ​បាន​ជ្រើស​រើស​ សម្រាប់​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​ ដោយ​មាន​វត្ត​មាន​របស់​រាជ​វង្ស​ថៃ ​ដែល​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ព្រឹត្តិ​ការណ៍​នេះ​។​

​អ្នក​និពន្ធ និង​កវី​និពន្ធ​ខ្មែរ​ដែល​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​កវី​និពន្ធ​អាស៊ី​អាគ្នេយ៍​S.E.A Write Award ​នេះ​ដែល​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ត្រឹម​ឆ្នាំ​២០១៨​។

​យោង​តាម​សមា​គម​អ្នក​និពន្ធ​ខ្មែរ ​ឆ្នាំ​១៩៩៩​ កវីនិពន្ធ​ ពេជ្រ​ ទុំ​ក្រវិល (​ស្លាប់​) ក្នុង​ឆ្នាំ២០០០​ កវីនិ​ពន្ធ​ គ​ង្គ​ ប៊ុន​ឈឿន ​(​ស្លាប់​) នៅ​ឆ្នាំ២០០១ កវី​និពន្ធ​ ម៉ៅ​ អាយុទ្ធ​ (​ស្លាប់​) ឆ្នាំ​២០០២ ​អ្នក​និពន្ធ​ សេង​ សំអាន ​និង​ក្នុង​ឆ្នាំ២០០៣​ អ្នក​និពន្ធ​ គឹម ​ពេជ្រ​ពី​ន​ន់​។​

​ប្រភព​បាន​បន្ដ​ថា ​កវី​និពន្ធ​ ជ័យ ​ចាប ​អ្នក​និពន្ធ ​មៀ​ច ​ប៉ុណ្ណ​ អ្នក​និពន្ធ​ ប៉ាល់ ​វណ្ណា​រី​រក្ស​ អ្នកនិ​ពន្ធ​ អ៊ុំ​ សុ​ផានី (​ស្លាប់​) ​បាន​ទទួល​ជយ​លាភី​ចាប់ពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ​២០០៨​។

​ចាប់ពី​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​២០១៨ ​មាន​ដូចជា ​​ក​វីនិពន្ធ​ ស៊ិន​ ទូច​ កវីនិ​ពន្ធ​ សុខ​ ចាន់​ផល ​អ្នក​និពន្ធ ​វ៉ា​ សំអាត​ អ្នក​និពន្ធ​ ខូ​ តារា​រិ​ទ្ធ​ ក​វីនិ​ពន្ធ​ ព្រឿង​ ប្រណីត ​និង​អ្នក​និពន្ធ​ ឡឹក ​ជំនោរ​។​

​លោក ​វ៉ែន​ សុន​ ស្នាដៃកំណាព្យ «​អនិច្ចា​ជីវិត​» លោក ​ស៊ូ​ ចំរើន ​ស្នាដៃរឿង ​«​ឈើ​លា​ព្រៃ​ត្រី​លា​បឹង​»​ និង​អ្នក​ស្រី ​ប៉ិច​ សង្វារវ៉ាន ​ស្នាដៃប្រលោម​លោក​រឿង «​ជើងមេ​ឃ​ថ្មី​» បាន​ទទួល​ពាន​រង្វាន់​កវី​និពន្ធ​អាស៊ី​អាគ្នេយ៍ ​ត្រូវ​បាន​ចាត់​ទុក​ជា​ក​វី​រៀម​ច្បង​ ដែល​មាន​ទេព​កោ​សល្យ និង​ស្នា​ដៃ​ល្អ​។

​លោក​បាន​ឱ្យដឹង​ថា ​ប្រទេស​សា​មីជា​អ្នក​ជ្រើស​រើស​ ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ ហើយ​ខាង​ភាគី​ថៃ​ ចាំតែ​ឯក​ភាព​ក្នុង​ការ​ផ្ដល់​ពាន​រង្វាន់​។

​ប្រទេស​ថៃ​ ដែល​បានរៀប​ចំ​កម្មវិធី​ពាន​រង្វាន់​កវី​និពន្ធ​អាស៊ី​អាគ្នេយ៍​ (S.E.A Write Award) ផ្ដាច់​មុខ​ មិន​មាន​គណៈ​កម្ម​ការ​វាយ​តម្លៃ​ស្នាដៃ​ទេ​ ដោយ​គ្រាន់តែ​រៀបចំ​ប្រគល់​ពាន​រង្វាន់ ​និង​ចំណាយ​លើ​ការ​ស្នាក់​នៅ ឬ​អាហារ​ផ្សេងៗ​។

​ចំពោះ​ស្នា​ដៃ​ដែល​ជាប់​ជយ​លាភី​នឹង​ត្រូវ​បក​ប្រែ ឬ​សង្ខេប​ពី​ភាសា​ខ្មែរ​ ទៅជា​ភាសា​ថៃ​ និង​អង់គ្លេ​ស​ ដើម្បី​ឱ្យ​អ្នក​រៀប​ចំ​និង​អ្នក​ចូល​រួម​ដទៃ​ទៀត​បាន​អាន ​និង​ស្វែង​យល់​។

​លោក​បាន​បន្ដ​ថា​៖ «​ការ​សម្រេច​របស់​សមា​គម​គឺ​ផ្ដល់​ឱកាស​ជូន​ចាស់ទុំ​ជាមុន ​និង​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ពួក​គាត់​។ កវី​ចាស់​ទុំ​ខ្លះ​មិន​មាន​កម្លាំង​ធ្វើដំ​ណើរ​ទៅ​ទទួល​ពាន​ផង​។ ក​វីនិពន្ធ​នៅ​ប្រទេស​គេ​ខ្លះ ​ក៏ត្រូវ​បាន​សែង ឬ​គ្រាហ៍​ទៅ​ទទួល​ពាន​រង្វាន់​ពី​ព្រះរាជ​បុត្រ តំណាង​ព្រះ​មហា​ក្សត្រ​ថៃ​»​។

លោក Conor Nestor បាន​សម្លឹងមើល​ការ​បញ្ជូន​​បាល់​របស់ សំអឿន ពិដោរ ពេលប្រកួតកន្លងមក។ CNCC

​លោក ​ស៊ូ​ ចំរើន ​បាន​ឱ្យដឹ​ងថា ​រឿង​ខ្លី «​ឈើ​លា​ព្រៃ​ត្រី​លា​បឹង​» របស់លោ​ក ត្រូវបាន​បោះពុម្ព​ជា​ភាសា​ថៃ​និង​អង់​គ្លេស​ដោយ​ក្រសួង​វប្បធម៌​ថៃ​ តាំង​ពី ១៣​ ឆ្នាំមុន ​ហើយ​សមា​គម​អ្នក​ពិ​ន្ធ​ខ្មែរ​បាន​ជ្រើសរើស​យក​ស្នាដៃ​នេះ​ក្នុង​ការ​ដណ្ដើម​យក​ជយ​លា​ភី​ឆ្នាំ​២០២០​។

​លោក​បាន​សង្ខេប​សាច់​រឿង​ថា​ ព្រៃ​ឈើ ​និង​មច្ឆា​ត្រូវបាន​បំផ្លិច​បំផ្លាញ​ក្រោយ​ពេល​ដួល​រំលំ​នៃ​របប​ប៉ុល​ពត​។ លោក​បាន​លើក​ឡើង​ថា ​អំឡុង​ពេល​ទស​វត្សរ៍​ឆ្នាំ​១៩៨០ ​នៅ​តាម​ទន្លេ​បឹង​បួ​ សូម្បី​ទៅ​ដោយ​ត្រី ដែល​ក្រោយៗ សម្បត្ដិ​ធម្ម​ជាតិ​ទាំង​នេះ​ត្រូវ​ឆក់​។

​លោក ​ចំរើន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​យើង​រួច​ពី​អាពត​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​យើង​ចាប់ផ្ដើម​បំផ្លិច​បំផ្លាញ​។ យើង​ផ្ដោត​សំខាន់​លើ​ការ​សោក​ស្ដាយ​ព្រៃឈើ​ត្រីដោយ​មិន​ដាក់​បន្ទុក​លាយ​ឡំ​ជាមួយ​រឿង​នយោ​បាយ​អ្វី​ឡើយ​»​។

​អតីត​ម្ចាស់​ជយ​លាភី​ពាន​រង្វាន់​ទន្លេ​មេគង្គ​លើក​ទី១​ ប្រមាណ ១០ ​ឆ្នាំ បាន​ឱ្យដឹង​ថា ការ​ទទួល​ជយ​លាភី​នេះ ​មិន​មែន​ជា​មោទន​ភាព​ចំពោះ​រូបលោក​ផ្ទាល់​នោះ​ទេ ​ដោយ​សារ​លោក​មាន​អាយុ​ចាស់​ណាស់​ទៅ​ហើយ​។ ប៉ុន្ដែ​លោក​ចង់​ឱ្យ​ស្នា​ដៃ​នេះ​បាន​ជ្រួត​ជ្រាប​ដល់​អ្នក​អាន​អំពី​គោល​គំនិត​។

​អ្នក​ស្រី​ សង្វារវ៉ាន​ បាន​សិក្សា​នៅមហា​វិទ្យា​ល័យ​ច្បាប់​ និង​សេដ្ឋ​កិច្ច​ហើយ​បាន​ចូល​រៀន​មហា​វិទ្យា​ល័យ​អក្សរ​សាស្ត្រ​ និង​មនុស្ស​សាស្ត្រ ​ក្នុង​ឆ្នាំ​១៩៧០​។​

​អ្នក​ស្រី​ ស្រឡាញ់​អក្សរ​សាស្ត្រ​ខ្មែរ​តាំង​ពី​តូច​មក​ម្ល៉េះ ហើយ​អ្នក​ស្រី​តែង​តែ​គិត​និង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នកនិ​ពន្ធ​ស្រី​នៃ​ប្រទេស​កម្ពុជា ​ក៏​ដូចជា​ មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​សមា​ជិក​នៃ​«​សមា​គម​អ្នក​និពន្ធ​ខ្មែរ​»​។​

​នៅ​ឆ្នាំ​១៩៦៨​ អ្នកស្រី​ មិនអា​ច​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នកនិ​ពន្ធ​ទៀត​ទេ​ ក៏បាន​ចាប់​ផ្តើម​សរសេរ​រឿង​ដំបូង​«​តើ​នេះ​ឬ​ចិត្ដ​ប្រុស​?»​បំផុស​គំនិត​ដោយ​ការ​ស្នើ​សុំ​ពី​​ស្ត្រី​ ៣ ​នាក់​ ដែល​មាន​វិបត្តិ​ផ្ទាល់​ខ្លួន​។​

​លោក ​វ៉ែន សុន​ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​ឆ្នើម​ តាំ​ងពី​ឆ្នាំ​១៩៧៩​ ដោយ​ផ្ដើម​ពី​ការ​និពន្ធ​រឿង​ល្ខោន​និយាយ​រឿង​«​ចំណង​ដៃ​ទឹក​ភ្នែក​»​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​»​កំណាព្យ​បណ្តាំ​កវី​ ដែល​ទទួល​ជយលា​ភី​លេខ​១​ ពី​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ក្នុង​មហោ​ស្រព​ប្រឡង​តែង​និពន្ធ​ទូទាំង​ប្រទេស​ឆ្នាំ​១៩៩១​។​

​លោក​បាន​និពន្ធ​រឿង​«​ឋាន​សួគ៌​ក្នុង​សុបិន​»​ជា​ប្រលោម​កំណាព្យ​ទទួល​បាន​ពាន​រង្វាន់ «៧​មករា​»​ពី​សមា​គម​អ្នកនិ​ពន្ធ​ខ្មែរ​ឆ្នាំ​១៩៩៧​និង​និពន្ធ​រឿង​«​ភ្នំ​ព្រះ​នាង​កែវ​»​ជា​កំណាព្យ​បែប​ប្រ​វ​តិ្ត​សាស្ត្រ​ទទួល​បាន​ពាន​រង្វាន់​អក្សរ​សិល្ប៍​ទន្លេ​មេគង្គ​ក្នុង ​ឆ្នាំ​២០១០​៕

និមិត្តសញ្ញា​របស់​ក្រុមហ៊ុន Twitter និង Facebook​។ រូបថត AFP