ភ្នំពេញៈ អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) លោក ហេង សុផាន់​ណារិទ្ធ សង្ឃឹមថា ការដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នូវ ប័ណ្ណ ប.ស.ស សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ នឹង​ទទួល​បាន​ជោគជ័យ ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម​កម្ពុជា​ផងដែរ។​

លោក​ហេង សុផាន់​ណា​រិ​ទ្ធ បាន​ថ្លែងថា កម្ពុជា ជា​ប្រទេស​ដំបូង​គេ​ហើយ ដែលមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ស្វ័យ​និយោជន៍។ ក្នុង​ដំណើរការ​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នូវ ប័ណ្ណ ប.ស.ស សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍​នេះ គិត​ចាប់ពី​ខែមេសា រហូត​ត្រឹម​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បុគ្គល​ស្វ័យ​និយោជន៍​នៅ​ទូទាំង​ប្រទេស ដែល​បាន​ស្នើសុំ​ធ្វើ​ប័ណ្ណ ប.ស.ស តាមរយៈ​របប​ភាគទាន​ស្ម័គ្រចិត្ត​មាន​ចំនួន​ជាង ២៤ ០០០ នាក់។ ក្នុងនោះ​ស្ត្រី​ចំនួន​ជាង ១៤ ០០០ នាក់​។ អាជីវករ មាន​ចំនួន​ច្រើន​ជាងគេ គឺ​ជាង ១៣ ០០០ នាក់ អ្នករត់​កង់បី ចំនួន​ជាង ៣ ពាន់​នាក់ ជាង​សំណង់ ចំនួន​ជាង ១ ៥០០ នាក់ និង​ផ្សេងៗ​ទៀត​។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន​នា​ថ្ងៃទី ១៧ ខែសីហា​នេះ។​

លោក​បាន​ពន្យល់ថា ចំពោះ​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ សំដៅ ដល់​ជន​ដែល​ប្រកប​ការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស​ដែល​ផ្តល់ ដោយ​និយោជក ឬរដ្ឋ​តាម​កិច្ចសន្យា​ការងារ ហើយក៏​មិនមាន​ប្រើប្រាស់​កម្មករ និយោជិត​នៅក្នុង​សកម្មភាព​ការងារ ឬ​មុខរបរ​របស់ខ្លួន។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ គ្រាន់តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​ឃើញថា ចំនួន​ឡើងដល់ ២ ម៉ឺន​ជាង​នាក់​ហើយ ហើយ​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​ចំនួន​ដែល​ចុះបញ្ជី​ប្រហែលជា ៥ ទៅ ៦ រយនាក់ ទូទាំង​ប្រទេស​តែម្តង អ៊ីចឹង​យើង​ឃើញថា គម្រោង​នេះ​អាច​នឹង​ជោគជ័យ»។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន​ដដៃល​នេះ៕