ពោធិ៍សាត់ៈ «ឯកសារបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ត្រូវបានផ្សព្វផ្សាយ និងឆ្លុះបញ្ចាំងតាមរយៈសិក្ខាសាលាផ្សព្វផ្សាយចាប់ពីថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២៣។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងបរិស្ថាន លោកស្រីប្រធានអង្គការរីខូហ្វប្រចាំនៅកម្ពុជា និងមានសមាសភាពចូលរួមពីក្រុមការងារបច្ចេកទេសយេនឌ័រនិងកុមារ ជនបង្គោលយេនឌ័រតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងសរុបប្រមាណ ៣៨ រូប។
បើយោងតាមក្រសួងបរិស្ថាន គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឆ្លុះបញ្ចាំង និងផ្សព្វផ្សាយបន្ថែមពីគោលគំនិតយេនឌ័រ ភាពជាអ្នកដឹកនាំប្រកបដោយបរិយាប័ន្ន និងការប្រើប្រាស់អំណាច កសាង និងអភិវឌ្ឍសមត្ថភាពគ្រូបង្គោល និងអ្នកពាក់ព័ន្ធពីរបៀបនៃការប្រើប្រាស់ឯកសារបណ្តុះបណ្តាល វិធីសាស្ត្រដែលបានប្រើប្រាស់ និងខ្លឹមសារនៃមេរៀននីមួយៗ។
ឯកសារបណ្តុះបណ្តាលនេះត្រូវបានរៀបចំចងក្រងក្រោមកិច្ចសហការរវាងក្រុមការងារបច្ចេកទេសយេនឌ័រកុមារ និងក្រុមការងារអង្គការរីខូហ្វ ដើម្បីប្រើប្រាស់ជាសម្ភារឧបទេសសម្រាប់ការបណ្តុះបណ្តាល។
សិក្ខាសាលាផ្សព្វផ្សាយនេះក៏ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគាំទ្រពីមូលនិធិផាកាដ តាមរយៈការអនុវត្តគម្រោង «ភ្ជាប់បណ្តាញសហគមន៍តំបន់ការពារធម្មជាតិសម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍ និងការអភិរក្សធនធានធម្មជាតិ»៕